Connect with us

ចរាចរណ៍

រឿងកងទ័ពជាប់ឃុំព្រោះគ្រោះថ្នាក់ចរាចរណ៍នៅស្រីស្នំ៖ អភិបាលខេត្តសៀមរាប បញ្ជាក់ថា កំពុងសម្របសម្រួលដោះស្រាយ

បានផុស

នៅ

ករណីមន្ត្រីយោធាម្នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យសិស្សស្រី២នាក់ រងរបួសធ្ងន់ នៅស្រុកស្រីស្នំ បានក្លាយជាប្រធានបទក្តៅនៅលើបណ្ដាញសង្គម និងទាក់ទាញការចាប់អារម្មណ៍ពីមហាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៦:៥៥នាទីល្ងាច ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លើកំណាត់ផ្លូវជាតិលេខ៦៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣១-៣២ ស្ថិតក្នុងភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ។

តាមសមត្ថកិច្ចឧបទ្ទវហេតុនេះកើតឡើងរវាងម៉ូតូ Honda Dream C125 បើកបរដោយក្មេងស្រីអាយុ១៤ឆ្នាំ និងមានសិស្សស្រីអាយុ១៣ឆ្នាំជិះរួមដំណើរ ជាមួយគោយន្តកន្ត្រៃម៉ាកគូបូតា ដែលបើកបរដោយលោក ជន់ ជួន អាយុ៣១ឆ្នាំ ជាមន្ត្រីយោធា។ ក្នុងនោះបណ្តាលឱ្យសិស្សស្រីទាំង២នាក់រងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកុមារអង្គរ។ ចំណែកអ្នកបើកបរគោយន្ត និងកុមារអាយុ៨ឆ្នាំដែលរួមដំណើរ មិនរងរបួសឡើយ បណ្ដាលឲ្យម៉ូតូខូចខាតធ្ងន់ ខណៈគោយន្តខូចខាតស្រាល។

សមត្ថកិច្ចបញ្ជាក់ថា ការសន្និដ្ឋានជាបឋមបង្ហាញថា អ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿន ខណៈគោយន្តបានឈប់នៅលើចិញ្ចើមផ្លូវដោយគ្មានភ្លើងបំភ្លឺ។

ក្រោយការស៊ើបអង្កេត សាលាដំបូងខេត្តសៀមរាប បានចេញដីកាចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ សម្រេចឃុំខ្លួនលោក ជន់ ជួន ជាបណ្តោះអាសន្ន ពីបទ «បើកបរដោយធ្វេសប្រហេស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច បណ្តាលឱ្យរបួសដល់អ្នកដទៃ»។

សមត្ថកិច្ចអះអាងថា ករណីនេះត្រូវបានអនុវត្តនីតិវិធីដោយតម្លាភាព និងយុត្តិធម៌ចំពោះភាគីទាំងសងខាង ដោយបានរាយការណ៍ទៅថ្នាក់ដឹកនាំ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មុនសម្រេចឃាត់ខ្លួនជនពាក់ព័ន្ធ បញ្ជូនទៅតុលាការតាមនីតិវិធី។

បន្ទាប់ពីមានការឃុំខ្លួន ករណីនេះបានផ្ទុះការពិភាក្សានៅលើបណ្ដាញសង្គម។ ក្នុងនោះ ស្នងការរងនគរបាលខេត្តសៀមរាបមួយរូប បានសរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ខ្ញុំក៏គោរពស្រឡាញ់វីរៈកងទ័ពដែរ តែខ្ញុំប្រឹងជួយអស់លទ្ធភាពហើយ»។

លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប

ជាការឆ្លើយតប លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបញ្ចេញមតិថា៖ «ពួកអូនបានធ្វើល្អហើយ ដំណោះស្រាយនៅមាន កុំតូចចិត្តអី បងកំពុងរកវិធីសម្របសម្រួលជួយហើយ»។

គិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីយោធារូបនេះនៅតែស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្តសៀមរាប ដើម្បីរង់ចាំការបន្តនីតិវិធី និងដំណោះស្រាយតាមផ្លូវច្បាប់រវាងភាគីពាក់ព័ន្ធ៕ អត្ថបទ៖កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម