ព័ត៌មានជាតិ
ធនាគារធំរបស់ជប៉ុនគ្រោងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា
ធនាគារ Sumitomo Mitsui Banking Corporation (SMBC) បានលើកឡើងថា ខ្លួនបានដាក់ផែនការក្នុងការពង្រីកប្រតិបត្តការបន្ថែមដើម្បីចូលរួមអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់កម្ពុជា ស្របពេលដែលប្រទេសទាំងពីរទើបតែដាក់ដំណើការនៃការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនតាម ឃ្យូអរកូត ។

ការលើកឡើងរបស់ធនាគារលំដាប់កំពូលរបស់ជប៉ុនមួយនេះធ្វើឡើង ក្នុងជំនួបរវាងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា (NBC) បានអនុញ្ញាតឱ្យលោក Katsufumi Uchida នាយកគ្រប់គ្រង និងជានាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃធនាគារ Sumitomo Mitsui Banking Corporation (SMBC) និងសហការី ពិភាក្សាការងារ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
លោក Katsufumi ក៏បានជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់ធនាគារ SMBC នៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា និងបានលើកឡើងពីការបន្តចូលរួមអភិវឌ្ឍវិស័យនេះបន្ថែមទៀតផងដែរ។
លោកស្រីបណ្ឌិត ជា សិរី បានសាទរចំពោះការរីកចំរើនរបស់ធនាគារ SMBC ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគក្នុងគ្រឹះស្ថានធនាគារក្នុងស្រុកមួយចំនួន និងគាំទ្រដល់ការចូលរួមក្នុងគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនតាម ឃ្យូអរកូត រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។

លោកស្រីបណ្ឌិតបានលើកទឹកចិត្តឱ្យមានការពង្រីកប្រតិបត្តិការនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។
ជាមួយគ្នានោះដែរភាគីទាំងពីរបានផ្លាស់ប្តូរទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចតំបន់ និងពិភពលោក ក៏ដូចជាគោលនយោបាយពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក។
កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងព្រឹត្តការណ៍ពិព័ណពិភពលោកឆ្នាំ២០២៥ (The World Expo 2025) នៅទីក្រុងអូសាកា ប្រទេសជប៉ុន ធនាគារជាតិនៃកម្ពុជា (NBC) និង ប្រទេសជប៉ុនបានដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១ ក្នុងការសម្រួលដល់ការទូទាត់សម្រាប់ភ្ញៀវទេចរ ធុរជនិងវិនិយោគិនរវាងប្រទេសទាំងពីរ។
លោកស្រីបណ្ឌិត ជា សិរី បានសរសេរនៅលើបណ្តាញផ្លូវការណ៍របស់ខ្លួនថា ការដាក់ឱ្យដំណើការនេះគឺជាពេលវេលាដ៏រំភើបមួយសម្រាប់ការទូទាត់ប្រាក់ KHQR របស់កម្ពុជាជាលើកដំបូងដើម្បីភ្ជាប់ជាមួយនឹងប្រព័ន្ធ QR របស់ប្រទេសជប៉ុន JPQR សម្រាប់ប្រតិបត្តិការឆ្លងព្រំដែន។
លោកស្រីបណ្ឌិតថា៖«ដំណាក់កាលទី ១ នេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធី Bakong, Acleda និង Sathapana app ស្កេន JPQR នៅប្រទេសជប៉ុន។ ដំណាក់កាលទី ២ សម្រាប់ JPQR ដើម្បីស្កេន KHQR នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។ នេះគឺជាការសហការគ្នាមិនមែនត្រឹមតែជាជោគជ័យនៃការភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យានៃប្រព័ន្ធទូទាត់រវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាបម្រើជាស្ពានភ្ជាប់វប្បធម៌ សេដ្ឋកិច្ច និងប្រជាជនរបស់យើង។ វាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើងចំពោះបច្ចេកវិទ្យាប្រើប្រាស់សម្រាប់កំណើនប្រកបដោយនិរន្តរភាព និងរួមបញ្ចូល និងដើម្បីធានាថាប្រជាជនកម្ពុជាត្រូវបានបំពាក់យ៉ាងពេញលេញក្នុងការចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលសកល»។

យោងតាម NBC ការទូទាត់តាមប្រព័ន្ធបាគង បានកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២០មក ដែលក្នុងឆ្នាំ២០២៤ ប្រតិបត្តិការទូទាត់សរុបមានចំនួន ៦០៧,៥លានប្រតិបត្តិការ ដោយក្នុងនោះទំហំទឹកប្រាក់នៃប្រតិបត្តិការជាលុយរៀលមានចំនួន ១៨៣,៣ទ្រីលានរៀល និងជាដុល្លារអាមេរិកមានចំនួន ១០៤,៨ប៊ីលានដុល្លារ ហើយមានចំនួនគណនីប្រើប្រាស់ចំនួន ៣០លានគណនី ដែលអាចទូទាត់បានជាមួយនឹងពាណិជ្ជករក្នុងស្រុកចំនួន ៤,៥លានកន្លែង និងក្រៅស្រុកច្រើនជាង ២៤០លានកន្លែង ដូចជានៅប្រទេសថៃ វៀតណាម ឡាវ ម៉ាឡេស៊ី និងចិន និងអនុញ្ញាតឱ្យ ភ្ញៀវទេសចរពីប្រទេសទាំងនោះអាចមកទូទាត់នៅតាម KHQR នៅកម្ពុជាបានយ៉ាងងាយស្រួល៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


