ព័ត៌មានជាតិ
របងថ្ម ៣ ទីតាំង នៅរមណីយដ្ឋានឆ្នេរនេសាទ ឃុំជ្រោយស្វាយ ត្រូវរុះរើចេញជាបន្ទាន់
រដ្ឋបាលខេត្តកោះកុង បានតម្រូវឱ្យម្ចាស់ទីតាំងបម្រើសេវាកម្មទេសចរណ៍ចំនួន ៣ ទីតាំង នៅរមណីយដ្ឋានឆ្នេរនេសាទ ចាំបាច់រុះរើរបងដែលខ្លួនលួចសង់លយចូលដីចំណីឆ្នេរសមុទ្រប្រវែង ១១០ ម៉ែត្រ ចេញជាបន្ទាន់។

ការដាក់កំហិតរយៈពេល ១ ខែ របស់រដ្ឋបាលខេត្ត និងគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង ធ្វើឡើងក្រោយមានការចុះពិនិត្យជាក់ស្ដែងរកឃើញថា ពិតជាមានការរំលោភបំពានដោយការសង់សំណង់រឹងមាំខុសច្បាប់មកលើតំបន់ឆ្នេរសមុទ្ររបស់រដ្ឋប្រាកដមែន។

លោក អន សុធារិទ្ធ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង បានឱ្យដឹងកាលពីរសៀលថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤ ថា របងសំណង់ខ្ពស់ៗ រឹងនេះ ស្ថិតក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដោយមានគេលួចសង់យ៉ាងអធិបតេយ្យធ្វើឱ្យប៉ះពាល់សោភ័ណភាពយ៉ាងធ្ងន់ធ្ងរដល់តំបន់សមុទ្ររបស់រដ្ឋ។

លោកអនុប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង ក៏តម្រូវឱ្យអាជ្ញាធរឃុំស្រង់ឈ្មោះម្ចាស់ទីតាំងទាំង ៣ នេះ ចូលខ្លួនមកដោះស្រាយ ហើយវាយកម្ទេចរបងដោយខ្លួនឯងជាមុនសិន មុននឹងមានវិធានការក្តៅតាមច្បាប់ជាធរមាន។

លើសពីនេះ លោកក៏ធ្វើកំណត់ហេតុរួមលម្អិតមួយផ្ញើជូនក្រសួងជំនាញពាក់ព័ន្ធ ដើម្បីមានវិធានការការពារតំបន់ឆ្នេរសមុទ្រមួយឲ្យគង់វង្ស ចៀសវាងមានការបំពានបន្តទៀត។ ម្យ៉ាងទៀត គ្រប់ម្ចាស់ហាងអាហារដ្ឋាននៅតាមតំបន់ឆ្នេរសមុទ្រ គប្បីគោរពតាមការណែនាំពីការកំណត់តម្លៃម្ហូបអាហារ ឬតម្លៃសំបុត្រចូលលេងកម្សាន្តឱ្យជាក់លាក់បំផុត មិនអាចយកតាមតែចិត្តចង់បានឡើយ។

ទាក់ទិនបញ្ហានេះ លោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ លើកឡើងថា លោកធ្លាប់ដឹកនាំក្រុមការងារចុះណែនាំអប់រំ ព្រមទាំងហាមឃាត់ដល់អ្នកមើលការខុសត្រូវទីតាំងទាំង ៣ ខាងលើ ជាច្រើនលើកច្រើនសាដោយមិនឱ្យសង់របងរឹងមាំខ្ពស់ៗ តាមចំណីឆ្នេរសមុទ្រប៉ះពាល់ការការពារអភិរក្សឆ្នេរសមុទ្រ ក៏ប៉ុន្តែពួកគេមិនព្រមស្តាប់សោះ ហើយរឹងរឹតតែបន្តរំលោភបំពានលើសដើម ក្រោមហេតុផលថា រដ្ឋរុះរើពេលណាអនុវត្តពេលហ្នឹង។

លោកមេឃុំជ្រោយស្វាយ បន្ថែមថា ការលួចសង់សំណង់របងភាគច្រើនធ្វើពេលយប់ជ្រៅដោយមានការជួលពលរដ្ឋក្នុងមូលដ្ឋានឱ្យសង់ ក្រោយការពិនិត្យហាមឃាត់ជាបន្តបន្ទាប់ លុះដល់ពេលមកពិនិត្យជាថ្មីសំណង់បានធ្វើរួចរាល់ទៅហើយ។ លោកក៏ធ្វើការរាយការណ៍ទៅកាន់រដ្ឋបាលស្រុក ដើម្បីសុំចំណាត់ការបន្ត។ ជាក់ស្ដែង ម្ចាស់ទីតាំងទាំង ៣ ដែលសង់របងនៅឆ្នេរនេសាទ គឺ ទី១.ឈ្មោះ សុខ សំណាង ,ទី២.ឈ្មោះ ជាម ឡាយ និង ទី៣.ឈ្មោះ ង៉ោ ហ៊ក។ ក្នុងនាមជាមេឃុំ លោកគាំទ្រពេញទំហឹង នៃចំណាត់ការរបស់រដ្ឋបាលខេត្តចំពោះសំណង់របងបែបអនាធិបតេយ្យទាំងនេះ ក្នុងន័យរំដោះការរំលោភបំពានពីសំណាក់វិស័យឯកជនមិនយល់ពីច្បាប់។

យោងតាមលិខិតមួយច្បាប់របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ចុះហត្ថលេខាដោយ លោក ប៉ែន សុផល កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ បង្ហាញថា ឆ្នេរសមុទ្រកោះស្តេច ឆ្នេរប៉ាក់ខ្លង ព្រែកស្រែអំបិល និងព្រែកជីផាត់ ក្នុងមូលដ្ឋានខេត្តកោះកុង កំពុងរងការសង់សំណង់ និងកាប់ទន្ទ្រានបែបអនាធិបតេយ្យ ដោយតម្រូវឱ្យមានវិធានការទប់ស្កាត់ជាបន្ទាន់។

យ៉ាងណា កម្ពុជាថ្មី មិនទាន់អាចស្វែងរកការពន្យល់បំភ្លឺពីម្ចាស់ទីតាំងផ្តល់សេវាកម្មទេសចរណ៍នៅឆ្នេរនេសាទទាំង ៣ ខាងលើ បាននៅឡើយទេ ជុំវិញការលួចធ្វើរបងរឹងមាំលយចូលដីចំណីសមុទ្រយ៉ាងដូច្នេះ។ ប៉ុន្តែកន្លងទៅ ក៏ដូចបច្ចុប្បន្ន មានមហាជនរិះគន់ជាច្រើនអំពីការលក់ដូរគ្មានតារាងតម្លៃម្ហូបអាហារត្រឹមត្រូវ យកតម្លៃសំបុត្រក្នុងតម្លៃថ្លៃជាងកន្លែងរមណីយដ្ឋានដទៃលើសពីការកំណត់របស់ក្រសួងសេដ្ឋកិច្ច ដែលបង្កភាពអាក្រក់យ៉ាងខ្លាំងដល់មុខមាត់ខេត្តកោះកុង៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


