ព័ត៌មានជាតិ
តើអគ្គទេសាភិបាលធនាគារជាតិថ្មី លោកស្រី ជា សិរី ជានរណា?
លោកស្រី ជា សិរី ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ជំនួសឪពុករបស់លោកស្រី គឺលោក ជា ចាន់តូ។ លោកស្រី ជា សិរី គឺជាស្ត្រីមួយរូបមានប្រវត្តិសិក្សាមិនធម្មតា ដែលទទួលបានការសិក្សាអប់រំនៅប្រទេសជាច្រើនរហូតបានបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច។ តើអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា វ័យ៤២ឆ្នាំរូបនេះ មានប្រវត្តិនៃការសិក្សា និងបទពិសោធន៍ការងារយ៉ាងដូចម្ដេច?

កើតជានៅរាជធានីភ្នំពេញ លោកស្រី ជា សិរី គឺជាកូនស្រីរបស់លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងមានម្ដាយឈ្មោះ ខៀវ ស៊ីណា។ កាលពីកុមារភាព លោកស្រី រៀននៅសាលាបឋមសិក្សាបាក់ទូក រាជធានីភ្នំពេញ។ ប៉ុន្តែ នៅឆ្នាំ១៩៨៩ ក្នុងអាយុទើបតែ ៨ឆ្នាំ លោកស្រី ត្រូវបានគ្រួសារបញ្ជូនទៅរៀននៅប្រទេសបារាំង ហើយក្រោយមក ក៏បានផ្លាស់ទៅរៀនថ្នាក់វិទ្យាល័យនៅប្រទេសសិង្ហបុរី។
ក្រោយចប់កម្រិតវិទ្យាល័យ គឺនៅឆ្នាំ១៩៩៩ លោកស្រី ជា សិរី បានចូលសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Victoria រដ្ឋ Wellington ប្រទេសញូហ្សេឡែន ដោយនៅឆ្នាំ២០០២ ទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។ បន្ទាប់មក លោកស្រី បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតធនាគារ នៅសាកលវិទ្យាល័យ SOAS ទីក្រុង ឡុងដ៍ ចក្រភពអង់គ្លេស ដោយបានបញ្ចប់នៅក្នុងឆ្នាំ២០១០ ខណៈនៅក្នុងឆ្នាំ២០១៩ លោកស្រី ក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មួយទៀត នៅសាលាគោលនយោបាយ លី ក្វាន់យូ ប្រទេសសិង្ហបុរី។

អ្វីដែលគួរឱ្យស្ងើចសរសើរនោះ គឺកាលពីឆ្នាំ២០២១ លោកស្រី ជា សិរី ក៏ទទួលបានសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ច (PhD) ពីសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលី។ បន្ថែមពីលើសញ្ញាបត្រទាំងនេះ លោកស្រី ក៏បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញរយៈពេលខ្លីផងដែរ រួមមាន ជំនាញអភិវឌ្ឍន៍ហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ Harvard Kennedy សហរដ្ឋអាមេរិក និងការសិក្សាផ្នែកពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ ស៊ីដនី ប្រទេសអូស្ត្រាលី។
តាមរយៈការសិក្សាលើជំនាញធនាគារ និងហិរញ្ញវត្ថុ និងមានឪពុកជាប្រធានធនាគារជាតិផងនោះ លោកស្រី ជា សិរី បានចាប់ផ្ដើមចូលហាត់ការដំបូងនៅធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ១៩៩៩ ហើយនៅឆ្នាំ២០០២ ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លោកស្រី ក៏បម្រើការងារនៅនាយកដ្ឋានត្រួតពិនិត្យធនាគាររបស់ធនាគារជាតិនៃកម្ពុជា។
ដោយផ្អែកលើចំណេះដឹង និងបទពិសោធន៍លើការអនុវត្តការងារបច្ចេកទេសនៅធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានទទួលនូវតួនាទីជាបន្តបន្ទាប់ ជាអាទិ៍ អគ្គនាយករងបច្ចេកទេស ក្រោយមកឡើងជាអគ្គនាយកបច្ចេកទេស ជាឧបការីទេសាភិបាល និងមុនពេលការតែងតាំងជាអគ្គទេសាភិបាលនេះ លោកស្រី កាន់ជាទេសាភិបាលរងធនាគារជាតិ។

ក្រៅអំពីតួនាទីស្នូលខាងលើនេះ លោកស្រី ជា សិរី ក៏បានចូលរួមការងារសំខាន់ៗជាច្រើនទៀតក្នុងនាមធនាគារជាតិនៃកម្ពុជា រួមមាន សមាជិកគណៈកម្មាធិការកម្រិតខ្ពស់សម្រាប់ការបញ្ចូលហិរញ្ញវត្ថុយេនឌ័រ និងស្ត្រី សមាជិកក្រុមប្រឹក្សាប្រឹក្សាអាស៊ីអាគ្នេយ៍ធនាគារពិភពលោករបស់ស្ត្រី ប្រធានក្រុមប្រឹក្សាសមាគមសេដ្ឋកិច្ចកម្ពុជា សមាជិកវេទិកាអ្នកដឹកនាំពិភពលោកវ័យក្មេង ជាដើម។
លោកស្រី ជា សិរី ត្រូវបានស្រទាប់សាធាណៈជន ចាត់ទុកជាឥស្សរជនស្ត្រីដ៏ឆ្នើមមួយរូបនៅក្នុងវិស័យធនាគារ តាមរយៈការដឹកនាំ គ្រប់គ្រង និងអនុវត្តការងារបច្ចេកទេសនៅធនាគារជាតិនៃកម្ពុជា ជាពិសេស កិច្ចការគ្រប់គ្រងប្រព័ន្ធធនាគារនៅកម្ពុជា និងការលើកកម្ពស់រូបិយវត្ថុជាតិ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២២ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


