ព័ត៌មានជាតិ
មហោស្រពសិល្បៈ “ប្រាំពីរពណ៌” បង្កើតឡើងដើម្បីលើកកម្ពស់ភាពចម្រុះ និងបរិយាបន្នសង្គមប្រកបដោយភាពច្នៃប្រតិដ្ឋ
អង្គការសិល្បៈខ្មែរអមតៈ បានប្រារព្ធធ្វើកម្មវិធី “ជ័យលាភីអមតៈ ឆ្នាំ២០២៣” និងសន្និសីទសារព័ត៌មានមហោស្រព “ប្រាំពីរពណ៌” កាលពីរសៀលថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅ Factory Phnom Penh។ គួរបញ្ជាក់ផងដែរថា ឆ្នាំនេះក៏ជាខួប២៥ឆ្នាំ ដែលសិល្បៈខ្មែរអមតៈបានធ្វើការយ៉ាងសកម្មក្នុងវិស័យសិល្បៈវប្បធម៌។
អង្គការសិល្បៈខ្មែរអមតៈ បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៨ ដោយលោក អាន ចនផន ដែលជាតន្រ្តីកររស់រានពីសម័យខ្មែរក្រហម។ បច្ចុប្បន្ន អង្គការនេះមានបេសកកម្ម ដើរតួជាកត្តាជំរុញនៅក្នុងវិស័យសិល្បៈដ៏រស់រវើក ញ៉ាំងចិត្តអ្នកជំនាន់ថ្មី។
បន្ទាប់ពីរយៈពេលជិតបីទសវត្សរ៍ ក្នុងការស្តារបានដោយជោគជ័យនូវទម្រង់សិល្បៈដែលស្ទើរតែបាត់បង់ការកសាងនិរន្តរភាព ការគាំទ្រមនុស្សវ័យក្មេងជំនាន់ក្រោយក្នុងវិស័យសិល្បៈ ការបង្កើតឱកាសការងារ ការចូលរួមផ្លាស់ប្រែប្រព័ន្ធតាមរយៈការតស៊ូមតិលើគោលនយោបាយវប្បធម៌ និងការកសាងទស្សនិកជនថ្មីសម្រាប់វិស័យសិល្បៈ បច្ចុប្បន្នសិល្បៈខ្មែរអមតៈបានវិវត្ត ការងាររបស់ខ្លួនដោយផ្តោតលើការពង្រឹងភាពច្នៃប្រតិដ្ឋ និងអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធសិល្បៈមួយឱ្យមានភាពរឹងមាំតាមរយៈការផ្តល់មូលនិធិផ្សេងៗនិងការឧបត្ថម្ភដំឡើងស្នាដៃថ្មី។
សិល្បៈខ្មែរអមតៈក៏បានរៀបចំកម្មវិធី «ជ័យលាភីអមតៈ ឆ្នាំ២០២៣» នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ពីម៉ោង ៥:៣០នាទី ដល់ ៨:០០នាទីយប់ នៅ Factory Phnom Penh ដើម្បីប្រកាសជ័យលាភីអ្នកទទួលបានអាហារូបករណ៍ និងមូលនិធិនានាពីអង្គការសិល្បៈខ្មែរអមតៈសម្រាប់ឆ្នាំ ២០២៣។
កម្មវិធីនេះនឹងបង្ហាញជូនទស្សនីយភាពសិល្បៈ ហើយវាក៏ជាឱកាសដែលសហគមន៍សិល្បៈអាចមកជួបជុំស្គាល់គ្នានិងចងបណ្តាញទំនាក់ទំនង។ មុនពេលកម្មវិធីនេះ នៅម៉ោង ៤:០០ ដល់ ៥:៣០ នាទី នឹងមានវេទិកាពិភាក្សាស្តីពី «បទពិសោធនៃដំណើរការរៀនសូត្រនិងការចែករំលែកលទ្ធផលរង្វាយតម្លៃជាបឋមនៃមូលនិធិរុងរឿង» ដល់សហគមន៍សិល្បៈផងដែរ ហើយវាគ្មិននៃវេទិកានេះជាអ្នកទទួលបានមូលនិធិរុងរឿងពីសិល្បៈខ្មែរអមតៈ។
