Connect with us

ព័ត៌មានជាតិ

កម្មករ-កម្មការិនី ត្រូវរាយការណ៍ជាបន្ទាន់បើឃើញក្រុមហ៊ុនរោងចក្រណា មិនចុះបញ្ជីជាមួយ ប.ស.ស

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស)​ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ណែនាំ​ដល់​កម្មករ-កម្មការិនី​ ត្រូវ​រាយការណ៍​មក​ ប​.​ស​.​ស​.​ ឱ្យបាន​ឆាប់​បំផុត ​ប្រសិនបើ​ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថាន​ដែល​ពួកគាត់​កំពុង​បម្រើ​ការងារ​នោះ​មិន​បាន​ចុះបញ្ជី​ជាមួយ ប​.​ស​.​ស​. ទេនោះ ដើម្បី​ឱ្យ​ក្រសួង​មាន​ចាត់វិធានការ​ទៅ​តាម​ច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍ថា កម្មករ-កម្មការិនី​ដែល​ស្ថិតនៅក្នុង​ច្បាប់​ការងារ ​ត្រូវ​ទទួលបាន​ ប​.​ស​.​ស ដែល​មានចែង​នៅក្នុង​ច្បាប់។ ប៉ុន្តែ​ប្រសិនបើ​មិនមាន​ទេ ​ក្រសួង​លើកទឹកចិត្ត​ដល់​កម្មករ-កម្មការិនី​ទាំងអស់​ ប្តឹង​មក​ក្រសួង​តាមរយៈ​ឃ្យូ​អ​កូដ​(​បណ្តឹង​អនាមិក​)​ តាម​ផេ​ក​ផ្លូវការ​របស់​ក្រសួង​ ឬ​ផេ​ក​រដ្ឋមន្ត្រី​ ក៏ដូចជា​អ្នកនាំពាក្យ​ក្រសួង ​ដើម្បី​ចុះ​ធ្វើ​ការងារ​ភ្លាមៗ​ ព្រោះថា​ក្រសួង​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ ហើយ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​ ៧​ នេះ ​នៅតែ​បន្ត​យកចិត្តទុកដាក់​ចំពោះ​កម្មករ ដើម្បី​លើកកម្ពស់​សុខុមាលភាព​ពួកគាត់​ មិន​អនុញ្ញាត​ឱ្យមាន​ការកេងបន្លំ​ ឬ​បង់​ ប​.​ស​.​ស​.​ដល់​កម្មករ​កម្មការិនី​នោះ​ទេ ព្រោះ​វា​ជា​កាតព្វកិច្ច។

លោក​បាន​បន្ត​ថា រោងចក្រ​សហគ្រាស​ ត្រូវមាន​កាតព្វកិច្ច​ចុះបញ្ជី​បុគ្គលិក ឬ​កម្មករ-និយោជិត​របស់​ខ្លួន​ជាមួយ ប​.​ស​.​ស​. និង​បង់​ភាគទាន​ជូន​ពួកគាត់​ទៅលើ​របប​សន្តិ​សុខ​សង្គម​ផងដែរ​។ ​ក្នុងនោះ​ថៅកែ ឬ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន ​ត្រូវ​បង់​ភាគទាន​ជូន​បុគ្គលិក ​និង​កម្មករ-និយោជិត​របស់​ខ្លួន​ទៅ​លើ​ផ្នែក​ថែទាំ​សុខភាព ផ្នែក​ហានិភ័យ​ការងារ​ និង​ផ្នែក​ប្រាក់​សោធន បង់​ ៤ ​ភាគរយ ​ក្នុងនោះ ថៅកែ ឬ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​បង់​ ២ ​ភាគរយ​ និង​សាមីខ្លួន​ផ្ទាល់​បង់ ​២ ​ភាគរយ។

លោក​បាន​បន្ត​ទៀត​ថា ​«​នៅពេលបងប្អូន​កម្មករ-និយោជិត ​បាន​ចុះ​បញ្ជិកា​ជាមួយ ប​.​ស​.​ស​. និង​បាន​បង់​ភាគទាន​ប្រចាំខែ​មក ប​.​ស​.​ស​. ហើយ​បាន​ស្នើសុំ​ប័ណ្ណ ប​.​ស​.​ស​. រួចរាល់ នោះ​ពួកគាត់​នឹងមាន​សិទ្ធិ​ប្រើប្រាស់​សេវា​នៅ​មន្ទីរពេទ្យ​ដៃគូ ប​.​ស​.​ស​. ដោយ​ឥតគិតថ្លៃ ដែលជា​ការ​ជួយ​កាត់បន្ថយ​ចំណាយ​របស់​សាមីខ្លួន រួមទាំង​ទទួលបាន​អត្ថប្រយោជន៍​ផ្សេងៗ​ ពី ប​.​ស​.​ស​. ផង​ដែរ​»។

គួរ​បញ្ជាក់​ថា គិត​មក​ត្រឹម​ខែមេសា ឆ្នាំ​ ២០២៥ ​នេះ សមាជិក ប​.​ស​.​ស បាន​កើន​ឡើង​ដល់ ​៣ ០៦០ ៣៩២​ នាក់ ស្រី ១ ៦៨៦ ៨៨៧ ​នាក់ ​ក្នុងនោះ​ បុគ្គល​ស្ថិតក្នុង​វិស័យ​សាធារណៈ​ចំនួន ៥០៨ ៦៦៩ នាក់ ស្រី ១៥០ ៩០៨ ​នាក់ បុគ្គល​ដែល​ស្ថិតក្នុង​វិស័យ​ឯកជន ចំនួន ១ ៨៦៦ ១២២​ នាក់ ស្រី ១១២៤ ៨០១​ នាក់ បុគ្គល​ស្វ័យ​និ​យោជន៍​ចំនួន ៤៩៨ ៥៤៦​ នាក់ ស្រី ៣០៣ ៤១៩ ​នាក់ និង​អ្នក​ក្នុង​បន្ទុក​១៨៧ ០៥៥​ នាក់ ស្រី ១០៧ ៧៥៩ ​នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម