ព័ត៌មានជាតិ
ក្រុមការងារតម្រង់ទិសដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់អង្គរប្រើវិធានការណ៍ក្ដៅការពារតំបន់បេតិកភណ្ឌ
នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា រួមជាមួយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាអនុប្រធានក្រុមការងារតម្រង់ទិស ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាអនុប្រធានក្រុមការងារតម្រង់ទិស និងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ។

យុទ្ធនាការនេះ ក្នុងគោលដៅការពារតំបន់រមណីយដ្ឋានអង្គរដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកឆ្នាំ១៩៩២ មានទំហំ៤០១គីឡូម៉ែត្រការ៉េ ជាតំបន់ដែលចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវ រក្សាការពារដាច់ខាតមិនអាចកាត់ឆ្កៀលបានឡើយ ។ កម្ពុជាក្នុងនាមរដ្ឋសមាជិកមានភារកិច្ចរក្សាការពារតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណនៃដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកល នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល ។

ក្នុងពេលថ្មីៗនេះ នាដើមឆ្នាំ២០២២ មានអ្នកឆ្លៀតឱកាសសាងសង់សំណង់ខុសច្បាប់រាប់រយករណីបន្ថែមពីលើករណីសំណង់ខុសច្បាប់ជាច្រើនទៀតដែលបានរំលោភបំពាននាពេលកន្លងមក ក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ ហើយសំណង់ខុសច្បាប់អស់ទាំងនេះ ត្រូវធ្វើការរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួនឯង ។ ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តចាត់វិធានការទប់ស្កាត់ការសាងសង់រុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដីធ្លី និងផ្ទះគ្រប់ប្រភេទ និងមិនផ្ដល់លិខិតគតិយុត្តផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាដាច់ខាត ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងជាប្រធាននៃក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់មួយចំនួនទៀត ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី បានថ្លែងយ៉ាងម៉ឺងម៉ាត់ថា ចាប់ពីពេលនេះតទៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នឹងមិនពិនិត្យ ឬក៏ធ្វើការខ្វៀលដី ផ្នែកខ្លះ ដែលស្ថិតនៅក្នុងតំបន់ការពារបេតិកភណ្ឌអង្គរទំហំ៤០១គីឡូម៉ែត្រក្រឡា ដើម្បីផ្ដល់ឲ្យប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធណាមួយឡើយ ។

ឯកឧត្តម ជា សុផារ៉ា បានថ្លែងបញ្ជាក់ទៀតថា ដោយសារតែព្រះរាជក្រិត្យលេខ០០១នស ចុះថ្ងៃទី២៨ ខែឧសភាឆ្នាំ១៩៩៤ បានចាត់ទុករមណីយដ្ឋានអង្គរជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយចំណូលដែលបានពីវិស័យទេសចរណ៍អង្គរ ទទួលបានរាប់រយលានដុល្លារក្នុង១ឆ្នាំៗនោះ ចាប់ពីពេលនេះតទៅ គឺអាជ្ញាធរទាំងអស់ត្រូវបញ្ចប់ការទទួលស្គាល់ ការធ្វើជាសាក្សីនូវរាល់ចរន្តនៃលក់ដូរដីធ្លី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ចំណែកប្រជាពលរដ្ឋដែលកំពុងតែរស់នៅក្នុងតំបន់១និងតំបន់២ នៃរមណីយដ្ឋានអង្គរ ក៏កុំច្រឡំ និង ឈប់ស្រមើស្រមៃថា អាចនឹងទទួលបានសិទ្ធិកាន់កាប់ដីធ្លី តទៅទៀតនៅថ្ងៃណាមួយឲ្យសោះ។ «ចំពោះប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់១និងតំបន់២នៃរមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ជាយូរមកហើយនោះ គឺពួកគាត់មានសិទ្ធិរស់នៅបន្តដោយគ្មានការបណ្ដេញឲ្យចាកចេញឡើយ ក៏ប៉ុន្តែការធ្វើផ្ទះថ្មីជំនួសផ្ទះចាស់ ឬក៏ការជួសជុលផ្ទះត្រូវតែសុំការច្បាប់អនុញ្ញាតពីអាជ្ញាធរជាតិអប្សរា» ។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តម ជាសុផារ៉ា បានហៅសំណង់ខុសច្បាប់ទាំងនោះថា ជាអំពើគួរឲ្យខ្មាស់អៀន ។ ក្នុងនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុំឲ្យអាជ្ញាធរខេត្តសៀមរាប ចេញលិខិតនិរាករ លើលិខិតជូនដំណឹងមួយស្នើឲ្យ អាជ្ញាធរជាតិអប្សរាផ្អាកការចុះរុះរើសំណង់ខុសច្បាប់ផងដែរ ។

យុទ្ធនាការនេះ មានកម្លាំងសរុបចំនួន ៧៧៩ រូប ចែកចេញជា ៣២ ក្រុម ក្នុងនោះ មន្ត្រីជំនាញរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ចំនួន៤៣៩ រូប។ មន្ត្រីរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំនួន ២៣២ រូប និងមន្ត្រីរដ្ឋបាលខេត្តសៀមរាបចំនួន១០៨រូប ដើម្បីចុះវាស់វែង កំណត់និយាមកណ្ដាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោម ការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ ឯកសារស្ថិតិប្រជាពលរដ្ឋស្ថិតក្នុងតំបន់ការពារទី១ និងការពារទី២ នៃរមណីយដ្ឋានអង្គរដែលរៀបចំដោយអាជ្ញាធរជាតិអប្សរានាឆ្នាំ២០០៤-២០០៥ នឹងត្រូវប្រើប្រាស់ជាឯកសារគោល ដើម្បីពិនិត្យការកាន់កាប់ដី និងសំណង់ស្របច្បាប់ ឬមិនស្របច្បាប់ក្នុងរមណីយដ្ឋានអង្គរ ។ ក្រុមការងារតម្រង់ទិសពិនិត្យលទ្ធភាពផ្តល់ដីនៅតំបន់អភិវឌ្ឍន៍រុនតាឯក សម្រាប់ដោះស្រាយជាយថាហេតុ ជូនប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌ ក្នុងការទទួលបាននៅទីតាំងលំនៅថ្មី។ ចំពោះអ្នកបន្តទន្ទ្រានដីក្នុងតំបន់នេះ និងអ្នកមិនរុះរើសំណង់ខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។

ក្រុមការងារតម្រង់ទិស សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋនិងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ផ្តល់កិច្ចសហការ ជាមួយក្រុមការងារបច្ចេកទេសដែលចុះបំពេញភារកិច្ចនៅគ្រប់គោលដៅក្នុងតំបន់រមណីយដ្ឋានអង្គរ ចាប់ពី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ ៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