អមជាមួយនឹងការប្រកាសព័ត៌មានស្តីពីកម្មវិធី «ជ័យលាភីអមតៈ ឆ្នាំ២០២៣», នៅម៉ោង ២:៣០នាទី ដល់ ៣:៣០នាទី រសៀលនៅថ្ងៃដដែលនេះ អង្គការសិល្បៈខ្មែរអមតៈ ក៏បានធ្វើសន្និសីទសារព័ត៌មានមហោស្រព «ប្រាំពីរពណ៌» ដែលរចនាកម្មវិធីដោយយុវជន ៤ រូប ដែលមានសាវតារផ្សេងៗគ្នា ដើម្បីតំណាងសំឡេងយុវជន។
មហោស្រពនេះ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃ ៨ ដល់ ១០ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីផ្សារភ្ជាប់យុវជនទៅនឹងសង្គម តាមរយៈការបង្ហាញស្នាដៃសិល្បៈ កិច្ចពិភាក្សា ការចែករំលែកចំណេះដឹងនិងបទពិសោធន៍ទៅកាន់យុវជន ក្នុងគោលបំណងលើកកម្ពស់ភាពចម្រុះ និងបរិយាបន្នសង្គមប្រកបដោយភាពច្នៃប្រតិដ្ឋ។
នេះជាលើកទីមួយហើយដែលសិល្បៈខ្មែរអមតៈ បើកឱកាសឱ្យយុវជនដែលធ្លាប់ស្ម័គ្រចិត្តបម្រើការងារសង្គមនិងពុំធ្លាប់មានបទពិសោធន៍ក្នុងសិល្បៈ អាចទទួលបានបទពិសោធដោយផ្ទាល់ដោយប្រើប្រាស់ភាពច្នៃប្រតិដ្ឋរបស់ខ្លួនក្នុងការរចនាកម្មវិធីមហោស្រពសិល្បៈមួយ ដែលរំលេចពីចំណង់ចំណូលចិត្ត និងចក្ខុវិស័យរបស់ពួកគេចំពោះសង្គម។
លោក សុង សេង ដែលជាអ្នកសម្របសម្រួលកម្មវិធីបានបញ្ជាក់ថា៖ «ខ្ញុំកត់សម្គាល់ឃើញថា អ្នករចនាមហោស្រពយើងបានរចនាកម្មវិធីដ៏គួរឱ្យចាប់ចិត្ត ព្រោះមានកម្មវិធីសិល្បៈដ៏សម្បូរបែបដែលរំលេចពីស្ថានភាពយុវជនបច្ចុប្បន្ន និងអ្វីដែលយុវជនសម្លឹងចង់ឃើញនាពេលអនាគត។ ខ្ញុំយល់ថានេះជាមូលហេតុដែលធ្វើឱ្យមហោស្រពនេះមានលក្ខណៈសមស្របសម្រាប់យុវជន ក៏ដូចជាសារធារណៈជនមកចូលរួម ព្រោះពួកគេនឹងមិនត្រឹមតែទទួលបានការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឈ្វេងយល់អំពីវឌ្ឍនភាព និងទំនាក់ទំនងដែលមិនអាចខ្វះបានរវាងសិល្បៈ និងសង្គមផងដែរ។»
លោក សុង សេង រំពឹងថា នៅពេលដែលមហោស្រពមួយនេះបានបញ្ចប់ទៅ យុវជនដែលមកចូលរួមមហោស្រពអាចទទួល ចំណេះដឹងបន្ថែមអំពីតួនាទីរបស់ខ្លួន ដើម្បីចូលរួមជ្រោមជ្រែងវិស័យសិល្បៈទៅតាមសក្តានុពលរបស់ខ្លួន។
លោក ឃឿន កំសត់ ជាយុវជនហាត់ការមកពីខេត្ត រតនគិរី បានលើកឡើងថា ការរចនាកម្មវិធីមហោស្រពសិល្បៈជាបទពិសោធន៍លើកទីមួយសម្រាប់លោក ហើយបានធ្វើឱ្យលោកមានភាពស្និទ្ធស្នាលជាមួយសិល្បៈជាច្រើនទម្រង់ ដូចជាបុរាណ សម័យ និងសហសម័យ ដែលលោកមិនធ្លាប់ស្គាល់ ឬឃើញពីមុនមក។
លោកបញ្ជាក់ថា៖ «ក្រុមហាត់ការយើងបានច្របាច់គំនិតផ្សេងៗបញ្ចូលគ្នា ដោយផ្អែកលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួនទាក់ទងនឹងបញ្ហាបរិស្ថាន សិទ្ធិមនុស្ស ផ្លូវចិត្តយុវជន ជនជាតិដើមភាគតិច និងរឿងផ្សេងៗទៀត រួចយើងជជែករកចំណុចស្នូលមួយ ដើម្បីបង្ហាញនូវផ្ទាំងទស្សនីយភាពសម្រាប់យុវជនផ្សេងទៀត ឱ្យងាកមកចាប់អារម្មណ៍ប្រើប្រាស់សិល្បៈដើម្បីភ្ជាប់ខ្លួនទៅនឹងសង្គមរបស់យើង។ ដូច្នេះ ខ្ញុំគិតថា យុវជនគួរចាប់យកឱកាសនេះដើម្បីពិសោធខ្លួនជាមួយសិល្បៈចម្រុះ និងក្រេបយកចំណេះដឹងពីសិក្ខាសាលា ក៏ដូចជារីករាយនឹងកម្មវិធីកម្សាន្តផ្សេងៗទៀតដែលមាននៅក្នុងមហោស្រព។»
កញ្ញា អ៊ុក លីគួយយូ យុវជនហាត់ការម្នាក់ទៀត ដែលមានបទពិសោធន៍តិចតួចលើការរៀបចំកម្មវិធីសិល្បៈ បានរំឭកឡើងថា នាងមានចំណាប់អារម្មណ៍ច្រើនជាងមុនទៅលើសិល្បៈ ជាពិសេសភាពយន្តឯកសារ និងទម្រង់សិល្បៈបុរាណ ក៏ដូចជាការគ្រប់គ្រងកម្មវិធី ដែលសុទ្ធតែជាបទពិសោធន៍ថ្មីសន្លាងសម្រាប់កញ្ញា។
កញ្ញាបន្ថែមទៀតថា៖ «នេះជាឱកាសដ៏ពិសេសមួយសម្រាប់យុវជនក្នុងការទទួលបានបទពិសោធន៍ថ្មី និងជាឱកាស ដើម្បីឈ្វេងយល់អំពីស្នាដៃសិល្បៈដ៏រស់រវើករបស់សិល្បករកម្ពុជា តាមរយៈការទស្សនាការសម្តែងសិល្បៈចម្រុះ ការជួបជាមួយសិល្បករ និងតន្ត្រីករដ៏មានទេពកោសល្យ។ តាមរយៈការចូលរួមក្នុងមហោស្រពសិល្បៈ ខ្ញុំយល់ថាយុវជនអាចប្រើប្រាស់សិល្បៈ ដើម្បីបង្កើតការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសង្គម និងសហគមន៍ដែលពួកគេរស់នៅក៏ដូចជាប្រើប្រាស់សិល្បៈជាមធ្យោបាយផ្សះផ្សារផ្លូវចិត្តពួកគេផងដែរ។»
កញ្ញា គួយយូ បញ្ជាក់ថា មហោស្រព «ប្រាំពីរពណ៌» គឺជាកន្លែងដ៏ពិសេសមួយសម្រាប់យុវជនចូលរួមក្នុងការផ្សព្វផ្សាយនិងលើកស្ទួយវិស័យសិល្បៈខ្លួន ថែមទាំងមានឱកាសប្រើសិទ្ធិសេរីភាពដើម្បីបង្ហាញអំពីខ្លួនពួកគេដោយបើកចំហ។
សូមបញ្ជាក់ផងដែរថា កម្មវិធី «ជ័យលាភីអមតៈ ឆ្នាំ២០២៣» និងសន្និសីទសារព័ត៌មានមហោស្រពសិល្បៈ «ប្រាំពីរពណ៌» អាចដំណើរការទៅបានដោយបានការគាំទ្រពីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ ស៊ុយអ៊ែត (SIDA) និង Eric & Debra៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព