ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការពារជាតិ ទាត់ចោលការផ្សាយថា នៅមូលដ្ឋានសមុទ្ររាមចែកតំបន់មូលដ្ឋានឱ្យនាវាយោធាចិន
ឆ្លើយតបចំពោះការចុះផ្សាយថា នៅមូលដ្ឋានសមុទ្ររាម បានចែកតំបន់មូលដ្ឋានសម្រាប់នាវាយោធាចិន ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិ ចេញមកបញ្ជាក់ថា មិនមែនជាការពិតឡើយ។ អ្នកនាំពាក្យ ចាត់ទុកការផ្សាយបែបនេះ គឺជាចេតនាបង្កឱ្យមានការភាន់ច្រឡំមកលើរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិកម្ពុជា។

លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយថា នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា មានការបែងចែកតំបន់មូលដ្ឋានសម្រាប់នាវាយោធាចិនផ្សេង និងតំបន់មូលដ្ឋាននាវាយោធាកម្ពុជា។ ការផ្សព្វផ្សាយបែបនេះ ជាចេតនាបង្កឱ្យមានការភាន់ច្រឡំ ហើយមិនមែនជាការពិតនោះឡើយ»។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បញ្ជាក់បន្ថែមថា នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា កំពុងធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ ដោយក្នុងនោះមានតំបន់ខ្លះកំពុងសាងសង់ ដែលតម្រូវឱ្យមានការហាមឃាត់មិនឱ្យមានចេញចូលនោះឡើយ ដែលនេះជាកិច្ចការសម្ងាត់របស់កងទ័ព ស្របតាមច្បាប់របស់កម្ពុជា។
ពាក់ព័ន្ធនឹងការផ្សាយចោទប្រកាន់លើវត្តមាននាវាយោធា២គ្រឿងរបស់ចិននៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បញ្ជាក់ឱ្យដឹងដែរថា នាវាយោធាចិន២គ្រឿង ដែលបានចូលចតនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជានោះ គឺទើបតែមកដល់នាថ្មីៗនេះប៉ុណ្ណោះ មិនមែនចូលចតរយៈពេលជាងកន្លះឆ្នាំនោះឡើយ ហើយនេះជានាវាផ្លាស់ប្តូរវេនជាមួយនឹងនាវាយោធាចិនកន្លងទៅ តាមកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-ចិន ដើម្បីមកបណ្តុះបណ្តាលជំនាញបច្ចេកទេសអំពីការប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា។

ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាខាងលើ គឺជាឆ្លើយតបនឹងការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ដោយបានចោទប្រកាន់លើវត្តមាននាវាយោធា២ គ្រឿងរបស់ចិននៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា។ ការផ្សាយចោទប្រកាន់លើវត្តមានយោធាចិននៅមូលដ្ឋានសមុទ្ររាមនេះ មិនមែនជាលើកទី១ឡើយ ជារឿយៗ ទាំងក្រុមប្រឆាំងនៅក្រៅប្រទេស ទាំងសារព័ត៌មានបរទេស ក៏ដូចជាប្រទេសមហាអំណាចមួយចំនួន គឺតែងតែព្យាយាមចោទប្រកាន់មកលើកម្ពុជា ថា បានអនុញ្ញាតឱ្យមានមូលដ្ឋានយោធាចិននៅលើទឹកដីរបស់ខ្លួន។
ការចោទប្រកាន់ទាំងនេះ ក៏ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ធ្លាប់បានបកស្រាយ និងបំភ្លឺជាច្រើនលើកច្រើនសារក៏ដោយ ថែមទាំងអនុញ្ញាតឱ្យអនុព័ន្ធយោធាបណ្ដាប្រទេសនានាចុះទៅពិនិត្យនៅមូលដ្ឋានសមុទ្ររាមទៀត ក៏បញ្ហានេះនៅតែជាមន្ទិលសង្ស័យពីសំណាក់ប្រទេសមហាអំណាច។ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា អតីតប្រមុខការពារជាតិ សម្ដេច ទៀ បាញ់ និងអតីតប្រមុខការបរទេស លោក ប្រាក់ សុខុន សុទ្ធតែបានបញ្ជាក់នូវការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជាឡើយ។

រាជរដ្ឋាភិបាលបច្ចុប្បន្ន ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដូចគ្នានេះដែរ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យមូលដ្ឋានទ័ពបរទេសនៅលើទឹកដីខ្លួនទេ ហើយកម្ពុជាគ្មានមហិច្ឆតា ឬគ្មានគោលគំនិត ហើយគ្មានភាពក្លាហាន ក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯងនោះទេ។ សម្ដេចធិបតី ក៏បានបញ្ជាក់ពីមិនឱ្យប្រើប្រាស់ប្រទេសកម្ពុជាជាមូលដ្ឋានប្រឆាំងនឹងប្រទេសណាមួយទេ កុំថាដល់មូលដ្ឋានទ័ព សូម្បីតែធ្វើសកម្មភាពផ្សេងៗប្រឆាំងប្រទេសណាមួយក៏កម្ពុជាមិនឱ្យនោះដែរ៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


