ព័ត៌មានជាតិ
អគ្គនាយក Minibea បង្ហាញពីភាពរីកចម្រើនក្រុមហ៊ុនរបស់ខ្លួន ហើយមានផែនការបង្កើតរោងចក្រថ្មីនៅកម្ពុជាបន្ថែមទៀត
អគ្គនាយកក្រុមហ៊ុន Minibea បានបង្ហាញពីភាពរីកចម្រើនក្រុមហ៊ុនរបស់ខ្លួន ហើយក៏បានបង្ហាញពីផែនការបង្កើតរោងចក្រថ្មីនៅកម្ពុជាបន្ថែមទៀត។ ការបង្ហាញនេះ គ្រាដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុន Minibea ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣នេះ។

នៅក្នុងជំនួបនេះ លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមារញឹក អនុញ្ញាតឲ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានចូលរួមអបអរសាទរចំពោះសម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តីកម្ពុជា ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា។

លោកអគ្គនាយក ក៏បានជម្រាបជូនសម្តេចធិបតី អំពីការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស របស់ក្រុមហ៊ុន Minibea ក្នុងនាមជារោងចក្រផលិតគ្រឿងបង្គុំ។ ក្នុងនោះ ក្រុមហ៊ុនបានបន្តបោះជំហានទៅមុខឥតឈប់ឈរ ឆ្ពោះទៅការប្រែក្លាយជាក្រុមហ៊ុនបៃតង (Green Transformation GX) ដោយព្យាយាមកាត់បន្ថយនូវការបំភាយឧស្ម័នកាបូនិច ក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូល។

ម្យ៉ាងទៀត ខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Minibea បានប្រែក្លាយខ្លួនឲ្យទៅជាអព្យាក្រឹត្យកាបូន តាមរយៈការជំរុញ នូវការលក់ផលិតផលបៃតង និងផលិតផលផ្សេងៗទៀត ដែលមានលក្ខណៈសន្សំសំចៃថាមពល រួមទាំងផែនការអនាគត ក្នុងបង្កើតកសិដ្ឋានផលិតថាមពលដោយពន្លឺព្រះអាទិត្យ និងការបង្កើតរោងចក្រថ្មី នៅក្នុងប្រទេសកម្ពុជា ផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះជំនួបជាមួយលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា និងថ្នាក់ដឹកនាំក្រុមហ៊ុន Minibea នាឱកាសនេះ និងបានរំលឹកផងដែរ អំពីជំនួបនៅទីក្រុងតូក្យូ កាលពីឆ្នាំ ២០២២កន្លងទៅ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ក្នុងនាមមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
បន្ថែមពីលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះជោគជ័យ នៃការវិនិយោគរបស់ក្រុមហ៊ុន Minibea នៅកម្ពុជា ដោយចាប់ផ្តើមពីដើមទុនប្រមាណ ២៣លានដុល្លារ រហូតបានកើនដល់ ៦០០លានដុល្លារ ហើយការសម្រេចចិត្តពង្រីកការវិនិយោគនេះ ពិតជាបានស្តែងឲ្យឃើញនូវទំនុកចិត្តរបស់ក្រុមហ៊ុន ចំពោះស្ថិរភាពរបស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែក របស់ក្រុមហ៊ុន Minibea នៅក្នុងដំណើរអភិវឌ្ឍរបស់កម្ពុជា តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារសម្រាប់ប្រជាជន ក៏ដូចជាការបង្កើតនូវគំរូស្តង់ដារល្អ នៃលក្ខខណ្ឌការងារសម្រាប់កម្មករ-និយោជិត ព្រមជាមួយនឹងការសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគរបស់ក្រុមហ៊ុន Minibea ពីព្រោះជោគជ័យរបស់ Minibea ក៏ជាជោគជ័យរបស់កម្ពុជា ដូចគ្នា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


