ព័ត៌មានជាតិ
ស.ស.យ.ក ប្រកាសគាំទ្រលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ប្រកាសគាំទ្រទាំងស្រុងនូវលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសកាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣ នេះ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះឲ្យដឹងនៅព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ នេះ។

សេចក្ដីថ្លែងការណ៍ខាងលើបានសរសេរថា តាមរយៈយុទ្ធនាការពលរដ្ឋល្អ សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមសង្កេតការណ៍ និងតាមដាន យ៉ាងយកចិត្តទុកដាក់នៅក្នុងដំណើរការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ គិតចាប់តាំងពីដំណាក់កាល នៃការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការដោះស្រាយពាក្យបណ្ដឹងពាក់ព័ន្ធនឹងការបោះឆ្នោត រហូតដល់ការប្រកាសលទ្ធផលស្ថាពរ នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣ នេះ។ នៅថ្ងៃបោះឆ្នោត សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជូនសមាជិករបស់ខ្លួន សរុបចំនួន ៤១ ៣៣៣ នាក់ ដែលទទួលបានការអនុញ្ញាតពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធ្វើជាអ្នកសង្កេតការណ៍តាមបណ្ដាការិយាល័យបោះឆ្នោតនៅទូទាំង ២៥ រាជធានី-ខេត្ត។

សេចក្ដីថ្លែងការណ៍ដដែលបន្តថា ផ្អែកតាមរបាយការណ៍ដែលទទួលបានពីអ្នកសង្កេតការណ៍របស់ខ្លួននៅទូទាំងប្រទេស និងដូចក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ សហភាពសហព័ន្ធយុវជនកម្ពុជា សូមធ្វើការវាយតម្លៃ និងសន្និដ្ឋានថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ បានដំណើរការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងគោលការណ៍ច្បាប់ ជាពិសេសការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសល្អប្រសើរ និងគ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ ឬ គ្មាន ការគំរាមកំហែង ហើយប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ក្នុងអត្រា ៨៤,៥៨% ដែលជាអត្រាមួយខ្ពស់ជាងគេ បើប្រៀបធៀបទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលកន្លងមក។

ជាមួយនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ដោយផ្អែកលើមូលដ្ឋានដូចបានបញ្ជាក់ខាងលើនេះ បានប្រកាសគាំទ្រទាំងស្រុងនូវលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសកាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣ នេះ។

សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នេះ បានក្លាយជាព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលប្រជាជនកម្ពុជាប្រើសិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសមេដឹកនាំប្រទេស តាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ព្រមទាំងច្បាប់ បទបញ្ជា និងនីតិវិធី ទាក់ទងនឹងការបោះឆ្នោត។ជោគជ័យសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ជាមួយនឹងអត្រា នៃអ្នកបោះឆ្នោតមាន រហូតដល់ទៅ ៨៤,៥៨% និងបរិយាកាស នៃការបោះឆ្នោតប្រកបដោយសន្តិសុខ និងសណ្ដាប់ធ្នាប់ល្អប្រសើរ គ្មានអំពើហិង្សា និងការគំរាមកំហែង គឺ បានបង្ហាញឲ្យឃើញថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា កាន់តែចាក់ឫសជ្រៅ កាន់តែរឹងមាំ និងកាន់តែមានភាពរស់រវើកក្នុងសង្គមកម្ពុជា, ប្រជាជនកម្ពុជា ដែលជាម្ចាស់អំណាច កាន់តែមានភាពចាស់ទុំខាងនយោបាយក្នុងការប្រើសិទ្ធិរបស់ខ្លួនជ្រើសរើសមេដឹកនាំ តាមរយៈការបោះឆ្នោត ក៏ដូចជាក្នុងការចូលរួមប្រកួតប្រជែងគ្នាតាមបែបប្រជាធិបតេយ្យ ហើយអាជ្ញាធរមានសមត្ថកិច្ចកាន់តែមានភាពម្ចាស់ការប្រកបដោយសមត្ថភាព និងពិសោធន៍ខ្ពស់ក្នុងការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់ ក៏ដូចជាធានាឲ្យកិច្ចដំណើរការ នៃការបោះឆ្នោត ប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ និងប្រកបដោយជោគជ័យ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីទាក់ទងនឹងការបោះឆ្នោត។
ជាថ្មីម្ដងទៀត សហភាពសហព័ន្ធយុវជនកម្ពុជា បានសម្ដែងការវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ ក្នុងជំហរឯករាជ្យ អព្យាក្រឹត តម្លាភាព និងយុត្តិធម៌ ធ្វើឲ្យដំណើរការរៀបចំការបោះឆ្នោតនៅគ្រប់ដំណាក់កាល បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ត្រឹមត្រូវ ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។
ទន្ទឹមនេះដែរ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច នៅគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធនានា ដែលបានជួយគាំទ្រយ៉ាងសកម្មដល់ដំណើរការ នៃការរៀបចំការបោះឆ្នោត ជាពិសេសការការពារសន្តិសុខ សណ្ដាប់ធ្នាប់ទូទៅក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោត ដែលធ្វើឲ្យដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅយ៉ាងរលូនក្នុងបរិយាកាសល្អប្រសើរ តាំងពីពេលចាប់ផ្ដើមរហូតដល់ការប្រកាសលទ្ធផលជាផ្លូវការនេះ។
ជាចុងក្រោយ សហភាពសហព័ន្ធយុវជនកម្ពុជា បានជូនពរដល់បេក្ខជនដែលជាប់ឆ្នោតជា តំណាងរាស្ត្រ សូមទទួលបាននូវជោគជ័យក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជាប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវ ជាពិសេស ការបន្តរក្សានូវសមិទ្ធផលជាតិដែលសម្រេចបាន និងបន្តជំរុញវឌ្ឍនភាពកម្ពុជាទៅមុខជាលំដាប់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


