ព័ត៌មានជាតិ
អាជ្ញាធរមីន ទទួលពានរង្វាន់ភាពជាអ្នកដឹកនាំគំរូ ក្នុងវិស័យសកម្មភាពមីនពីអង្គការស្មារតីនៃអ្នកកីឡា
អង្គការស្មារតីនៃអ្នកកីឡា (Spirit of Soccer_SOS) នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ បានប្រគល់ពានរង្វាន់ភាពជាអ្នកដឹកនាំគំរូក្នុងវិស័យសកម្មភាពមីន ដល់លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ដែលពានរង្វាន់នេះ គឺជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងស្ថាប័នអាជ្ញាធរមីនទាំងមូល។

អង្គការ SOS បាននិងកំពុងផ្តល់ការអប់រំអំពីហានិភ័យនៃកិច្ចសង្គ្រោះជីវិតដល់កុមារ និងសហគមន៍នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម ឬក្រោយសង្រ្គាម នៅក្នុងប្រទេសជាង ១០ ជុំវិញពិភពលោក ចាប់តាំងពីឆ្នាំ ១៩៩៦ ដោយបានអប់រំដោយផ្ទាល់ដល់កុមារជាង ១ លាននាក់ និងបានបណ្តុះបណ្តាលវិជ្ជាជីវៈដល់គ្រូបង្វឹកបាល់ទាត់ជាង ២.០០០ នាក់។
នៅប្រទេសកម្ពុជា អង្គការ SOS បានចាប់ផ្តើមក្នុងកម្មវិធីបាល់ទាត់ និងអប់រំការយល់ដឹងអំពីមីន ក្នុងឆ្នាំ ២០០៦ ហើយបានបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទាត់ចំនួន ១៦៧ នាក់ និងបានអប់រំដល់កុមារកម្ពុជាជាង ៥០០.០០០ នាក់ រួមទាំងសហគមន៍រងផលប៉ះពាល់។

តំណាងអង្គការស្មារតីនៃអ្នកកីឡា លោក Ben Brett បានលើកឡើងថា គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សុខសុវត្ថិភាព និងសុខុមាលភាពរបស់មនុស្សជុំវិញពិភពលោក ព្រមទាំងជាឃាតករសម្លាប់ និងធ្វើបាបដល់ជនស៊ីវិលស្លូតត្រង់ រួមទាំងកុមារ ដោយមិនរើសអើង។
បញ្ហាមីននៅកម្ពុជា ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន ដែលមាន លោក លី ធុជ ជាអនុប្រធានទី១ បានលុបបំបាត់ការគំរាមកំហែងពីសហគមន៍ទូទាំងប្រទេស និងបានជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋក្នុងការកសាងសហគមន៍ឡើងវិញប្រកបដោយសុវត្ថិភាព និងសន្តិសុខ។

លោក Ben Brett បានថ្លែងបន្តទៀតថា ក្រៅពីការងារក្នុងសកម្មភាពមីន លោកបណ្ឌិត លី ធុជ ក៏ជាអ្នកគាំទ្រដ៏ស្រលាញ់មួយរូបរបស់អង្គការ Spirit of Soccer ក្នុងកម្មវិធីអប់រំកុមារអំពីគ្រោះថ្នាក់នៃគ្រាប់មីន។
ការប្តេជ្ញាចិត្តរបស់លោក លី ធុជ ចំពោះសកម្មភាពមីន និងការគាំទ្រអង្គការ SOS គឺជាសក្ខីភាពបញ្ជាក់អំពីចរិតលក្ខណៈ និងការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យពិភពលោកកាន់តែល្អប្រសើរ។
លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា “ពានរង្វាន់ភាពជាអ្នកដឹកនាំគំរូនេះ មិនមែនសម្រាប់តែរូបខ្ញុំ និងស្ថាប័ន អាជ្ញាធរមីនទេ វាគឺជាពានរង្វាន់ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញកាតព្វកិច្ច និងការទទួលបាននូវសមិទ្ធផលរួមគ្នារបស់រដ្ឋាភិបាល ម្ចាស់ជំនួយ ដៃគូរអភិវឌ្ឍន៍ ប្រតិបត្តិករ សប្បុរសជន គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានផ្តល់ការគាំទ្រដោយគ្មានលក្ខខណ្ឌដល់សកម្មភាពមីននៅកម្ពុជា ក្នុងការជម្នះរាល់បញ្ហាប្រឈមនានាបង្កឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។”

លោកទេសរដ្ឋមន្រ្តី បានថ្លែងបន្តទៀតថា “ពានរង្វាន់នេះ គឺជាពានរង្វាន់កើតចេញពីនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពជូនប្រទេសជាតិ សម្រាប់ធ្វើជាមូលដ្ឋានគ្រឹះនៃសកម្មភាពមីន និងការអភិវឌ្ឍ។ ជាងនេះទៅទៀត វាកើតចេញពីការតាំងចិត្តយ៉ាងមុះមុតរបស់ សម្តេចមហាបរវធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះចក្ខុវិស័យរបស់សម្តេចក្នុងការបន្តការពារសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិ និងដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីន។”
បើតាមលោកទេសរដ្ឋមន្រ្តី សមិទ្ធផលរយៈពេលជាង ៣០ឆ្នាំ នៃសកម្មភាពមីន គឹបានមកពីការរួមចំណែកគាំទ្រឥតឈប់ឈររបស់ដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងនោះរួមទាំងអង្គការ SOS ដែលបានចូលរួមមកបំពេញការងារនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០៦ ក្នុងកម្មវិធីបាល់ទាត់ និងការអប់រំយល់ដឹងអំពីមីនដល់កុមារកម្ពុជា និងសហគមន៍រងផលប៉ះពាល់ ក្នុងការបង្ការទប់ស្កាត់ការរងរបួស ការស្លាប់ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននិងសហគមន៍ ដើម្បីបង្កើនសកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


