ព័ត៌មានជាតិ
ស.ស.យ.ក សហការជាមួយ រដ្ឋបាលខេត្តសៀមរាប រៀបចំសង្ក្រាន្តវត្តបូណ៌ខ្នារតេជោ ផ្ដល់ភាពរីករាយ និងលើកទឹកចិត្តគ្រួសារភៀសសឹក
ក្នុងស្មារតីចែករំលែកសេចក្ដីសុខ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) សហការជាមួយ រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលស្រុកក្រឡាញ់ បានរៀបចំសង្ក្រាន្តវត្តបូណ៌ខ្នារតេជោ ក្នុងស្រុកក្រឡាញ់ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលឆាប់ៗ ខាងមុខ ដើម្បីផ្ដល់ភាពរីករាយ លើកទឹកចិត្តគ្រួសារភៀសសឹកកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពស្រុកក្រឡាញ់ និងដើម្បីរក្សាវប្បធម៌ ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ។


លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានឲ្យដឹងថា ការរៀបចំនេះមានកម្មវិធីជាច្រើន ដូចជា ៖ ពិធីក្រុងពាលី ពិធីសំណេះសំណាល ពិធីសូត្រមន្ត រាប់បាត្រ និងប្រគេនចង្ហាន់ព្រះសង្ឃដើម្បីឧទ្ទិសកុសលជូនវីរកងទ័ព ការលេងល្បែងប្រជាប្រិយ មានចោលឈូង លាក់កន្លែង វាយក្អម ទាញព្រ័ត្រ និងលោតបាវ ដល់ពេលថ្ងៃត្រង់ គឺមានអាហារសាមគ្គី ពិសានំបញ្ចុកជួបជុំគ្នា។

លោក ហេង សុខណាង សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ការរៀបចំសង្ក្រាន្តជាមួយគ្រួសារភៀសសឹកកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព មានគោលបំណងសំខាន់បំផុតនោះ គឺដើម្បីរក្សាវប្បធម៌ ទំនៀមទម្លាប់ដ៏ល្អផូផង់របស់ជាតិខ្មែរ។ កម្មវិធីនេះក៏ជាការយកចិត្តទុកដាក់ ការលើកទឹកចិត្ត ការផ្ដល់កម្លាំងចិត្ត និងអាចធ្វើឲ្យរសាយទុក្ខកង្វល់របស់ពលរដ្ឋភៀសសឹក តាមរយៈការបង្កើតបរិយាកាសសប្បាយរីករាយតាមបែបប្រពៃណី ដូចជា ការលេងល្បែងប្រជាប្រិយ ការធ្វើបុណ្យទានរួមគ្នា បង្ហាញពីការសាមគ្គីភាព និងការគោរពស្រឡាញ់រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ព្រះសង្ឃ អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានជាមួយជនភៀសសឹក។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ដោយបានការយកចិត្តទុកដាក់ខ្លាំងពីសុខទុក្ខ ការលំបាក និងការរស់នៅរបស់ជនភៀសសឹក ដែលកំពុងបន្តការស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនានាក្នុងខេត្ត ដោយមិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានវិញបាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ប្រាក់ សោភ័ណ អភិបាលខេត្ត បានអនុញ្ញាតឲ្យរដ្ឋបាលស្រុកក្រឡាញ់ និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកក្រឡាញ់ សហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការ សមាគម និងសប្បុរសជននានា រៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៦ ជាមួយគ្រួសារភៀសសឹកកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងស្រុកក្រឡាញ់ ឲ្យមានភាពសប្បាយរីករាយ និងល្អប្រសើរ៕
អត្ថបទ ៖ គឿនវេត




-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


