ព័ត៌មានជាតិ
“អំណានថ្ងៃអាទិត្យ” នៅសៀមរាប ធ្វើឡើងដើម្បីកែប្រែទម្លាប់សង្គម ឲ្យមានការអានសៀវភៅបានច្រើន
កម្មវិធី “អំណានថ្ងៃអាទិត្យ” នៅខេត្តសៀមរាប ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៦ ហើយធ្វើជារៀងរាល់សប្តាហ៍ ដើម្បីអាចជួយ និងលើកកម្ពស់ការអានរបស់យុវជនខ្មែរ ឲ្យមានទម្លាប់អានសៀវភៅ ព្រមទាំងអាចឲ្យពួកគេបានគិតគូរវែងឆ្ងាយ យកចំណេះដឹងពីការអាននោះ ទៅអនុវត្តផ្ទាល់ក្នុងជីវិតរបស់ពួកគេ។

លោក អោក ស៊ីណាក់ ស្ថាបនិកនៃ Read Club Cambodia និងជាអ្នកបង្កើតកម្មវិធី “អំណានថ្ងៃអាទិត្យ” បានថ្លែងប្រាប់ “កម្ពុជាថ្មី” ថា កម្មវិធីអំណាននេះ លោកគិតឃើញគម្រោងតាំងពីឆ្នាំ២០១៣មកម្ល៉េះ លុះឆ្នាំ២០១៦ ទើបលោកអាចសម្រេចគម្រោងមួយនេះចេញជារូបរាងបាន និងជ្រើសយកហាងកាហ្វេសាធារណៈ ដើម្បីជួបជុំគ្នាអានសៀវភៅ។ កាលដែលលោករៀបចំកម្មវិធីអំណាននេះមក គឺលោកចង់ឲ្យក្មេងៗ និងយុវជនកម្ពុជា មានទម្លាប់នៃការអាន ដូចជាជនជាតិបរទេសដែរ អាចឲ្យពូកគេមានគំនិតទូលំទូលាយ និងចេះគិតគូរវែងឆ្ងាយសម្រាប់ជីវិត ព្រមទាំង បម្រើជាប្រយោជន៍ដល់សង្គមខ្មែរថែមទៀត។

លោកបន្ថែមថា កម្មវិធី “អំណានថ្ងៃអាទិត្យ” ធ្វើឡើងជារៀងរាល់មួយសប្តាហ៍ម្តង ក្នុងហាងកាហ្វេនានានៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយការអាន និងផ្លាស់ប្តូរពីការចូលហាងកាហ្វេដើម្បីតែលេងហ្គេម មកជាការអានសៀវភៅជំនួសវិញ។ មិនតែប៉ុណ្ណោះ លោក អោក ស៊ីណាក់ ជ្រើសរើសទីតាំងផ្សេងៗ ដើម្បីអានសៀវភៅ ដើម្បីឲ្យក្មេងៗដែលគ្មានលទ្ធភាព បានស្គាល់ពីទីកន្លែងស្អាតៗ និងរៀនសូត្រពីបរិបទផ្សេងៗ ក្នុងគោលបំណងឲ្យពួកគេយកគម្រូពីចំណុចទាំងនោះ ទៅអនុវត្តក្នុងជីវិតរបស់ពួកគេ។

ជារៀងរាល់សប្តាហ៍ អ្នកចូលរួមមានចំនួនប្រហែល៥០នាក់ ភាគច្រើនជាសិស្សានុសិស្សកម្រិតវិទ្យាល័យ មានអាយុចន្លោះពី ១៣ឆ្នាំ ដល់២០ឆ្នាំ។ សម្រាប់និស្សិតនៅថ្នាក់ឧត្តមសិក្សា ក៏មានការចូលរួមជាមួយផងដែរ។ ចំពោះអ្នកចូលរួមវិញ ចំនួនខាងលើនេះ គឺមិនសូវឋិតថេរឡើយ ព្រោះសិស្សមួយចំនួនជាប់រវល់រៀនគួរបំប៉នបន្ថែម ហើយក៏មានសិស្សមួយចំនួនឆ្លៀតឱកាសមកអានសៀវភៅអាស្រ័យលើការតាំងចិត្តរបស់ពួកគេ។
ដោយឡែក សៀវភៅដែល Read Club Cambodia មានប្រមាណ ២០០ក្បាល ជាប្រភេទសៀវភៅកុមារ សៀវភៅបែបប្រលោមលោក សៀវភៅវិទ្យាសាស្ត្រ សៀវភៅបែបធុរកិច្ច និងសៀវភៅផ្សេងៗជាច្រើនទៀត។ សៀវភៅទាំងនេះ បានមកពីការបរិច្ចាគពីសប្បុរសជនផ្សេងៗ និងការសន្សំសៀវភៅរបស់លោក អោក ស៊ីណាក់ កន្លងមក។

