ព័ត៌មានជាតិ
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចចំនួន៣រូប មានតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
បច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រី។ ក្នុងនោះ មានរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការមួយចំនួនទៀត ជាសេនាធិការ និងជាជំនួយការក្នុងការជួយការងារលោករដ្ឋមន្ត្រី ដើម្បីធានានូវប្រក្រតីភាពនៃការបំពេញការងាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាការចាប់អារម្មណ៍ខ្លាំងនោះ គឺមានរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន៣រូប ត្រូវបានទទួលការតែងតាំងមុខតំណែងបន្ថែមជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទាំង៣រូបនេះ គឺសុទ្ធសឹងតែជាបញ្ញាជនពូកែៗដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅប្រទេសរុស្ស៊ី និងអ៊ុយក្រែន។ ឥស្សរជនជាន់ខ្ពស់ទាំង៣រូបនេះ រួមមាន៖
១/ លោក វង្សី វិស្សុត
លោក វង្សី វិស្សុត ដែលជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីខែតុលា ឆ្នាំ២០២០។ បន្ថែមពីមុខតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត មានតួនាទីជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ លោក វង្សី វិស្សុត បានផ្ដើមបម្រើការជាមន្ត្រីនៅក្រសួងសេដ្ឋកិច្ច តាំងពីឆ្នាំ ១៩៩៥ ហើយលោកបានទទួលតួនាទីជាបន្តបន្ទាប់ ជាអាទិ៍ អនុប្រធាននាយកដ្ឋាន ប្រធាននាយកដ្ឋាន អគ្គលេខាធិការ រង និងក្រោយមកឡើងជាអគ្គលេខាធិកានៃក្រសួងសេដ្ឋកិច្ច។
លោក វង្សី វិស្សុត បានបញ្ចប់ការសិក្សាសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតទស្សនវិជ្ជា (PhD) ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅវិទ្យាស្ថានមូស្គូសម្រាប់ការទំនាក់ទំនងអន្តរជាតិ នៃប្រទេសរុស្ស៊ី។ សមត្ថភាពភាសាបរទេស គឺលោក វង្សី វិស្សុត ចេះ៣ភាសា គឺអង់គ្លេស បារាំង និងភាសារុស្ស៊ី។
២/ លោក ជូ វិជិត្ត
លោក ជូ វិជិត្ត គឺជារដ្ឋលេខាធិការទី២ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលបានការតែងតាំងមុខតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។ សព្វថ្ងៃ លោក ជូ វិជិត្ត ក៏មានតួនាទីជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាសមាជិកពេញសិទ្ធិនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យផងដែរ។ មុនទទួលបានតំណែងជាន់ខ្ពស់ទាំងនេះ លោក ជូ វិជិត្ត ធ្លាប់បានបម្រើការជាមន្ត្រីនៃខុទ្ទកាល័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាំងពីឆ្នាំ១៩៩៥ ហើយជាបន្តបន្ទាប់មក លោកក៏បានកាន់តួនាទីជាអនុប្រធាននាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ ជាអគ្គលេខាធិការរង និងជានាយកខុទ្ទកាល័យលោក គាត ឈន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅចន្លោះឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១៣។
លោក ជូ វិជិត្ត បានបញ្ចប់ការសិក្សាសញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ ទីមីរាហ្សេវ ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
៣/ លោក ហ៊ាន សាហ៊ីប
លោក ហ៊ាន សាហ៊ីប ដែលជាបណ្ឌិតទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច មកពីប្រទេសអ៊ុយក្រែន បានកាន់តំណែងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាំងពីឆ្នាំ២០១៣ ខណៈពេលបច្ចុប្បន្ននេះ លោកក៏មានតួនាទីជាអនុប្រធានអចិន្ត្រៃយ៍នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី។ លុះក្នុងឆ្នាំ២០២២ កន្លងទៅនេះ លោក ហ៊ាន សាហ៊ីប ក៏ត្រូវបានទទួលការតែងតាំងមុខតំណែងជាន់ខ្ពស់មួយទៀតជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
អតីតកាល គឺលោក ហ៊ាន សាហ៊ីប ធ្លាប់ធ្វើជាអនុប្រធាននាយកដ្ឋាននៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជានាយកវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំ១៩៩៧ ជាអគ្គលេខាធិការរងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការរងនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងធ្លាប់ធ្វើជាទីប្រឹក្សាសម្ដេចតេជោនាយករដ្ឋមន្ត្រី ជាដើម៕
ដោយ៖ ធឿន វ៉ាន់សុង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