ព័ត៌មានជាតិ
អ្នកនាំពាក្យហៅបុគ្គល Samdach Seng Ratana ថាកំពុងស្ថិតក្នុងស្ថានភាព«ចាក់ទឹកលើក្បាលសត្វទា»
ម្ចាស់ហ្វេសប៊ុក Samdach Seng Ratana 007 ត្រូវបានអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចាត់ទុកថាកំពុងស្ថិតក្នុងស្ថានភាពដូចពាក្យចាស់ពោលថា «ចាក់ទឹកលើក្បាលសត្វទា»។ នេះ ក៏ព្រោះតែបុគ្គលម្នាក់នេះ នៅតែប្រឌិតព័ត៌មានមិនពិតជាច្រើនបន្ថែមទៀតពាក់ព័ន្ធនឹងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសម្តេចក្រឡាហោម ស ខេង បើទោះបីឧបនាយករដ្ឋមន្រ្តី ស សុខា និងសម្តេចក្រឡាហោម ស ខេង បានចេញមកបកស្រាយពីការពិតយ៉ាងណាក៏ដោយ។

លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ម្ចាស់ហ្វេសប៊ុក Samdach Seng Ratana 007 នៅតែបង្ហាញចេតនាច្បាស់ក្រឡែត មិនទទួលយកសច្ចធម៌ ហើយបន្តប្រើគំនិតស្មោគគ្រោក បំភ័ន្តសាធារណជន ដោយផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងសម្ដេចក្រឡាហោម ស ខេង ហើយជាអាទិ៍ គឺបំផុសបំផុលថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត មានផែនការកំចាត់ក្រុមគ្រួសារ សម្ដេចក្រឡាហោម។ លើសពីនេះ បុគ្គលរូបនេះ ថែមទាំងតាំងខ្លួនធ្វើចិត្តល្អ ផ្ដល់គំនិតឆ្កួតលីលាឱ្យក្រុមគ្រួសារសម្ដេចក្រឡាហោម រួមទាំងឯកឧត្តមអភិសន្តិបណ្ឌិត រត់ភៀសខ្លួនទៅទៀត។

ជាថ្មីម្តងទៀត ក្នុងនាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លោក រ៉េន រតនៈ បានប្រកាសបដិសេធចោលចំពោះព័ត៌មានប្រឌិតទាំងអស់នេះ។ បន្ថែមលើនេះ អ្នកនំាំពាក្យរូបនេះ បានលើកយក៤ចំណុចមកបញ្ជាក់ពីការពិត ឆ្លើយតបទៅនឹងការប្រឌិតព័ត៌មានរបស់បុគ្គលម្ចាស់ហ្វេសប៊ុនឈ្មោះ Samdach Seng Ratana 007។ ទី១. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ច្បាស់ហើយថា គ្មានឡើយការហ៊ុមព័ទ្ធផ្ទះសម្ដេចក្រឡាហោម រួមទាំងផ្ទះរបស់ឯកឧត្តម និងសូមឱ្យអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតទាំងឡាយបញ្ឈប់សកម្មភាពនេះជាបន្ទាន់!
ទី២. ឯកឧត្តមអភិសន្តិបណ្ឌិត តាមរយៈអ្នកនាំពាក្យ បានបញ្ជាក់ដោយម៉ឺងម៉ាត់ហើយថា ឯកឧត្តម មិនមែនជាមនុស្សប្រជែងមុខតំណែងនោះឡើយ ប៉ុន្តែ ឯកឧត្តមអភិសន្តិបណ្ឌិត គោរពការសម្រេចចិត្តរបស់អង្គមហាសន្និបាតគណបក្ស គោរពឋានានុក្រមការងារនៃរាជរដ្ឋាភិបាល ពិសេសគោរពតាមមាគ៌ាដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ដូចគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បញ្ជាក់ច្បាស់តាមរយៈអ្នកនាំពាក្យរួចរាល់ហើយដែរថា ក្នុងជីវិតនយោបាយជាង៥០ឆ្នាំមកនេះ សម្ដេចគ្មានបំណងអ្វីបន្តិចទាល់តែសោះក្នុងការធ្វើជានាយករដ្ឋមន្រ្តី ពីពេលនេះតទៅក៏ដូចគ្នា។
ទី៣. ក្រោមម្លប់ និងលំអានដ៏ឧត្តុង្គឧត្តមរបស់ចាស់ទុំក្នុងជួរគណបក្ស ជាពិសេសសម្ដេចតេជោ សម្ដេចក្រឡាហោម រួមទាំងឥស្សរជនជាច្រើនទៀត និងក្នុងស្មារតីមនោសញ្ចតនាដ៏ជ្រាលជ្រៅឥតគណនា ឯកឧត្តមអភិសន្តិបណ្ឌិត ក៏ដូចជាថ្នាក់ដឹកនាំបន្តវេនផ្សេងទៀតដែរ គឺ សម្ដេចធិបតី មិនត្រឹមតែជាប្រមុខរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជាបងប្រុសប្រកបដោយព្រហ្មវិហារធម៌ និងប្រកាន់ខ្ជាប់នូវក្ដីស្រលាញ់ប្រកបដោយភាតរចំពោះគ្នាទៅវិញទៅមកផងដែរ។ នេះជាឬសកែវនៃសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំរបស់គណបក្ស ក៏ដូចជារាជរដ្ឋាភិបាលទាំងមូល។
ទី៤. ចំពោះការតាំងខ្លួនធ្វើចិត្តល្អ ដោយបុគ្គលអនាមិក ម្ចាស់គណនី Samdach Seng Ratana 007 បានណែនាំឱ្យក្រុមគ្រួសារ ឯកឧត្តមអភិសន្តិបណ្ឌិត រត់ភៀសខ្លួនទៅក្រៅប្រទេស ឬរត់ចូលស្ថានទូតនានា គឺមិនខុសអ្វីពី«អ្នកលួចដាក់ថ្នាំបំពុលតាំងខ្លួនជាគ្រូពេទ្យនោះឡើយ»។ ផ្ទុយទៅវិញ ព័ត៌មានបំពុលបែបនេះ មិនមែនតែឯកឧត្តមអភិសន្តិបណ្ឌិត រួមទាំងក្រុមគ្រួសារនោះទេ សូម្បីតែសាធារជនទូទៅក៏មានអារម្មណ៍ខ្ពើមរអើមនឹងចេតនាអគតិរបៀបនេះដែរ។

អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត បានអំពាវនាវដល់សាធារជនទាំងក្នុង និងក្រៅប្រទេស កុំជឿទៅលើការផ្សព្វផ្សាយដោយបំភ័ន្តខួបប្រាំងខួបវស្សារបស់ក្រុមប្រឆាំង ពួកជ្រុលនិយមអគតិ រួមទាំងម្ចាស់គណនីអនាមិកឈ្មោះ Samdach Seng Ratana 007 និងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយលើបណ្ដាញសង្គម។ លោក រ៉េន រតនៈ យល់ថា ឧបាយកលបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាពីសំណាក់ក្រុមប្រឆាំង និងបុគ្គលអគតិ ពិតជាមិនបញ្ចប់ត្រឹមនេះទេ ប៉ុន្តែ លោកសង្កត់ធ្ងន់ថា សាមគ្គីភាពរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋ នឹងកាន់តែបន្តចាក់គ្រឹះរឹងមាំឡើងៗ ដើម្បីសម្រេចឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
លើកទី១ ដែលកងទ័ពថៃបារម្ភការផ្សព្វផ្សាយរបស់សារព័ត៌មានថៃអាចប៉ះពាល់ដល់ការចរចា JBC