ស្ថាបនិក Read Club Cambodia បានអះអាងថា មានហាងកាហ្វេមួយចំនួនបានសហការជាមួយលោក ដើម្បីឲ្យកម្មវិធីនេះរលូនល្អ ដោយផ្តល់ជាទីធ្លារសម្រាប់ឲ្យអ្នកអានបានជួបជុំគ្នា និងពិភាក្សាគ្នាពីខ្លឹមសារក្នុងសៀវភៅដែលអានរួច។ លោក អោក ស៊ីណាក់ បានបញ្ជាក់ថា ចំពោះកម្មវិធីនេះ គឺមិនមាននរណាឧបត្ថម្ភជាថវិកាអ្វីឡើយ លោកជាអ្នករ៉ាប់រងគ្រប់បែបយ៉ាង និងចំណាយថវិកាផ្ទាល់ខ្លួនជាច្រើន ដើម្បីអាចឲ្យកម្មវិធីនេះដំណើរការបានទៅមុខទៀត។ លោកបានលះបង់ទាំងកម្លាំងកាយ និងចិត្ត ដើម្បីអាចឲ្យកូនខ្មែរ បានទទួលចំណេះដឹងថ្មីៗ និងការកែប្រែពួកគេតាមរយៈទិវាអំណាននេះ។

ជាលទ្ធផល លោកសង្កេតឃើញថា ក្រោយពីសិស្សសាលាបានចូលរួមអានជាមួយលោកមួយរយៈធំ ពួកគេហាក់មានភាពឈ្លាសវៃជាងមុន ចិត្តគំនិតមានការផ្លាស់ប្តូរ និងមានភាពក្លាហានជាងមុន។ ពួកគេហ៊ានឡើងបកស្រាយ និងចែករំលែកពីខ្លឹមសារដែលអានក្នុងសៀវភៅទៅមិត្តឯទៀតយ៉ាងស្វាហាប់។ រីឯ សិស្សមួយចំនួនអាចគ្រប់គ្រងរៀបចំគម្រោងដោយខ្លួនឯង និងចេះគ្រប់គ្រងពេលវេលាបានត្រឹមត្រូវ ព្រមទាំងបានប្រើប្រាស់ជំនាញភាពជាអ្នកដឹកនាំយកមកដឹកនាំក្រុមយ៉ាងល្អថែមទៀតផង។

ទន្ទឹមនឹងលទ្ធផលដ៏គួរឲ្យសាទរនេះ លោកក៏មានការបាក់ទឹកចិត្តដូចគ្នា ព្រោះមានហាងកាហ្វេមួយចំនួនមិនបានស្វាគមន៍ជាមួយនឹងកម្មវិធីអំណាននេះឡើយ។ មួយវិញទៀត លទ្ធផលមួយចំនួនក៏មិនដូចការរំពឹងទុករបស់លោកផងដែរ ព្រោះថាការកៀរគរគ្នាឲ្យមកអានសៀវភៅ គឺមិនមានភាពងាយស្រួលឡើយ។
ទោះជាយ៉ាងនេះក្តី ក៏លោកមិនបោះចោលនូវការខិតខំនេះដែរ ដោយលោកនឹងព្យាយាមឲ្យមានការអានបន្ថែមទៀត តាមរយៈការដើរផ្សព្វផ្សាយតាមសាលារៀននីមួយៗក្នុងខេត្តសៀមរាប ដើម្បីឲ្យពួកគេបានយល់ដឹងពីគុណប្រយោជន៍នៃការអានសៀវភៅនេះ។ លោកក៏បានសំណូមពរដល់អ្នកអានគ្រប់រូប គួរអានប្រកបដោយក្រមសីលធម៌ ពោល គឺ ត្រូវមានការចែករំលែកចំណេះដឹងទៅអ្នកដទៃ ចេះស្រឡាញ់អ្នកអានដូចគ្នា កុំលាក់ចំណេះតែម្នាក់ឯង។
លោកក៏បានផ្តាំផ្ញើដល់ប្រជាជនគ្រប់រូប ជាពិសេស យុវជនតែម្តង គួរចាប់កាន់សៀវភៅអានគ្រប់គ្នា ទោះពេលដំបូងផ្តល់ភាពលំបាក ប៉ុន្តែ ការអាននឹងហច់ផលល្អនាពេលអនាគត។ ចំពោះអាណាព្យាបាលគ្រប់រូបវិញ គួរចាប់ផ្តើមពីគិតគូរការអានរបស់កូន ជំរុញឲ្យកូនអានសៀវភៅឲ្យបានច្រើន ឬ អាចយកកូនផ្ញើជាមួយនឹង Read Club Cambodia បាន ដោយចាប់ពីអាយុ ១២ឆ្នាំ ដល់ថ្នាក់សាកលវិទ្យាល័យ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


