ព័ត៌មានជាតិ
ប្រទះឃើញឧបករណ៍ថ្ម នៃវប្បធម៌ហាវប៊ីនញៀនច្រើនប្រភេទ នៅស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាន
នៅថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២៣ នេះ ក្រសួងទេសចរណ៍ បានប្រកាសថា ល្អាងស្ពានជាស្ថានីយបុរេប្រវត្តិសាស្ត្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា បានប្រទះឃើញឧបករណ៍ថ្ម នៃវប្បធម៌ហាវប៊ីនញៀនច្រើនប្រភេទ ហើយស្ថិតក្នុងស្រទាប់ដីជាក់លាក់។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាន ជាឈ្មោះរូងភ្នំថ្មកំបោរមួយ ដែលមានទីតាំងស្ថិតនៅក្នុងភ្នំទាក់ទ្រាំង ភូមិគីឡូម៉ែត្រ ៣៨ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង តាមបណ្ដោយផ្លូវលេខ ៥៧ ឆ្ពោះទៅខេត្តប៉ៃលិន។

ស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាននេះ ត្រូវបានរកឃើញ និងត្រូវបានធ្វើកំណាយលើកដំបូង ដោយលោកស្រី សេស៊ី ម៉ូរ៉េ និង លោក រ៉ូឡង់ ម៉ូរ៉េ នៅទសវត្ស ១៩៦០។

ក្រសួងទេសចរណ៍ បានបន្ថែមថា បន្ទាប់មកការស្រាវជ្រាវបានអាក់ខានជាង ៤០ ឆ្នាំ។ លុះដល់ឆ្នាំ ២០០៩ ទើបមានការស្រាវជ្រាវបន្ត ដែលធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយសារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិ នៃប្រទេសបារាំង ដែលមានលោក ហេង សុផាឌី និង លោក អ៊ូប៊ែរ ហ្វ័ររេទីយ៉េ ជាអ្នកដឹកនាំ។

ការធ្វើកំណាយជាហូរហែកន្លងមក បានរកឃើញវត្ថុបុរាណជាច្រើនដូចជា ៖ ឧបករណ៍ថ្មបំបែក, ថ្មរំលីង, ភាជន៍, គ្រឿងលម្អកាយ (អង្កាំ និងកងដៃធ្វើពី ថ្ម និងបន្តោងខ្សែក ធ្វើពីចង្កូមសត្វ) បំណែកឆ្អឹងសត្វ ព្រមទាំងផ្នូរសព។

លទ្ធផលវិភាគលើវត្ថុបានពីកំណាយ បង្ហាញថា ស្ថានីយល្អាងស្ពាន មានមនុស្សមកតាំងទី បីដំណាក់កាលផ្សេងគ្នា ៖ សម័យថ្មបំបែកមានអាយុកាលប្រហែល ៧១០០០ ឆ្នាំ, វប្បធម៌ហាវប៊ីនញៀន មានអាយុចន្លោះពី ១១០០០ ដល់ ៥០០០ ឆ្នាំ និងចុងក្រោយ គឺសម័យថ្មរំលីង មានអាយុប្រហែល ៣០០០ ឆ្នាំ ដោយគេបានយកល្អាងស្ពាន ជាកន្លែងបញ្ចុះសព។ កាលប្រវត្តិទទួលបាននាពេលនេះ គឺធ្វើឡើងតាមវិធីសាស្ត្របីផ្សេងៗគ្នា ដូចជា ៖ (14C, OSL, U-Th) ទៅលើស្រទាប់ដីផ្សេងៗគ្នា ចាប់ពីផ្ទៃខាងលើ រហូតដល់ជម្រៅ ៥ ម៉ែត្រ។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា រហូតមកទល់ពេលនេះ ល្អាងស្ពានជាស្ថានីយបុរេប្រវត្តិសាស្ត្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលប្រទះឃើញឧបករណ៍ថ្ម នៃវប្បធម៌ហាវប៊ីនញៀនច្រើនប្រភេទ ហើយស្ថិតក្នុងស្រទាប់ដីជាក់លាក់។ ផ្អែកលើកាលប្រវត្តិ បរិមាណ និងលក្ខណៈ នៃឧបករណ៍ថ្មទាំងនោះ ជួយឲ្យយើងយល់បានកាន់តែប្រសើរពីបច្ចេកទេស នៃការផលិតឧបករណ៍ ថ្ម វប្បធម៌ បរិស្ថាន និងបរិបទទូទៅ នៃវប្បធម៌ហាវប៊ីនញៀន ព្រមទាំងទំនាក់ទំនងជាមួយសង្គមអ្នកបរបាញ់ និងប្រមូលអនុផលព្រៃឈើដទៃទៀត នៅតំបន់អាស៊ីអាគ្នេយ៍ដីគោក៕
អត្ថបទ ៖ ពិសី








-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន