Connect with us

ព័ត៌មានជាតិ

លោកស្រី ខែក កែមាលី ស៊ីសូដា ទទួលបានមេដាយឯកអគ្គរាជទូតឆ្នើម ពីប្រទេសចិន

បានផុស

នៅ

អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន លោកស្រី ខែក កែមាលី ស៊ីសូដា ទទួលបានមេដាយឯកអគ្គរាជទូតឆ្នើមពីរដ្ឋាភិបាលចិន ដែលមេដាយនេះ ត្រូវបានប្រគល់ដោយផ្ទាល់ពីលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបំពាក់មេដាយ ត្រូវបានធ្វើជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងរដ្ឋធានីប៉េកាំង ដែលនេះជាការប្រគល់មេដាយការទូតឆ្នើមជាលើកដំបូង ដោយរដ្ឋាភិបាលចិន តាមរយៈក្រសួងការបរទេសបានប្រគល់ដល់អតីតឯកអគ្គរដ្ឋទូតចំនួន៨រូប ដែលធ្លាប់បានបំពេញបេសកកម្មការទូតនៅចិន។

បុគ្គលដែលទទួលបានមេដាយនោះ ក្រៅពីលោកស្រី ខែក កែមាលី ស៊ីសូដា ដែលអតីតឯកអគ្គរាជទូតកម្ពុជា ក៏មានមកពីរុស្ស៊ី ប៉ាគីស្ថាន កាហ្សាក់ស្ថាន អារ៉ាប៊ីសាអ៊ូឌីត ឆាដ កូឡុំប៊ី និងអ៊ុយរ៉ាហ្គាយ។

ក្រសួងការបរទេសចិន បានឱ្យដឹងថា មេដាយនេះ គឺដើម្បីជាការតបស្នងចំពោះគុណបំណាច់របស់បណ្តាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសនានាប្រចាំនៅប្រទេសចិន ដែលកន្លងមក បានរួមចំណែកយ៉ាងឧត្តុង្គឧត្តមក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយចិន។

លោក វ៉ាង​ វិនពីន ឯកអគ្គរដ្ឋទូចចិនប្រចាំកម្ពុជា បានសម្ដែងការអបអរសាទរចំពោះលោកស្រី ខែក កែមាលី ស៊ីសូដា ដែលទទួលបានមេដាយការទូតឆ្នើម ដែលផ្តល់ដោយក្រសួងការបរទេសចិន។

«អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលលោកស្រី ខែក កែមាលី ស៊ីសូដា បានចូលរួមយ៉ាងសកម្មក្នុងការជំរុញផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា ក៏ដូចជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រជាជនទាំងពីរ។ គ្រឿងឥស្សរយយសខាងលើនេះមិនត្រឹមតែជាការបញ្ជាក់យ៉ាងច្បាស់អំពីការចូលរួមចំណែកផ្នែកការទូតរបស់លោកស្រីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញដ៏រស់រវើកចំពោះមិត្តភាពដែកថែបជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងចិនផងដែរ»។ លោក វ៉ាង វិនពីន បានសរសេរយ៉ាងដូច្នេះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃអង្គារនេះ។

គួរជម្រាបថា លោក​ស្រី ខែក កែមាលី ស៊ីសូដា ដែលអតីតគឺជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅចិន បច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ។ លោកស្រី បានកាន់តួនាទីជាឯកអគ្គរាជទូតនេះជាច្រើនរហូតដល់ឆ្នាំ២០២៤ តួនាទីនេះត្រូវបានជំនួសដោយលោកស្រី សឿង រដ្ឋចាវី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម