Connect with us

ព័ត៌មានជាតិ

តោះ! មកស្គាល់ទំនប់វារីអគ្គិសនីចំនួន ៧ ដែលកំពុងតែផលិតថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់នៅកម្ពុជា

បានផុស

នៅ

ការវិនិយោគសម្រាប់ការផលិតថាមពលអគ្គិសនី គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះការអភិវឌ្ឍ និងជួយដល់សេដ្ឋកិច្ចរបស់កម្ពុជា។ ការផលិតថាមពលអគ្គីសនីនៅកម្ពុជា គឺតាមរយៈទំនប់វារីអគ្គីសនី តាមរយៈពន្លឺព្រះអាទិត្យ ថាមពលធ្យូងថ្ម ជាដើម។ ក្នុងចំណោមនេះ ថាមពលបានពីវារីអគ្គីសនី មានទំហំផ្គត់ផ្គង់ថាមពលអគ្គិសនីច្រើនជាងគេ។ បើគិតត្រឹមឆ្នាំ២០២២នេះ កម្ពុជា មានទំនប់វារីអគ្គិសនីចំនួន ៧កន្លែង កំពុងដំណើរការ។

ទំនប់វារីអគ្គិសនីទាំង ៧កន្លែងនេះ រួមមាន ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. វារីអគ្គិសនីគីរីរម្យ១ គឺជាគម្រោងវារីអគ្គិសនីដំបូងគេដែលបានស្តារឡើងវិញនៅឆ្នាំ២០០២។ គម្រោងនេះ មានអានុភាពផលិតអគ្គិសនី ១២មេហ្កាវ៉ាត់ ហើយមានទីតាំងស្ថិតនៅស្ទឹងច្រាល មានទំនប់ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ និងស្ថានីយវារីអគ្គិសនីស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។  ក្រុមហ៊ុន CETIC International Hydropower Development Co., Ltd. ជាក្រុមហ៊ុនទទួលវិនិយោគលើគម្រោងវារីអគ្គិសនីដំបូងគេរបស់កម្ពុជានេះ ដែលមានទុនវិនិយោគ ២៦លានដុល្លារអាមេរិក។

២. វារីអគ្គិសនីកំចាយ គឺជាវារីអគ្គិសនីទី២ មានអានុភាពផលិតថាមពលអគ្គិសនី ១៩៤.១មេហ្កាវ៉ាត់។ វារីអគ្គិសនីកំចាយនេះ ដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០១១ ដែលមានទីតាំងស្ថិតនៅស្ទឹងកំចាយ ស្រុកទឹកឈូ ខេត្ដកំពត។ ក្រុមហ៊ុនវិនិយោគលើគម្រោងនេះ គឺក្រុមហ៊ុន Sinohydro Kamchay Hydroelectric Project ។

៣. វារីអគ្គិសនីគិរីរម្យ៣  មានអានុភាពផលិតអគ្គិសនី ១៨មេហ្កាវ៉ាត់ និងជាគម្រោងវារីអគ្គិសនីទី៣ ដែល បានដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០១៣។ វារីអគ្គិសនីគិរីរម្យ៣ មានទីតាំងស្ថិតនៅតាមដងស្ទឹងពង្រួល ដែលជាដៃមួយរបស់ព្រែកកំពង់សោម ក្នុងឃុំដងព្រែក ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្រុមហ៊ុនវិនិយោគលើគម្រោងនេះ គឺក្រុមហ៊ុន CETIC International Hydropower Development Co., Ltd. ។

៤. វារីអគ្គិសនីស្ទឹងអាតៃ ជាវារីអគ្គិសនីទី៤ មានអានុភាពផលិតអគ្គិសនី ១២០មេហ្កាវ៉ាត់ ហើយបានដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០១៤។ វារីអគ្គិសនីស្ទឹងអាតៃ មានទីតាំងក្នុងតំបន់ត្រីកោណ ស្ថិតនៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តពោធិ៍សាត់ (ក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់)។ វារីអគ្គិសនីស្ទឹងអាតៃនេះ វិនិយោគដោយក្រុមហ៊ុន C.H.D (Cambodia) Hydropower Development Co., Ltd.។

៥.  វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម ជាវារីអគ្គិសនីទី៥។ គម្រោងនេះ មានអានុភាពផលិតថាមពលអគ្គិសនី ៣៣៨មេហ្កាវ៉ាត់ ហើយដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០១៥។ វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម មានទីតាំងគម្រោងនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។  វារីអគ្គិសនីនេះ វិនិយោគដោយក្រុមហ៊ុន China Huadian Lower Stung Russei Chrum Hydro-Electric Project (Cambodia) Co., Ltd. ។

៦. វារីអគ្គិសនីស្ទឹងតាតៃ ជាវារីអគ្គិសនីទី៦ មានអានុភាពផលិតថាមពលអគ្គិសនី ២៤៦មេហ្កាវ៉ាត់។ វារីអគ្គិសនីស្ទឹងតាតៃ ដាក់ឲ្យដំណើរការក្នុងឆ្នាំ២០១៥ ហើយមានទីតាំងគម្រោងនៅឃុំតាតៃ ស្រុកកោះកុង និងមានទីតាំងទំនប់អាងទឹក ស្ថិតនៅក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។ ក្រុមហ៊ុនវិនិយោគ គឺCambodian Tatay Hydropower Limited ។

៧. វារីអគ្គិសនីសេសានក្រោម២  ជាវារីអគ្គិសនីទី៧ មានអានុភាពផលិតថាមពលអគ្គិសនី ៤០០មេហ្កាវ៉ាត់ និងដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០១៨។ វារីអគ្គិសនីសេសានក្រោម២ មានទីតាំងនៅចំណុចប្រសព្វនៃទន្លេ សេសាន និងទន្លេស្រែពក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ គម្រោងនេះ គឺវិនិយោគរួមគ្នារវាងក្រុមហ៊ុនចំនួនបី រួមមានក្រុមហ៊ុន Hydrolancang International Energy របស់ចិន ,ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង (កម្ពុជា) និងក្រុមហ៊ុន EVNI របស់វៀតណាម។ វារីអគ្គិសនីសេសានក្រោម២ ប្រើទុនវិនិយោគសរុបជិត ៨០០លានដុល្លារ។

ក្រៅពីនេះ កម្ពុជា ក៏មានគម្រោងចំនួន ២បន្ថែមទៀត ក៏កំពុងដំណើរការសាងសង់ គឺ ទី១.គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ អាចនឹងផលិតថាមពលអគ្គិសនី ១៥០មេហ្កាវ៉ាត់។ គម្រោងនេះ ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង ដែលគ្រោងចំណាយថវិកាប្រមាណ ៣៨៩លានដុល្លារ។ ចំណែក គម្រោងទី២ គឺគម្រោងវារីអគ្គសនីស្ទឹងពោធិ៍សាត់១ ដែលស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ មានសមត្ថភាពផលិតថាមពលអគ្គិសនី ៨០មេហ្គាវ៉ាត់។ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុនកូរ៉េខាងត្បូង SPHP (Cambodia) Co.,Ltd ក្នុងទំហំទឹកប្រាក់វិនិយោគជាង ២៣១លានដុល្លារ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម