Connect with us

ព័ត៌មានជាតិ

មកដឹងទីតាំងរោងចក្រ ច្រក និងវេចខ្ចប់វ៉ាក់សាំងកូវីដ-១៩ ទីមួយនៅកម្ពុជា តម្លៃប្រមាណ ១០០លានដុល្លារ

បានផុស

នៅ

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ​២៦ ខែសីហា ឆ្នាំ ២០២២នេះ អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន បានអញ្ជើញចុះពិនិត្យទីតាំង ការដ្ឋានសាងសង់រោងចក្រ ច្រក និងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ រោងចក្រ ច្រក និងវេចខ្ចប់វ៉ាក់សាំងនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឭ ខេត្តកណ្តាល នៅលើផ្ទៃដីទំហំប្រមាណ ៥ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងបង្កើតរោងចក្រនេះ កើតឡើងដោយសារការសហការគ្នា រវាងសហគ្រាសឱសថកម្ពុជា CPE និងក្រុមហ៊ុន Sinovac របស់ចិន ដោយមានទុនវិនិយោគជំហានដំបូងប្រមាណ ១០០លានដុល្លារអាមេរិក ហើយនឹងត្រូវបើកការដ្ឋានសាងសង់ជាផ្លូវការនាខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខ។

នៅក្នុងឱកាសចុះត្រួតពិនិត្យនោះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា រោងចក្រ ច្រក និងវេចខ្ចប់វ៉ាក់សាំងនេះ នឹងត្រូវសាងសង់ឡើងដោយឈរលើមូលដ្ឋានបច្ចេកវេជ្ជសាស្ត្រ ដោយមានអគារសម្រាប់ផលិត រក្សាទុកវ៉ាក់សាំង រក្សាកាកសំណល់ និងកន្លែងស្នាក់នៅរបស់កម្មករផងដែរ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា រោងចក្រនេះ គឺសម្រាប់បម្រើឲ្យការច្រក និងវេចខ្ចប់វ៉ាក់សាំងប្រភេទ Sinovac ដែលនឹងដឹកមកពីប្រទេសចិន ហើយរោងចក្រនេះគ្រោងបញ្ចប់ការសាងសង់ និងដាក់ដំណើរការច្រក និងវេចខ្ចប់វ៉ាក់សាំងនៅឆ្នាំ ២០២៤ខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម