ព័ត៌មានជាតិ
ផ្លូវជាតិ ៤៨ កកស្ទះស្ទើររាល់ថ្ងៃ ដោយសាររថយន្តឡើងចំណោតមិនរួច
អំឡុងរដូវវស្សាឆ្នាំនេះ បានធ្វើឱ្យកំណាត់ផ្លូវជាតិលេខ ៤៨ មួយចំនួន មានសភាពរអិលខ្លាំង ប្រឈមនឹងគ្រោះថ្នាក់ ព្រមទាំងមានការកកស្ទះចរាចរណ៍ស្ទើរតែរៀងរាល់ថ្ងៃផងដែរ។ បញ្ហានេះ អ្នកនាំពាក្យក្រសួងសាធារណការ បានតប និងកំពុងជំរុញដល់ក្រុមហ៊ុនជួសជុលកែសម្រួល។

ត្បិតសមិទ្ធផលកសាងផ្លូវជាតិលេខ ៤៨ ត្រូវបានក្រសួងសាធារណការអះអាងថា សម្រេចបានជាង ៦០ ភាគរយហើយក៏ដោយ ក៏មានចំណុចមួយចំនួនជួបការលំបាកធ្វើដំណើរស្ទើររៀងរាល់ថ្ងៃអំឡុងខែវស្សានេះ ពិសេសចំណោតជ្រោះតាប៉ន ចំណោតហួសអាស្រមលោកយាយម៉ៅ ស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្រុមប្រជាពលរដ្ឋដែលជាម្ចាស់រថយន្ត លើកឡើងនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៤ នេះថា ផ្លូវជាតិ ៤៨ ត្រង់ចំណោតទាំង ២ ខាងលើ ពិតជាពិបាកចរាចរណ៍ មិនថារថយន្តតូច ឬធំឡើយ ខណៈវារអិលខ្លាំង ទំហំផ្លូវតូចចង្អៀត និងអ្នកបើកបរខ្លះមិនគោរពច្បាប់ចរាចរណ៍ដោយចេះតែចង់វ៉ាជែងគ្នាទៅមុខ ទោះបីជាឃើញសភាពកកស្ទះចរាចរណ៍យ៉ាងណាក្តី។

បញ្ហានេះដែរ ប្រជាពលរដ្ឋ និងអ្នកទេសចរ ស្នើដល់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាចុះពិនិត្យពីស្ថានភាពជាក់ស្តែង ដើម្បីរកវិធីសាស្ត្រដោះស្រាយសម្រួលជួសជុលផ្លូវដែលប្រឈមគ្រោះថ្នាក់ឱ្យបានទាន់ពេលវេលា និងមានសុវត្ថិភាព។ ការកកស្ទះចរាចរណ៍ បណ្តាលឱ្យចំណាយថវិកា ពេលវេលាច្រើន ព្រមទាំងប៉ះពាល់វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មទៀតផង។
កម្ពុជាថ្មី បានទាក់ទងទៅកាន់ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោយលោកបកស្រាយបំភ្លឺថា ផ្លូវជាតិលេខ ៤៨ កំពុងស្តារ និងលើកកម្រិតគុណភាព ហើយការដ្ឋានកំពុងមមាញឹកខ្លាំង ទោះបីជាស្ថិតអំឡុងរដូវវស្សាយ៉ាងណាក្តី។ ទន្ទឹមនោះ លោកនឹងជំរុញដល់ក្រុមការងារការដ្ឋាន ជីកកាយសម្រួលចាក់ថ្មតូច-ធំបន្ថែមលើចំណុចរអិលខ្លាំង ដើម្បីកាត់បន្ថយការរអិលផុងភក់ល្បាប់សម្រួលដល់ការធ្វើដំណើរជាបណ្ដោះអាសន្ន។

ប៉ុន្តែបែបនេះក្តី លោក ផន រឹម ក៏អំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ ៤៨ (ស្រែអំបិល-កោះកុង) ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងមេត្តាកុំដឹកធ្ងន់ពេក ដោយសារអំឡុងពេលនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោកជាំ ផ្លូវរអិលពិបាកធ្វើដំណើរ ជាពិសេសកន្លែងឡើងទួល និងចំណោត។ បន្ថែមនោះ លោក សុំការយោគយល់ និងអធ្យាស្រ័យចំពោះសាធារណជន ជាពិសេសអ្នកប្រើប្រាស់ផ្លូវជាតិលេខ ៤៨ អំឡុងខែភ្លៀងឆ្នាំនេះ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ






-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


