ព័ត៌មានជាតិ
មន្ត្រីនគរបាលខេត្តព្រៃវែង១១រូប ត្រូវបញ្ជូនទៅមណ្ឌលព្យាបាលបន្សាបគ្រឿងញៀន
នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចេញមកបំភ្លឺជុំវិញការឃាត់ខ្លួនមន្ត្រីនគរបាលចំនួន១១រូប ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ក្រោយរកឃើញថា មន្ត្រីនគរបាលទាំងនេះ បានប្រើប្រាស់គ្រឿងញៀន។

ការបំភ្លឺរបស់ស្នងការដ្ឋានខេត្តព្រៃវែង ដោយហេតុថា នៅពេលថ្មីៗនេះ មានការចែករំលែកព័ត៌មានមិនច្បាស់លាស់លើបណ្ដាញសង្គមស្ដីពីការឃាត់ខ្លួនមន្ត្រីនគរបាលខេត្តព្រៃវែងចំនួន១១នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ហើយបញ្ជូនទៅមណ្ឌលស្តារនីតិសម្បទា។
ពាក់ព័ន្ធករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង តាមរយៈសេចក្ដីបំភ្លឺរបស់ខ្លួន នៅថ្ងៃទី២ ខែវិច្ឆិកា នេះ បានឱ្យដឹងថា ដោយមានការចង្អុលដឹកនាំពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា គឺចាប់ពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបើកយុទ្ធនាការធ្វើតេស្តស្វែងរកសារធាតុគ្រឿងញៀនពីលោកស្នងការ លោក-លោកស្រីជាស្នងការរង លោកនាយការិយាល័យ បណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ វរនគរបាលការពារព្រំដែនលេខ៦០៧ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ និងមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង។

ជាលទ្ធផល ក្រោយការតេស្តរកសារធាតុញៀន គឺគិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារបានស្វែងរកឃើញមន្ត្រីនគរបាលដែលជាអ្នកប្រើប្រាស់គ្រឿងញៀនចំនួន១១នាក់។ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជូនមន្ត្រីនគរបាលទាំង១១រូបនេះ ទៅកាន់មណ្ឌលស្តារនីតិសម្បទា និងព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
តែយ៉ាងណា បើតាមសេចក្ដីបំភ្លឺដដែលនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នឹងអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់បំផុតតាមគោលការណ៍សម្រេចពីថ្នាក់ដឹកនាំ នៅពេលក្រោយជុំវិញករណីនេះ។ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអរគុណ និងស្វាគមន៍ទទួលយករាល់កិច្ចសហការ មតិរិះគន់ស្ថាបនាពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសតាមបណ្ដាញសារព័ត៌មាន ដែលកន្លងមក បានចូលរួមសហការ និងបន្តសហការក្នុងការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន។

កន្លងមក លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា ការតេស្តពិនិត្យស្វែងរកសារធាតុញៀនពីមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែងនេះ គឺមិនមែនធ្វើតែម្ដងនេះឡើយ គឺស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នឹងរៀបចំធ្វើយុទ្ធនាការនេះជាបន្តបន្ទាប់ទៀត ដោយមិនមានការជូនដំណឹងទុកជាមុនឡើយ។ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានអះអាងថា ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នឹងប្រកាសអាសន្នភ្លាមៗ បើករណីមន្ត្រីនគរបាលរូបណាគេចវេស ឬអវត្តមានមិនមកធ្វើតេស្ត នោះក្រុមការងារត្រួតពិនិត្យ អាចសន្និដ្ឋានបានថា មន្ត្រីនគរបាលរូបនោះ មានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


