ព័ត៌មានជាតិ
សម្តេចធិបតី ណែនាំឱ្យអង្គភាពយោធាពង្រឹងការកសាងធនធានមនុស្សទាំងបរិមាណ និងគុណភាព
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់គ្រប់អង្គភាពយោធាទាំងអស់ ត្រូវពង្រឹងការងារហ្វឹកហ្វឺន និងការកសាងប្រភពធនធានមនុស្ស ដោយគិតទាំងបរិមាណ និងគុណភាព ដើម្បីបម្រើដល់កិច្ចការពារជាតិឱ្យមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នៅព្រឹកថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដូច្នេះថា៖ «គ្រប់អង្គភាពទាំងអស់ ត្រូវពង្រឹងការហ្វឹកហ្វឺន រៀនសូត្រ និងការកសាងប្រភពធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើដល់កិច្ចការពារជាតិឱ្យមានប្រសិទ្ធភាព ជាពិសេសអង្គភាពយោធាទាំងអស់ ត្រូវពង្រឹងការបង្កើនជំនាញដល់យោធាឱ្យស្របតាមភារកិច្ច»។ សម្ដេចធិបតី បានចាត់ទុកការងារហ្វឹកហ្វឺន គឺជាការធ្វើទំនើបកម្មមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យការពារជាតិ ខណៈទំនើបកម្មចំនួន២ផ្សេងទៀត ក៏ត្រូវបានយកចិត្តទុកដាក់ ពោល គឺទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងទំនើបកម្មគ្រឿងបំពាក់។

នៅចំពោះមុខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានជំរុញធ្វើយ៉ាងណាឱ្យកងទ័ពកម្ពុជា ត្រូវតែជាកងទ័ពដែលមានវិជ្ជាជីវៈខ្ពស់ ស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជន និងយកអស់ស្មារតីគោរពឱ្យបានម៉ឺងម៉ាត់រាល់បទបញ្ញត្តិ សារាចរណែនាំ លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តនានា ហើយប្រកាន់ខ្ជាប់នូវសេចក្ដីថ្លៃថ្នូរបស់កងយោធពលខេមរភូមិន្ទ សំដៅប្រែក្លាយជាកម្លាំងដ៏ពិតប្រាកដនៃខឿនការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

សម្ដេចធិបតី ក៏បានផ្ដល់អនុសាសន៍ដល់គ្រប់អង្គភាពយោធា នៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បំផុតទៅលើការប្រើប្រាស់កម្លាំង ធនធានទ្រព្យសម្បត្តិរបស់អង្គភាពឱ្យបានស្ថិតស្ថិរ និងមានប្រសិទ្ធភាព។ ក្នុងន័យនេះ សម្ដេចធិបតី បានណែនាំឱ្យមានការប្រើប្រាស់កម្លាំងឱ្យសមស្របតាមតម្រូវការ និងជំនាញ ព្រមទាំងត្រូវគ្រប់គ្រង ថែរក្សាគ្រឿងសព្វាវុធ បរិក្ខាយោធាគ្រប់បែបយ៉ាង ទាំងស្បៀងអាហារ ជាដើម ឱ្យបានត្រឹមត្រូវ និងគង់វង្ស។
ទន្ទឹមនេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យអង្គភាពទាំងអស់ យកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈគ្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យជាយថាហេតុណាមួយ ដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំងសហការឱ្យបានស្និទ្ធិរមួតជាមួយអាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


