ព័ត៌មានជាតិ
ទូតជប៉ុន៖ ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ទៅជប៉ុន ជាឱកាសក្នុងការកំណត់ទិសដៅថែមទៀតនូវទំនាក់ទំនងកម្ពុជា-ជប៉ុន
ឯកអគ្គរាជទូតជប៉ុន ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន នៅពាក់កណ្ដាលខែនេះ នឹងផ្តល់ឱកាសដ៏សំខាន់មួយក្នុងការកំណត់ទិសដៅបន្ថែមទៀតសម្រាប់ទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងការកសាងមិត្តភាព និងភាពជឿទុកចិត្តដ៏រឹងមាំរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៧០ឆ្នាំមកនេះ។

ក្នុងពិធីជប់លៀងបិទព្រឹត្តិការណ៍ខួបលើកទី៧០ នៃទំនាក់ទំនងកម្ពុជា-ជប៉ុន នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ លោក អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងឱ្យដឹងថា ចុងសប្តាហ៍ក្រោយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងនៅប្រទេសជប៉ុន ស្របពេលដែលសម្ដេចចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុន។
ជុំវិញដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីលើកនេះ ត្រូវបានលោក អ៊ូអិណូ អាត់ស៊ូស៊ី រំពឹងថា នឹងផ្តល់ឱកាសដ៏សំខាន់បំផុតសម្រាប់ប្រទេសទាំងពីរ ដើម្បីបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា-ជប៉ុន ជាពិសេសការបង្កើនភាពជឿទុកចិត្ត និងមិត្តភាព ដែលប្រទេសទាំងពីរបានកសាងក្នុងរយៈពេល៧០ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត។

លោក បានបន្តថា តាមរយៈទស្សនកិច្ចនេះ ក៏នឹងក្លាយជាឱកាសដ៏សំខាន់មួយក្នុងការកំណត់ទិសដៅ ដែលទំនាក់ទំនងជប៉ុន-កម្ពុជា គប្បីប្រកាន់យកក្នុងការអភិវឌ្ឍបន្ថែមទៀត ក្នុងឱកាសខួបលើកទី៧០នេះ ខណៈរដ្ឋាភិបាលជប៉ុន នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធិជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មីនេះ ក្នុងនាមជាដៃគូដែលមានការជឿជាក់យ៉ាងមុតមាំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញការអភិវឌ្ឍរវាងប្រទេសទៅវិញទៅមក ក៏ដូចជាការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាទាំងក្នុងតំបន់ និងអន្តរជាតិ។
សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោងនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ ដំណើរទៅកាន់ប្រទេសជប៉ុនពេលនេះ សម្ដេចធិបតី នឹងមានជំនួបកំពូលជាមួយលោក គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន។
ជាការកត់សម្គាល់ ឆ្លៀតក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក គីស៊ីដា ហ្វូមីអូ បានជួបស្វាគមន៍ និងមានជំនួបជាមួយគ្នាម្ដងរួចមកហើយ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សន្តិសុខសង្គម៨ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


