ព័ត៌មានជាតិ
ចិន ផលិតនាវាចម្បាំងពិសេស២គ្រឿងឱ្យកម្ពុជា ដើម្បីពង្រឹងសមត្ថភាពការពារដែនសមុទ្រ
រដ្ឋាភិបាលចិន ផលិតនាវាចម្បាំងថ្មីពិសេសចំនួន២គ្រឿងឱ្យកម្ពុជា ដើម្បីពង្រឹងសមត្ថភាពក្នុងកិច្ចការពារដែនសមុទ្រ។ នេះបើតាមការបញ្ជាក់ឱ្យដឹងដោយអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ថា នាវាដែលចិនផ្តល់មកឱ្យកម្ពុជាមិនមែនជានាវា ដែលមកចូលចតនាពេលនេះទេ ប៉ុន្តែជានាវាធ្វើថ្មីពិសេសសម្រាប់កម្ពុជាចំនួន២គ្រឿង ប្រភេទ ០៥៦C ដែលគ្រោងនឹងរួចរាល់ និងប្រគល់មកឱ្យកម្ពុជានៅឆ្នាំ២០២៥ ឬយូរជាងហ្នឹង។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាដូច្នេះ ធ្វើឡើងក្រោយពីមានការចុះផ្សាយព័ត៌មានពីកាសែតបរទេសមួយ ថា រដ្ឋាភិបាលចិនត្រៀមផ្ទេរនាវាចម្បាំង២គ្រឿងឱ្យកម្ពុជានៅមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ។

បើតាមលោកស្រី ម៉ាលី សុជាតា ការផ្តល់នាវាពីសំណាក់ភាគីចិន ធ្វើឡើងតាមការស្នើសុំរបស់កម្ពុជា ក្នុងគោលបំណងតែមួយគត់ គឺដើម្បីពង្រឹងសមត្ថភាព និងលទ្ធភាពរបស់កម្ពុជា ក្នុងការការពារ រក្សាសន្តិភាព ស្ថេរភាព និងសន្តិសុខ ក៏ដូចជាការគាំទ្រទៅដល់ប្រតិបត្តិការស្វែងរក និងសង្គ្រោះ ព្រមទាំងសកម្មភាពមនុស្សធម៌ដទៃទៀតនៅលើលម្ហសមុទ្រ។ លោកស្រី ថា កម្ពុជា ក៏ធ្លាប់បានទទួលនូវការឧបត្ថម្ភជាច្រើនពីសំណាក់ដៃគូដទៃទៀតផងដែរ ដូចជា ការហ្វឹកហ្វឺន និងការផ្តល់គ្រឿងបរិក្ខា ជាដើម ហើយកម្ពុជាតែងស្វាគមន៍គ្រប់ភាគីទាំងអស់ដែលមានបំណងជួយកម្ពុជាពិតប្រាកដ។

អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ សង្កត់ធ្ងន់ថា កម្ពុជា ជារដ្ឋអធិបតេយ្យ ដែលមានសិទ្ធិពេញលេញក្នុងការកសាង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយដៃគូទាំងអស់ ដើម្បីបម្រើប្រយោជន៍ឱ្យប្រទេសជាតិ និងប្រជាជន ហើយកិច្ចសហប្រតិបត្តិការទាំងអស់នោះ សុទ្ធតែស្របតាមគោលបំណង និងគោលការណ៍នៃរដ្ឋធម្មនុញ្ញកម្ពុជា ពិសេសការគោរព និងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាព។ ផ្ទុយទៅវិញ កម្ពុជាមិនអនុញ្ញាតឱ្យកិច្ចសហប្រតិបត្តិការជាមួយដៃគូណាមួយ មកបំពានទៅលើរដ្ឋធម្មនុញ្ញរបស់ខ្លួននោះទេ ជាពិសេសការប៉ះពាល់ដល់អធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាព។ នេះជាបន្ថែមរបស់ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ដដែល៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


