Connect with us

ព័ត៌មានជាតិ

សម្ពោធផ្ទាំងគំនូរ “ដើម្បីសន្តិភាព” លើកស្ទួយស្មារតីរួបរួមជាតិ

បានផុស

នៅ

នាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ផ្ទាំងគំនូរសិល្បៈ “ដើម្បីសន្តិភាព” ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅបរិវេណសួនច្បារមុខវត្តបុទុមវត្តី រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោក តាន់ គីមសួរ ប្រធានគម្រោង បានថ្លែងរបាយការណ៍សង្ខេបអំពីដំណើរការគូរផ្ទាំងគំនូរ ដែលកើតចេញពីការខិតខំប្រឹងប្រែង ការអំណត់ និងការទទួលខុសត្រូវខ្ពស់របស់បងប្អូនវិចិត្រករ។ លោកបានបញ្ជាក់ថា ស្នាដៃនេះបង្ហាញពីស្នាមចិត្ត ស្នាមគំនិត និងទិដ្ឋភាពប្រវត្តិសាស្ត្រកម្ពុជា តាមរយៈការបកស្រាយសិល្បៈលើផ្ទាំងតែមួយ ហើយមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ទេ ប៉ុន្តែជាកម្មសិទ្ធិរបស់ប្រជាជនខ្មែរទាំងមូល។

ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណ និងកោតសរសើរដល់វិចិត្រករ និងក្រុមអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានប្រើប្រាស់សមត្ថភាព និងទេពកោសល្យរបស់ខ្លួនក្នុងការបង្កើតស្នាដៃប្រកបដោយអត្ថន័យនេះ។ លោកបានលើកឡើងថា ផ្ទាំងគំនូរនេះ មិនត្រឹមតែបង្ហាញពីការលំបាក និងស្លាកស្នាមឈឺចាប់ដែលប្រជាជនកម្ពុជាបានជួបប្រទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីការរួបរួម និងសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាជាតិខ្មែរ។

លោកបានបន្ថែមថា ស្នាដៃនេះជាការលើកកម្ពស់ផ្នត់គំនិតស្នេហាជាតិ ការចែករំលែក និងស្មារតីស្រឡាញ់សន្តិភាព ដោយរំលឹកថា “ខ្មែររួបរួម ខ្មែរខ្លាំង”។

សូមជម្រាបថា ពិធីសម្ពោធនេះ មានការអញ្ជើញចូលរួមពីសម្តេចព្រះសង្ឃ ព្រះសង្ឃ យាយជី តាជី តំណាងរដ្ឋបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ប្រធានគម្រោង ដៃគូឧបត្ថម្ភ បងប្អូនវិចិត្រករ សិល្បករ និងប្រជាពលរដ្ឋជាច្រើនរូប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម