Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី៖ មិនអាចផឹកស្រវឹងបុកគេស្លាប់ហើយរួចខ្លួនដោយសារគេដកពាក្យបណ្តឹងទេ

បានផុស

នៅ

នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ប្រើអំណាចអធិបញ្ជារបស់ខ្លួនតាមច្បាប់ទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ប្តឹងទៅសាលាឧទ្ធរណ៍ជុំវិញអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងបុកមនុស្សស្លាប់៤នាក់ ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ៥ ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ​នៅថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ហាក់បីសម្តែងការមិនពេញចិត្តចំពោះការសម្រេចទោសនេះ និងបានចោទជាសំណួរថា ហេតុអ្វីតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារត្រឹម ៥ឆ្នាំចំពោះជនល្មើសដែលបានបុករះបណ្តាលឱ្យមនុស្សស្លាប់រហូតដល់ ០៤នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួសធ្ងន់ស្រាល។
សម្តេចធិបតី ថ្លែងថា៖«ទោះបីជាគ្រួសារសព៤នាក់ បានដកពាក្យបណ្តឹងរដ្ឋប្បវេណី ក៏មិនអនុញ្ញាតឱ្យអ្នកប្រព្រឹត្តរួចខ្លួនដែរ មិនអាចផឹកស្រវឹងបុកគេស្លាប់ហើយរួចខ្លួនដោយសារគេដកពាក្យបណ្តឹងនោះទេ ត្រូវតែប្តឹងទទួលទោសជាប់​ពន្ធនាគារ។ ការកាត់ក្តីនេះ សាលាដំបូងរាជធានីបានពន្យល់ថា កម្រិតស្ថានទម្ងន់ទោស​ដាក់អស់ហើយទៅតាមច្បាប់អនុញ្ញាត»។ សម្តេចបន្តថា៖« ព្រោះនេះជាការអនុវត្តយ៉ាងតឹងរឹង ដើម្បីឱ្យពិតប្រាកដ សូមឱ្យប្រគល់ភារកិច្ចឱ្យក្រសួងយុត្តិធម៌ ប្រើអំណាចអធិបញ្ជារបស់ខ្លួនតាមច្បាប់ ឱ្យគោលការណ៍ទៅព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ប្តឹងទៅឧទ្ធរណ៍ ដើម្បីពិនិត្យមើលការសម្រេចនេះធ្ងន់គ្រប់គ្រាន់ហើយឬនៅ ព្រោះបុក(ស្លាប់)រហូត ៤នាក់»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើថា ប្រសិនបើច្បាប់កម្ពុជាបច្ចុប្បន្នមិនទាន់គ្រប់គ្រាន់ក្នុងការសម្រេចក្តីបែបនេះ​ឱ្យមានស្ថានទម្ងន់ទោស ស្ថាប័នពាក់ព័ន្ធត្រូវតែពិភាក្សា និងធ្វើវិសោធនកម្មច្បាប់ឡើងវិញ ដើម្បីដាក់ទោសទណ្ឌឱ្យកាន់តែធ្ងន់ធ្ងរចំពោះគ្រោះថ្នាក់ចរាចរណ៍ប្រភេទនេះ។

សម្តេចសង្កត់ធ្ងន់ថា៖«តើច្បាប់យើងទម្ងន់គ្រប់គ្រាន់ឬនៅ ពិនិត្យមើលឡើងវិញ ហើយបើច្បាប់យើងអស់ត្រឹមហ្នឹង ត្រូវធ្វើវិសោធនកម្មច្បាប់ ដើម្បីឱ្យស្របតាមទម្ងន់ទោស។ បើច្បាប់មានស្រាប់យើងមិនអាចធ្វើអីលើសពីដែនកំណត់​ដែលមាននោះទេ ប៉ុន្តែយើងត្រូវពិនិត្យមើលបើសិនជាទម្ងន់នេះដាក់អស់ហើយ យើងត្រូវពិនិត្យមើលក្នុងការធ្វើវិសោធនកម្មច្បាប់ ដើម្បីស្ថានទម្ងន់ទោសទៅថ្ងៃក្រោយ ដើម្បីការពារកុំឱ្យមានរឿងបែបនេះតទៅទៀត។

ជុំវិញបញ្ហានេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានប្រាប់កម្ពុជាថ្មី យ៉ាងខ្លីថា ក្រសួងនឹងចាត់ចែងអនុវត្តតាមនីតិវិធីច្បាប់ ហើយក្រសួងនឹងធ្វើការផ្សព្វផ្សាយលម្អិតជូននៅពេលក្រោយ។

ការប្រតិកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ នាង សំអូន ភេទប្រុស អាយុ ៥៦ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ០៥ និងពិន័យជាប្រាក់ចំនួន២០ លានរៀល ពីបទ បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ ប្រព្រឹត្តនៅចំណុច ស្ពានឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ តុលាការជាន់ទាប បញ្ជាក់ថា ការសម្រេចនេះ ផ្អែកលើបទល្មើសព្រហ្មទណ្ឌដែលមានចែងនៅក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ជូនថា ករណីនេះ ទោះបីជាដើមបណ្តឹងរដ្ឋប្បវេណី ទាំងអស់បានទទួលសំណង និងដកពាក្យបណ្តឹងរួចហើយក៏ដោយ ក៏ចៅក្រមជំនុំជម្រះបានប្រកាសទោសដាក់ពន្ធនាគារក្នុងកម្រិតអតិបរមានៃទោសដែលច្បាប់បានកំណត់ និងបានប្រកាសទោសបន្ថែមលើជនជាប់ចោទឈ្មោះ នាង សំអូន ដោយហាមឃាត់ចំពោះការបើកបរយានយន្តគ្រប់ប្រភេទរយៈពេល ៥ឆ្នាំ បន្ទាប់ពីបានអនុវត្តទោសចប់គ្រប់ក្នុងពន្ធនាគារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម