ព័ត៌មានជាតិ
កូនប្រុស២រូបរបស់លោក ផៃ ប៊ុនឈឿន កំពុងកាន់តួនាទីជាស្នងការខេត្ត
លោក ឈឿន ប៊ុនឆន ត្រូវប្រកាសចូលកាន់តំណែងជាស្នងការនគរបាលខេត្តព្រៃវែង នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ លោក ឈឿន ប៊ុនឆន ជាកូនប្រុសទី២របស់លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ដែលបានកាន់ជាស្នងការខេត្ត ខណៈកូនប្រុសទី១ គឺលោក ឈឿន សុចិត្ត កំពុងកាន់ជាស្នងការនគរបាលខេត្តកណ្ដាល។

មុនប្រកាសតែងតាំងជាស្នងការនគរបាលខេត្តព្រៃវែងនេះ លោក ឈឿន ប៊ុនឆន មានតួនាទីជាប្រធាននាយកដ្ឋានវិទ្យុទាក់ទងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានតែងតាំងក្នុងអំឡុងឆ្នាំ២០២១។ លោក ឈឿន ប៊ុនឆន ក៏ធ្លាប់ធ្វើជាអធិការនគរបាលស្រុកកោះធំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ហើយក្រោយមក ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លុះនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឈឿន ប៊ុនឆន ក៏ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បញ្ចប់តំណែងពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង។ ក្រោយការបញ្ចប់តំណែងនេះ លោក ឈឿន ប៊ុនឆន ក៏ត្រូវបានសម្ដេចក្រឡាហោម ស ខេង ចេញប្រកាសតែងតាំងជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសលោក ព្រំ សន្ធរ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។

ដោយឡែក លោក ឈឿន សុចិត្ត ដែលជាកូនប្រុសច្បងលោក ផៃ ប៊ុនឈឿន និងត្រូវជាបងប្រុសរបស់លោក ឈឿន ប៊ុនឆន គឺបានកាន់តំណែងជាស្នងការនគរបាលខេត្តកណ្តាល តាំងពីឆ្នាំ២០២០។ មុនឡើងជាស្នងការ លោក ឈឿន សុចិត្ត ធ្លាប់កាន់តួនាទីជាស្នងការរងនគរបាលខេត្តកណ្តាល ទទួលផែនប្រឆាំងគ្រឿងញៀន។

ក្រៅពីកូនប្រុសទាំង២នេះ លោក ផៃ ប៊ុនឈឿន ដែលជាអតីតអភិបាលខេត្តកណ្ដាលរូបនេះ ក៏មានកូនប្រុសស្រីចំនួន ៣រូបផ្សេងទៀតដែលកំពុងបម្រើការងារជាមន្ត្រីរាជការ និងមានតួនាទីសំខាន់ៗ។ ក្នុងនោះ កូនប្រុសទី៣ គឺលោក ឈឿន ប៊ុណ្ណារ័ត្ន បច្ចុប្បន្នកំពុងកាន់តំណែងជារដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងលោក ឈឿន ប៊ុណ្ណារិទ្ធិ កូនប្រុស ទី៤ ជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ ខណៈកូនស្រីពៅ គឺលោកស្រី ឈឿន បុប្ផារ័ត្ន កំពុងកាន់តំណែងជាអភិបាលរងក្រុងតាខ្មៅ ខេត្តកណ្តាល៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


