ព័ត៌មានជាតិ
អាជ្ញាធររាជធានីជំរុញកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែក និងអាជ្ញាធរ បង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ ឲ្យដូចភ្លៀងរលឹម
អាជ្ញាធររាជធានីភ្នំពេញ បានជំរុញឲ្យកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែក និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ រួមសហការគ្នាឲ្យបានល្អ ដើម្បីបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ឲ្យដូចភ្លៀងរលឹម សំដៅធ្វើយ៉ាងណាឲ្យមូលដ្ឋានខណ្ឌទួលគោកមានភាពល្អប្រសើរឡើងវិញ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌទួលគោក កាលពីរសៀលថ្ងៃទី ០៦ តុលានេះ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យគណៈបញ្ជាការឯកភាពខណ្ឌទូលគោក ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ឲ្យអស់ពីមូលដ្ឋាន តាមរយៈការតាមដានស្រាវជ្រាវ ដោយដាក់ការសង្ស័យទៅលើទីតាំងដែលយើងទទួលបានព័ត៌មានថា អាចនឹងមានការប្រព្រឹត្តបទល្មើសខាងលើ ទៅតាមប្រសាសន៍ណែនាំរបស់អភិបាលរាជធានីភ្នំពេញ ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោក ឃ្លាំង ហួត បានបន្តទៀតថា ចំពោះការអនុវត្តលើការបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំនេះ គណៈបញ្ជាការឯកភាពខណ្ឌ ក៏ដូចជាមន្ត្រីពាក់ព័ន្ធ ត្រូវធ្វើរបាយការណ៍ជាប្រចាំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីតាមដាន និងពិនិត្យ ធ្វើយ៉ាងណាឲ្យការងារបង្ក្រាប និងទប់ស្កាត់នេះ ប្រព្រឹត្តទៅប្រកបដោយរលូន និងមានប្រសិទ្ធភាពបំផុត។

លោកអភិបាលរងរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា កិច្ចការងារនេះ ពិតជាទទួលបាននូវការសាទរយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ ដែលនេះជាកម្លាំងចិត្តមួយ នាំឲ្យយើងទទួលបានជោគជ័យ ក្នុងយុទ្ធនាការ នៃការបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ទាំងនេះ។

លោកស្នើឲ្យការអនុវត្តត្រូវតែធ្វើឡើងដោយឈរលើគោលការណ៍ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ មានន័យថា កុងស៊ីបញ្ចាំខុសច្បាប់ បញ្ចាំទ្រព្យសម្បត្តិ ចោរត្រូវតែលុបបំបាត់ ហើយលើកទឹកចិត្តចំពោះកុងស៊ីបញ្ចាំស្របច្បាប់។

ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំនេះ លោក ជា ពិសី អភិបាលខណ្ឌទួលគោកបានឲ្យដឹងថា លទ្ធផលការងារដែលអនុវត្តកន្លងមករួមមាន ឆែកឆេរត្រួតពិនិត្យ និងបង្ក្រាបទីតាំងទទួលបញ្ចាំ និងទទួលប្រាតិភោគ ដោយអនុប្បទាន ក្នុងមូលដ្ឋានខណ្ឌទួលគោក សរុបចំនួន ៥៤ ទីតាំង នៅសង្កាត់ទឹកល្អក់ទី ៣ ក្នុងនោះ ៖ បង្ក្រាបទីតាំងទទួលបញ្ចាំ (ទ្រព្យបញ្ចាំមិនប្រក្រតី) ចំនួន ១៦ ទីតាំង ឃាត់ខ្លួន ១០ នាក់ និងដកហូតម៉ូតូ ១.២៥៣ គ្រឿង, រថយន្ត ១៤ គ្រឿង, កង់បី ៩ គ្រឿង និងម៉ូតូ PassApp ១២ គ្រឿង បញ្ជូនទៅរក្សាទុកនៅឃ្លាំងក្រុមហ៊ុន OCIC ជ្រោយចង្វារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងទីតាំងចំនួន ៣៤ ត្រួតពិនិត្យឃើញមានច្បាប់អនុញ្ញាត និងទទួលទ្រព្យបញ្ចាំត្រឹមត្រូវ តាមនីតិវិធី៕
អត្ថបទ ៖ ស្រីរ័ត្ន







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


