Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍នគរសង្ក្រាន្ដនៅភ្នំពេញរៀបចំឡើងដោយ ស.ស.យ.ក ចំណែកអាជ្ញាធររាជធានីទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាព

បានផុស

នៅ

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឲ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ បញ្ចូលបន្ថែម ការងារទៅឲ្យសហភាពសហពន្ធ័យុវជនកម្ពុជា ពិសេសលើការរៀបចំតុបតែង ព្រឹត្តិការណ៍នគរសង្ក្រាន្ដ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី ឆ្នាំ ២០២៦ នេះ ព្រោះថា ស.ស.យ.ក មានបទពិសោធច្រើនលើការងាររៀបចំនេះទទួលបានជោគជ័យរហូតមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង បានណែនាំបែបនេះក្នុងអង្គប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី ឆ្នាំ ២០២៦ កាលពីព្រឹកថ្ងៃទី ២៥ មីនានេះ ក្រោមវត្តមាន លោក សំហេង បុរស សមាជិកអចិន្ត្រៃយ៍ សហភាពសហពន្ធ័យុវជនកម្ពុជា តំណាង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង លើកឡើងថា ការរៀបចំតុបតែង ព្រឹត្តិការណ៍នគរសង្ក្រាន្ដ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី ឆ្នាំ ២០២៦ នេះ ត្រូវប្រគល់ជូនទៅសហភាពសហពន្ធ័យុវជនកម្ពុជា ជាអ្នករៀបចំ ដោយ ស.ស.យ.ក មានបទពិសោធច្រើនលើការងាររៀបចំនេះ រហូតទទួលបានជោគជ័យជាង ១០ ឆ្នាំ រួចមកហើយ។ ចំណែកគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ទទួលខុសត្រូវទាំងស្រុងលើការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

លោក ឃួង ស្រេង បានបន្តថា ព្រឹត្តិការណ៍នគរសង្ក្រាន្ដ ជាព្រឹត្តិការណ៍ធំមួយរបស់ជាតិ ដែលទាមទារឲ្យការរៀបចំ ការតុបតែង និងការរក្សាសន្តិសុខ សុវត្ថិភាព ត្រូវតែម៉ត់ចត់បំផុត ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ចាប់ផ្តើមពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៩ មេសា។

លោក ឃួង ស្រេង ក៏បានអំពាវនាវដល់កងកម្លាំង និងអាជ្ញាធរទាំងអស់ សូមដាក់ចិត្ត ដាក់កាយធ្វើការងារនេះ ដើម្បីមុខមាត់ប្រទេសជាតិ និងប្រជាជន ដោយគ្រប់គណៈកម្មការទាំងអស់ មានបញ្ហាអ្វីត្រូវរាយការណ៍ទៅលេខាធិការដ្ឋាន សំដៅធ្វើយ៉ាងណាឲ្យ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី នេះ ទទួលបានភាពជោគជ័យ និងសប្បាយរីករាយ។

គួរជម្រាបថា ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៩ មេសា នៅទីតាំងធំៗ ចំនួន ៣ កន្លែង និង តូច ៣ កន្លែងទៀត។ ក្នុងនោះ ទីតាំងធំៗ ៣ កន្លែងនោះ រួមមាន ៖ ទី១- ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ។ ទី២-ផ្លូវថ្មើរជើងចតុមុខ និងទី៣-នៅសួនវឌ្ឍនៈ រហូតដល់ផ្សាររាត្រី។ ចំណែក ៣ កន្លែងតូចៗ គឺ ទី១-នៅសួនមុខ
វត្តបទមវតី , ទី២-នៅផ្លូវ ៣០៨ និង ទី៣-នៅផ្លូវលេខ ១៥៥ និងជុំវិញផ្សារទួលទំពូង៕
អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម