Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ចុះ MOU ជាមួយក្រុមហ៊ុនមួយ​អភិរក្សរមណីយដ្ឋានអង្គរ

បានផុស

នៅ

សៀមរាប៖ ក្រុមហ៊ុន AJE Thai Limited កំពុងសហការជាមួយអាជ្ញាធរជាតិអប្សរាលើគម្រោងនិរន្តរភាពក្នុងការ​អភិរក្សរមណីយដ្ឋានអង្គរ ខេត្តសៀមរាប ។ គម្រោងនេះ បានចាប់ផ្តើមនៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រោមយុទ្ធនាការ “AJE ក្នុងភាពជាដៃគូជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីការពារបរិស្ថានអង្គរ​ឲ្យមានភាពបៃតង​ឡើងវិញ”។ ទម្រង់នៃកិច្ចសហប្រតិបត្តិការសម្រាប់គម្រោងទេសចរណ៍បៃតងនេះ នឹងរួមបញ្ចូលការគាំទ្រក្នុងការ​ផ្សព្វផ្សាយ យុទ្ធនាការបៃតងរួមគ្នា និងគម្រោងគ្រប់គ្រងកាកសំណល់ផងដែរ ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការបង្ហាញរបស់លោក Fabian Daniel Mosquera Vera នាយកគ្រប់គ្រងនៃ AJE ASEAN នៅក្នុងកម្មវិធីចុះហត្ថលេខាលើកកិច្ចព្រមព្រៀងមួយ (MOU) ទាក់ទងនឹងគម្រោងនិរន្តរភាពនៃ AJE ASEAN “។ លោកបានលើកឡើងថា« យើងជឿជាក់យ៉ាងមុតមាំលើតុល្យភាពនៃអាជីវកម្ម សុខភាពទីក្រុង និងការរួមបញ្ចូល​នៃកន្លែងរស់នៅ ដែលមនុស្ស និងអាជីវកម្មរួមគ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់»។

លោក បានបន្តថា ចំពោះចក្ខុវិស័យនេះ ក៏ពាក់ព័ន្ធជាមួយនឹងវិធីសាស្ត្រថ្មី នៃតំបន់បេតិកភណ្ឌពិភពលោក ដែលត្រូវបានការពារនៅជុំវិញពិភពលោក «វាជាយុទ្ធសាស្ត្រដើម្បីនាំមកវិញនូវមោទនភាព​នៃតំបន់បេតិកភណ្ឌពិភព​លោកមួយ និងធ្វើនាំឱ្យតំបន់បេតិកភណ្ឌពិភពលោកនោះមានជីវិតឡើងវិញ» គម្រោងជំហានដំបូងរយ:ពេល១ឆ្នាំ ប្រើប្រាស់កញ្ចប់ថវិកាប្រមាណជា៣ម៉ឺនដុល្លារ ក្នុងការរៀបចំដាំកូនឈើ ដាំស្មៅ និងកាកសំណាល់ផងដែរ។

លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា AJE Thai Limited គឺជាផ្នែកមួយនៃ AJE ASEAN ដែលជាក្រុមហ៊ុនជំរុញដោយធម្មជាតិ និងនិរន្តរភាពបរិស្ថានសម្រាប់អនាគតដ៏រុងរឿង ហើយវាស្ថិតក្រោម AJE Group មានដើមកំណើតនៅប្រទេសប៉េរូ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៨ហើយ AJE Group នេះ កំពុងប្រតិបត្តិការនៅក្នុងប្រទេសចំនួន ៣៥ នៅជុំវិញពិភពលោក។ លោក បានបញ្ជាក់ថា ចំពោះកិច្ចសហការ​នាពេលនេះ គឺក្រុមហ៊ុន AJE Thai Limited ជាមួយអាជ្ញាធរជាតិអប្សរាមិនមែន​ជាគម្រោង​អភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រដំបូងគេ ដែលធ្វើឡើងដោយ AJE ASEAN នោះទេ។ គម្រោងអភិរក្ស និងនិរន្តរភាពតំបន់ប្រវត្តិសាស្ត្រពីមុន ត្រូវបានធ្វើឡើងនៅក្នុងឧទ្យានប្រវត្តិសាស្ត្រអយុធ្យា ក្នុងខេត្ត Phra Nakhon Si Ayutthaya ក្នុងប្រទេសថៃ និងបរិវេណប្រាសាទ Borobudur ក្នុងប្រទេសឥណ្ឌូនេស៊ី ។ ជាក់ស្តែង ការចុះកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន AJE Group នេះ គឺយើងមានគម្រោងចំនួន២ ,ទី១ គឺការគ្រប់គ្រងកាកសំណលនៅតាមទីសាធារណ:នៃតំបន់អង្គរ , ទី២ ផ្តោតទៅលើសកម្មភាពធ្វើយ៉ាងណា​ឲ្យមានភាពបៃតង និងបរិស្ថានស្អាតល្អនៅក្នុងតំបន់អង្គរជាដើម៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម