Connect with us

សេដ្ឋកិច្ច

គម្រោងរោងចក្រផលិតឆ័ត្រ អាវភ្លៀង និងកាបូបថ្មី ត្រៀមបង្កើតការងារជូនពលរដ្ឋក្នុងក្រុងដូនកែវ

បានផុស

នៅ

ខេត្តតាកែវកំពុងក្លាយជាគោលដៅ​ថ្មីមួយសម្រាប់អ្នក​វិនិយោគក្នុង​វិស័យឧស្សាហកម្ម និងរោងចក្រ ដោយសារមានទីតាំងភូមិសាស្ត្រអំណោយផល ជាប់ផ្លូវ​ជាតិសំខាន់ៗ ​មានបណ្តាញដឹកជញ្ជូនងាយស្រួល ​និង​នៅជិតរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញ៉ែម ស្រស់ អភិបាលរង ​នៃគណៈអភិបាលខេត្តតាកែវ និងជាអនុប្រធានអនុគណៈ​កម្មាធិការ​វិនិយោគខេត្តតាកែវ​នៅព្រឹកថ្ងៃទី ​១៩ ​ខែឧសភា ​២០២៦​ បានដឹកនាំក្រុមការងារជំនាញ​ចុះ​ពិនិត្យទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រផលិតឆ័ត្រ ​អាវភ្លៀង ​និង​កាបូប ​របស់ក្រុមហ៊ុន ហ្គោល​ដិនរ៉េន អិនធើណេសិនណល (ខេមបូឌា) ឯ.ក (GOLDEN RAIN INTERNATIONAL (CAMBODIA) CO.,LTD) ស្ថិតនៅភូមិប្រហូត សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ការចុះពិនិត្យទីតាំងនេះ ​គឺជាផ្នែកមួយនៃនីតិវិធីវាយតម្លៃសក្តានុពល ​និង​ភាពសមស្របនៃគម្រោង វិនិយោគ ​មុនឈានទៅដំណើរការអនុវត្តជាផ្លូវការ ​ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ ​ទំហំទីតាំង ប្រព័ន្ធទឹក ​ភ្លើង ​ផ្លូវចរាចរណ៍ ​និង​ផលប៉ះពាល់បរិស្ថាន ​ស្របតាមគោលការណ៍លើកកម្ពស់ការវិនិ យោគប្រកបដោយចីរភាព។

មន្ត្រីជំនាញបានលើកឡើងថា ​ការបង្កើតរោងចក្រថ្មីនៅក្នុងខេត្តតាកែវ ​មិនត្រឹមតែជួយបង្កើនសកម្មភាព​សេដ្ឋកិច្ចក្នុងមូលដ្ឋានប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងអាចបង្កើតឱកាសការងារ​ជាច្រើនជូន​ប្រជាពលរដ្ឋក្នុងតំបន់ ជាពិសេសយុវជន និងកម្មករ ដែលកំពុងស្វែងរកការងារ​ធ្វើនៅជិត​លំ​នៅ​ឋាន។​

​អាជ្ញាធរខេត្តក៏បានយកចិត្តទុកដាក់ជំរុញបរិយាកាសវិនិយោគ ប្រកបដោយភាពអំណោយផល តម្លាភាព និងសុវត្ថិភាព ដើម្បីទាក់ទាញក្រុមហ៊ុនក្នុង​ និងក្រៅប្រទេសឱ្យ​មកបណ្តាក់​ទុនកាន់​តែច្រើន។​

មហា​ជនក្នុងមូលដ្ឋានយល់ឃើញថា កំណើនរោងចក្រ និងសហគ្រាសនៅក្នុងខេត្តតាកែវ កំពុងរួម​ចំណែក​យ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរមុខមាត់សេដ្ឋកិច្ចក្នុងតំបន់​ ពិសេសការកាត់​បន្ថយ​ការធ្វើ​ចំណាក​ស្រុក​ទៅរកការងារនៅតំបន់ឆ្ងាយ​ និង​ជួយ​លើកកម្ពស់ជីវភាពរស់​នៅរបស់ប្រជាពលរដ្ឋ​ឱ្យកាន់តែប្រសើរឡើង។

​អាជ្ញាធរខេត្តតាកែវ ក៏បានបញ្ជាក់ពីការបន្តគាំទ្រ ​និង​សម្របសម្រួលដល់គម្រោងវិនិយោគនានា ដែលអនុវត្តស្របតាមច្បាប់ និងមានគោលដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ​ប្រកបដោយ​ទំនួល​ខុសត្រូវ ​និង​និរន្តរភាព៕

​អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម