ព័ត៌មានជាតិ
ប្រធានាធិបតីចិន ទទួលស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ដែលជា «មិត្តចាស់» និងជាភ្ញៀវបរទេសទី ១ បន្ទាប់ពីចូលឆ្នាំថ្មីចិន
ដូចការគ្រោងទុក លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានទទួលស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានវាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះឲ្យដឹងនៅលើគណនីហ្វេសប៊ុកថា «លោកប្រធានាធិបតី លោក ស៊ី ជីនពីង បានស្វាគមន៍សម្តេច ហ៊ុន សែន ដែលជា «មិត្តចាស់» និងជាភ្ញៀវបរទេសទី ១ បន្ទាប់ពីចូលឆ្នាំថ្មីចិនបានផុតទៅ និងបានវាយតម្លៃខ្ពស់កិច្ចសហប្រតិបត្តិការ «ពេជ្រ» កម្ពុជាចិន»។

បើតាមលោក ខៀវ កាញារីទ្ធ ដដែល នៅក្នុងជំនួបជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកអំពីបំណងរបស់សម្តេច ក្នុងការបង្កើតប៉ូលសេដ្ឋកិច្ចទី ៤ ទៅលើប៉ួលសេដ្ឋកិច្ចទាំង ៣ ដែលមានស្រាប់ នោះគឺជាប៉ូលសេដ្ឋកិច្ចត្រី និងអង្ករ ដែលគ្របលើខេត្តនៅនីរតីទិសនៃប្រទេសកម្ពុជា។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោក លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិន ហើយក៏នឹងមានជំនួបទ្វេភាគីជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួម ក្នុងតំបន់ និងអន្តរជាតិ។
នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ មួយចំនួនផងដែរ។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់សាធារណរដ្ឋប្រជាមានិតចិននាពេលខាងមុខ នឹងផ្ដល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឲ្យកាន់តែស៊ីជម្រៅ នូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ៕


-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


