Connect with us

ព័ត៌មានជាតិ

ដឹងហើយ បុណ្យសមុទ្រ ជុំទី៣ លើកទី១០ ប្រារព្ធនៅឯណា ឆ្នាំ២០២៣នេះ

បានផុស

នៅ

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ បើយោងទៅតាមលិខិតសេចក្តីជូនដំណឹង លេខ៥៣៣ សជណ-ពទ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបានឯកភាព អនុញ្ញាតកំណត់យកខេត្តកែប ឱ្យធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំធ្វើ ពិធីបុណ្យសមុទ្រ ជុំទី៣ លើកទី១០ នៅខែធ្នូ ឆ្នាំ២០២៣ នាពេលខាងមុខ។

បើតាមលិខិតបានបញ្ជាក់ថា យោងលិខិតលេខ ៤៧១ លស ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងទេសចរណ៍ និងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូនថា រាជរដ្ឋាភិបាលបានសម្រេចយកខេត្តកែប ជាម្ចាស់ផ្ទះរៀបចំ ពិធីបុណ្យសមុទ្រ ជុំទី៣ លើកទី១០ នាអំឡុងខែធ្នូ ឆ្នាំ២០២៣ នាពេលខាងមុខ។

គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ បានប្រារព្ធធ្វើឡើងនៅបរិវេណទីលានសម្តេចតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហ។ ពិធីបុណ្យសមុទ្រត្រូវបានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក។ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៃតំបន់ឆ្នេរសមុទ្រកម្ពុជា ព្រមទាំងជំរុញការយកចិត្តទុកដាក់កាន់តែខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ផ្នែកឯកជន និងប្រជាពលរដ្ឋមូលដ្ឋានក្នុងការអភិរក្ស និងថែរក្សាធនធានធម្មជាតិ និងវប្បធម៌នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។ ពិធីបុណ្យសមុទ្រនេះត្រូវបានខកខានអស់រយៈពេលពីរឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម