ព័ត៌មានជាតិ
NBC៖ កម្ពុជាជាប្រទេសរងគ្រោះមួយពីបញ្ហាឆបោកតាមអនឡាញ
រយៈពេលប្រមាណ៣០ម៉ោង នៅទីក្រុងគូឡាឡាំពួ ក្នុងកម្មវិធីកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៥ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតដ៏មមាញឹក ទេសាភិបាលធនាគារជាតិកម្ពុជា លោកស្រី ជា សិរី បានឱ្យដឹងថា ខ្លួនបញ្ជាក់ប្រាប់អន្តរជាតិថា បញ្ហាការឆោកតាមអនឡាញនៅកម្ពុជា មិនអាក្រក់ដូចការចុះផ្សាយតាមបណ្ដាសារព័ត៌មានពេកនោះទេ។ លោកស្រី បញ្ជាក់អំពីការពិតនៅកម្ពុជា ពាក់ព័ន្ធនឹងការឆបោកតាមបច្ចេកវិទ្យាដូច្នេះ នៅកិច្ចពិភាក្សាចំនួន ២ គឺកិច្ចពិភាក្សាក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៥ និងក្នុងកិច្ចប្រជុំកំពូលធុរកិច្ច Bloomberg អាស៊ាន។

ទេសភិបាលធនាគារជាតិកម្ពុជា ជា សិរី សរសេរលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២៧ ខែតុលា នេះ ឱ្យដឹងអំពីការការពារមុខមាត់កម្ពុជាលើឆាកអន្តរជាតិដូច្នេះ« ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា ព័ត៌មានអំពីការឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា គឺជាព័ត៌មានដ៏គួរឱ្យព្រួយបារម្ភ និងបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។ ប៉ុន្តែ ព័ត៌មានទាំងនេះមិនបានឆ្លុះបញ្ចាំងគ្រប់ទិដ្ឋភាពរបស់កម្ពុជានោះទេ។ យើងមានបរិយាកាសវិនិយោគល្អ ដោយមានការលើកលែងពន្ធនានាសម្រាប់គម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ យើងមានអគ្គិសនីផ្តល់ពីប្រភពថាមពលស្អាត និងមានអាកាសយានដ្ឋានអន្តរជាតិលំដាប់អន្តរជាតិទើបសម្ពោធដាក់ឱ្យណើរការ ដែលជាការវិនិយោគដោយវិនិយោគិនកម្ពុជាសុទ្ធសាធ និងគ្រប់គ្រងដោយកម្ពុជា (មិនដូចការចេញផ្សាយនៅតាមបណ្តាញសារព័ត៌មានមួយចំនួននោះទេ)។ »។

លោកស្រី ឱ្យដឹងថា ក្នុងវេទិកាទាំងពីរនោះលោកស្រី ក៏បានសង្កត់ធ្ងន់ថា បញ្ហាឆបោកតាមអនឡាញ គឺជាបញ្ហាសកលដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយ ហើយប្រតិបត្តិការរបស់ក្រុមល្មើសអនឡាញទាំងនេះបានបង្កើតជាបណ្ដាញប្រទាក់ក្រឡាយ៉ាងស្មុគស្មាញទូទាំងសកលលោក។ បណ្ដាញឆបោកនេះមិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជាទេ តែគឺនៅគ្រប់ទិសទីជុំវិញពិភពលោក ហើយជនរងគ្រោះក៏នៅគ្រប់ទិសទីផងដែរ។

ដើម្បីដោះស្រាយបញ្ហាលើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោកស្រី ជា សិរី បានផ្ដល់ជាយោបល់តាមរយៈវេទិកា កិច្ចពិភាក្សាក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៥ និងក្នុងកិច្ចប្រជុំកំពូលធុរកិច្ច Bloomberg អាស៊ានថា៖«យើងត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយមិនត្រូវចង្អុលដាក់គ្នានោះទេ។ ក្នុងន័យនេះ ប្រទេសកម្ពុជាប្តេជ្ញាក្លាយជាសមាជិកដែលគួរឱ្យទុកចិត្ត និងមានតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិ ហើយបានរឹតបន្តឹងវិធានការ ដើម្បីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) ហើយយើងនឹងត្រៀមខ្លួនតាមការចាំបាច់ដើម្បីសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហានេះ។ បើគិតឱ្យស៊ីជម្រៅជាងនេះ បណ្ដាញឆបោកក៏បង្ហាញពីបញ្ហាជាមូលដ្ឋានជាច្រើនទៀតដូចជា អក្ខរកម្មឌីជីថល នៅក្នុងស្ថានភាពដែលភាពខុសគ្នារវាង AI និងការពិត កាន់តែពិបាកបែងចែក។»។
ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះ គេកត់សម្គាល់ឃើញថា ប្រព័ន្ធផ្សព្វផ្សាយនានា ជាពិសេសប្រព័ន្ធផ្សាយមានមូលដ្ឋាននៅក្នុងប្រទេសក្បែរកម្ពុជា បានផ្សព្វផ្សាយព័ត៌មានដែលលើសពីការពិតទាំងស្រុងពាក់ព័ន្ធនឹងករណីឆបោកតាមអនឡាញក្នុងប្រទេសកម្ពុជា។ គេសម្គាល់ឃើញថា សារព័ត៌មានទាំងនោះ បានយកប្រធានរឿង«និស្សិតជនជាតិកូរ៉េម្នាក់ស្លាប់នៅខេត្តកំពត ដែលធ្វើដំណើរមកកម្ពុជាព្រោះចាញ់បោកការអូសទាញរបស់ជាតិកូរ៉េគ្នាឯង» ទៅបង្កើតជាសាច់រឿង បំផ្លើសបំភ្លៃ ទម្លាក់កំហុសមកលើកម្ពុជាផ្ទុយពីការពិត និងកិច្ចខិតខំប្រឹងប្រែងលើការបង្រ្កាបបទល្មើសឆបោកអនឡាញដែលជាបទល្មើសសកល ក្នុងចេតនាបង្ខូចកេរ្ដិ៍ឈ្មោះកម្ពុជា។

អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េ លោកស្រី គីម ជីណា កាលពីពាក់កណ្ដាលខែតុលា បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួន ពុំបានចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងបង្ក្រាបអនឡាញនៅកម្ពុជាឱ្យបានពេញលេញឡើយ ទោះបីកន្លងមកនគរបាលកម្ពុជា-កូរ៉េ បានសហការគ្នាជាច្រើនលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយទទួលបានលទ្ធផលល្អក៏ដោយ ដែលប្រការនេះបង្កឱ្យមានការយល់ច្រឡំពាក់ព័ន្ធនឹងកិច្ចសហការបង្ក្រាបលើបទល្មើសដ៏ស្មុគស្មាញនេះ។

ដោយហេតុថាការចុះផ្សាយព័ត៌មានផ្ទុយពីការពិត អំពីការខិតខំរបស់កម្ពុជាលើការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចប៉ះពាល់ដល់កិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសរវាងកម្ពុជា និងកូរ៉េ អគ្គស្នងការនគរបាលជាតិកម្ពុជា និងកូរ៉េ ទប់ស្កាត់នូវរាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើអោយប៉ះពាល់ដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីអនុវត្តបានយ៉ាងល្អប្រសើរនាពេលកន្លងមក។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត មានឆន្ទៈពិតប្រាកដ ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រ័ពន្ធបច្ចេកវិទ្យា ដែលជាបទល្មើសរីកសាយភាយរហ័ស តាមរយៈការបង្កើតគណៈកម្មាធិការដែលដឹកនាំផ្ទាល់ដោយនាយករដ្ឋមន្ត្រី និងការដាក់ចេញបទបញ្ជាបន្ទាន់លើការបង្ក្រាប និងផ្ដល់ការសហការជាមួយសមត្ថកិច្ចអន្តរជាតិ។
កន្លងមកកម្ពុជា បានផ្ដល់កិច្ចសហប្រតិបត្តិការជាច្រើនក្នុងការបង្ក្រាបជាមួយអន្តរជាតិ ហើយនៅក្នុងអំឡុង ខែវិច្ឆិកា នេះ ក្រុមការងារចំពោះកិច្ចចម្រុះរវាងកម្ពុជានិងកូរ៉េមួយ នឹងត្រូវបង្កើតឡើង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទន្ទឹមនេះ នាយករដ្ឋមន្ត្រីកម្ូជា និងប្រធានាធិបតីកូរ៉េ ក៏បានឯកភាពគ្នា ក្នុងការរួមគ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវពត៌មានអំពីលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរួមគ្នានេះ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


