Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ទម្លាក់ទឹកពីបារាយណ៍ទឹកថ្លា ជួយស្រែប្រាំងប្រជាពលរដ្ឋ

បានផុស

នៅ

ក្រៅពីជាអាងស្ដុកទឹកដ៏ធំជាងគេនៅរមណីយដ្ឋានអង្គរ សម្រាប់ជួយកិច្ចការងារអភិរក្សប្រាសាទ បារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិច ក៏ជាប្រភពទឹកដ៏សំខាន់សម្រាប់ការស្រោចស្រព​ស្រែប្រាំ​ងរបស់ពលរដ្ឋនៅប៉ែកខាងក្រោម ដែលសរុបមានជិត ៧ ពាន់គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យុត យ៉ែម មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរបានចាប់ផ្តើមបើកទឹកទម្លាក់ជូនប្រជាពលរដ្ឋដើម្បី ស្រោចស្រពស្រែប្រាំងចាប់ពីខែធ្នូ ឆ្នាំ២០២៣ និងបន្តរហូតដល់បច្ចុប្បន្ន។ លោកបន្តថា ការងារនេះ គឺអាជ្ញាធរជាតិអប្សរា ក្នុងនាមអ្នកគ្រប់គ្រងទឹកបារាយណ៍ទឹកថ្លា តែងតែ​យកចិត្តទុកដាក់ និងមិនដែលឱ្យមានការរាំងស្ទះទឹកជូនពលរដ្ឋឡើយ ក្នុងបំណងជួយឱ្យការបង្កបង្កើនផលស្រូវប្រាំង របស់ប្រជាពលរដ្ឋបានទិន្នផលល្អ។

ជាមួយនឹងការងារសម្រួលទឹកជូនពលរដ្ឋនេះដែរ លោក យុត យ៉ែម បន្ថែមថា ក្រុមការងារលោកតែងចុះជាប្រចាំ ដោយពេលខ្លះបានជួសជុលប្រឡាយបញ្ជូនទឹកដែលបែកបាក់ និងពិនិត្យទ្វារទឹកឱ្យដំណើរការល្អពេលបិទបើកជាដើម។

លោក ហួត ហាយ តំណាងក្រុមសហគមន៍កសិករប្រើប្រាស់ទឹកបារាយណ៍ទឹកថ្លា បានឱ្យដឹងថា ការប្រើប្រាស់ទឹកនៅឆ្នាំនេះរបស់កសិករគឺមានភាពល្អប្រសើរ។ ក្នុងនាមកសិករមួយរូប លោកក៏សូមថ្លែងអំណរគុណដល់​អាជ្ញាធរជាតិអប្សរា ដែលតែងតែយកចិត្តទុកដាក់ការងារគ្រប់គ្រងទឹក និងទម្លាក់ទឹកជូនពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់ និងទាន់ពេលវេលា។ លោកបន្ថែមថា ស្រែប្រាំងរបស់ប្រជាពលរដ្ឋ​​គឺពឹងមួយផ្នែកធំលើទឹកបារាយណ៍ ក្រៅពីទាញទឹកពីទំនប់៧៨ និងទឹកពីបឹងទន្លេសាប។

គួរបញ្ជាក់ថា សហគមន៍ដែលកំពុងប្រើប្រាស់ទឹកបារាយណ៍សរុបមានចំនួន ៩ឃុំ-សង្កាត់ មាន ៦៥ភូមិ និង ៦៨១៨គ្រួសារ ស្មើនឹងផ្ទៃដីសរុប ៧៨៥០ហិកតា៕

អត្ថបទ៖ នាង សំណាង រូបភាព៖ ភោគ ជា (អាជ្ញាធរជាតិអប្សរា)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម