ព័ត៌មានជាតិ
អ្នកនាំពាក្យបញ្ជាក់ករណីក្រសួងព័ត៌មាន ព្រមានលើកចុងក្រោយចំពោះម្ចាស់គេហទំព័រចំនួន ៣ កាលពីពេលថ្មីៗនេះ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា ការដែលក្រសួងព័ត៌មាន បានចេញលិខិតព្រមានលើកចុងក្រោយចំពោះម្ចាស់គេហទំព័រចំនួន ៣ កាលពីពេលថ្មីៗនេះមក ដោយគេហទំព័រសារព័ត៌មានទាំង ៣នោះ បានផ្សព្វផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានប្រភពច្បាស់លាស់ ការផ្សព្វផ្សាយមិនមានតុល្យភាពព័ត៌មាន ផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈ ដែលនាំឲ្យសាធារណមតិមានការយល់ច្រឡំ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នសាធារណៈ។

ការបញ្ជាក់នេះ បន្ទាប់ពីលោក លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤កន្លងទៅនេះ បានចេញសេចក្ដីប្រកាសព្រមានម្ចាស់គេហទំព័រចំនួន ៣ រួមមាន៖ www.kangmeasnews.com, www.intriplus.news និង www.fbrtvhotnews.com ជាលើកចុងក្រោយឲ្យបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានដោយមិនមានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព ដែលនាំឲ្យសាធារណមតិមានការយល់ច្រឡំ។
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៨ ខែមីនានេះថា ក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានអនុវត្តនីតិវិធីសាកសួរលើករណីចុះផ្សាយរបស់គេហទំព័រទាំង ៣នេះជាបន្តបន្ទាប់ ដោយមានរបាយការណ៍ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ និងថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤។
លោកថា ផ្អែកលើការបំភ្លឺរបស់លោកចាងហ្វាងសារព័ត៌មាន ព្រមទាំងការស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃដោយម៉ត់ចត់ លើធាតុចូល និងព័ត៌មានពាក់ព័ន្ធ ក្រុមការងារជំនាញ បានទាញសេចក្តីសន្និដ្ឋានមួយថា ការផ្សាយរបស់អង្គភាពទាំង ៣ខាងលើ គ្មានមូលដ្ឋានច្បាស់លាស់ ព័ត៌មានមិនមានតុល្យភាព ហើយបានអនុវត្តលើសតួនាទីជាអ្នកសារព័ត៌មាន ដែលជាការបំពានក្រមសីលធម៌វិជ្ជាជីវៈ។
សូមជម្រាបថា នៅក្នុងឆ្នាំ ២០២៣ ក្រសួងព័ត៌មាន បានលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្ម (អាជ្ញាបណ្ណ) របស់អង្គភាពសារព័ត៌មានចំនួន ៦អង្គភាព និងចំនួន ១អង្គភាព នាពេលថ្មីៗនេះ ដោយមូលហេតុបំពានធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងសង្គមកម្ពុជា ក៏ដូចជាសង្គមជាតិផ្សេងទៀត លើពិភពលោកដែរ ការបំពេញតួនាទីតាមក្រមសីលធម៌ វិជ្ជាជីវៈអាជីព និងការផ្សព្វផ្សាយយ៉ាងសកម្មនូវព័ត៌មានពិត មានតុល្យភាពពីសំណាក់អ្នកសារព័ត៌មាន ពិតជាបានចូលរួមដល់ការអភិវឌ្ឍវិស័យព័ត៌មាន លើកតម្កើងអាជីពសារព័ត៌មាន និងរួមចំណែកដល់ការអភិវឌ្ឍសង្គម ឲ្យកាន់តែរីកចម្រើន។
ប៉ុន្តែការផលិត និងផ្សព្វផ្សាយព័ត៌មានដែលប្រាសចាកនឹងក្រមសីលធម៌វិជ្ជាជីវៈ មិនគោរពតាមគោលការណ៍ប្រតិបត្តិ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន អាចនាំមកនូវក្តីអន្តរាយ ការបាត់បង់សណ្តាប់ធ្នាប់ បាត់បង់ទំនុកចិត្តក្នុងសង្គម និងផលវិបាកជាច្រើនទៀត មិនអាចនឹកស្មានដល់។
លោកបន្ថែមថា រាល់ទង្វើដែលបំពាននឹងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ក្រមសីលធម៌វិជ្ជាជីវៈ អង្គភាព ឬអ្នកដែលបានប្រព្រឹត្តនោះ ត្រូវប្រឈមនឹងផលវិបាកដែលកើតចេញពីការរំលោភបំពាន ដោយត្រូវដំណើរការទៅតាមនីតិវិធីក្នុងក្របខណ្ឌច្បាប់៖ អ្នកពាក់ព័ន្ធអាចត្រូវបានកោះអញ្ជើញឲ្យមកទទួលការណែនាំ ដើម្បីតម្រង់ទិសការងារឲ្យត្រឹមត្រូវតាមក្រមវិជ្ជាជីវៈ និងក្របខណ្ឌច្បាប់ ឬត្រូវទទួលការចេញលិខិតព្រមាន។ រីឯក្នុងករណីបំពានធ្ងន់ធ្ងរ អង្គភាពសារព័ត៌មាន ឬអ្នកពាក់ព័ន្ធ អាចឈានដល់ទទួលវិធានការលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្ម(អាជ្ញាបណ្ណ) តែម្តង។
ជាថ្មីម្តងទៀត លោក ទេព អស្នារិទ្ធ ក្នុងនាមជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ឲ្យចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈអាជីពសារព័ត៌មាន ត្រូវបន្តដុសខាត់ និងពង្រឹងសមត្ថភាពជំនាញ ចែករំលែកបទពិសោធន៍ការងារល្អៗ ដោយមិនត្រូវអនុវត្តលើសពីតួនាទី និងភារកិច្ចខ្លួនជាអ្នកសារព័ត៌មាននោះទេ ពោលគឺត្រូវប្រកាន់ខ្ជាប់នូវការគោរព និងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈក្នុងការងារសារព័ត៌មាន ហើយបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌ ដែលច្បាប់កំណត់ប្រកបដោយការទទួលខុសត្រូវ៕

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


