ព័ត៌មានជាតិ
លោក វង្សី វិស្សុត ៖ SME រួមចំណែកប្រហែល ៦០ភាគរយ នៃ GDP
វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ក្នុងចំណោម SME ជាង ៩០ភាគរយ បានចូលរួមចំណែកប្រហែល ៦០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារប្រមាណ ៧០ភាគរយ នៃសេដ្ឋកិច្ចជាតិ។ នេះជាការបញ្ជាក់របស់លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៅក្នុងវេទិកាសហគ្រិនខ្មែរ នាថ្ងៃទី ២៤ ខែ ឧសភានេះ។

មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចរូបនេះ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យឯកជន គឺជាដៃគូយ៉ាងសំខាន់អត់មិនបាន ក្នុងកិច្ចការអភិវឌ្ឍ ហើយបានផ្តល់សិទ្ធិខ្ពស់បំផុតក្នុងការអភិវឌ្ឍវិស័យឯកជន និយាយជារួម និងការអភិវឌ្ឍសហគ្រិនភាព និយាយដោយឡែក។
លោកបានបន្ថែមដូច្នេះថា« យើងចង់ឃើញសហគ្រាសតូចរីកដុះដាលទៅជាសហគ្រាសមធ្យម និងសហគ្រាធុនសមធ្យម អភិវឌ្ឍទៅជាសហគ្រាសធំ និងបង្កើតតម្លៃបន្ថែមកាន់តែច្រើនជួយដល់សង្គម ដោយមានលក្ខណៈប្រកួតប្រជែងខ្លាំង»។

បើតាមលោក វង្សី វិស្សុត ក្នុងចំណោមកម្លាំងពលកម្មដែលមានប្រមាណជាង ៩លាននាក់ គឺបង្កើតឡើងដោយវិស័យ SME និងបានចូលរួមបង់ពន្ធចូលរដ្ឋ មានប្រហែល ១៥ភាគរយ នៃចំណូលពន្ធដារ និងមានចំណែកក្នុងការនាំចេញប្រហែល ១០ភាគរយ។
លោកបានគូសបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ការបង្កើតសហគ្រិនភាព មិនអាចរីកចម្រើនតាមយថាហេតុបានទេ។ មានន័យថា ការអភិវឌ្ឍសហគ្រិនភាព ឬការកសាងសហគ្រិននៅកម្ពុជា ទាមទារឱ្យមានការជួយពីរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ។ ដោយសារនៅកម្ពុជា មានលក្ខខណ្ឌមួយចំនួនដែលមិនបង្កឱ្យសហគ្រិនភាពអាចរីកលូតលាស់ដោយយថាហេតុបានទេ។ ទោះយ៉ាងណា លោកថា «អាចទៅបាន តែមានល្បឿនយឺតហើយដើរផ្លូវវែងឆ្ងាយ»។
ការលើកឡើងរបស់លោក វង្សី វិស្សុត ដូច្នេះ ដោយសារមូលដ្ឋានសេដ្ឋកិច្ច និងរចនាសម្ព័ន្ធកម្ពុជានៅទន់ខ្សោយ។ មួយវិញទៀត វប្បធម៌សហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា នៅមានកម្រិតនៅឡើយ។ មានន័យថា ស្ថាប័នដែលមានតួនាទីផ្តល់មុខងារគាំទ្រការអភិវឌ្ឍរបស់ SME គឺនៅទន់ខ្សោយ។ កត្តាទាំងអស់នេះ ត្រូវតែរួមគ្នាពង្រឹង ដើម្បីជំរុញឱ្យវិស័យ SME មានការចាំបាច់ ទាំងក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច ការងារ និងបញ្ហាសង្គម។ នេះជាការគូសបញ្ជាក់របស់លោក វង្សី វិស្សុត។
អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា វិស័យ SME មិនត្រឹមតែជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ផ្ដល់ឱកាសការងារប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយការចំណាកស្រុក បង្កើតប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងការងារ បានបង្ហាញថា សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា សរុបចំនួនប្រមាណ ៥២ម៉ឺនសហគ្រាស ស្មើនឹង ៩៩,៨% នៃក្រុមហ៊ុនទាំងអស់ ដោយបានផ្ដល់ការងារជូនប្រជាជនចំនួន ៧០ភាគរយ៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


