ព័ត៌មានជាតិ
៦ខែឆ្នាំ២០២៦ កម្មករនិយោជិតជាង ៣,៨០០នាក់ ស្លាប់និងរបួសដោយជួបគ្រោះថ្នាក់ចរាចរណ៍ កើនឡើងជាងឆ្នាំមុន
នៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៦នេះមាន កម្មករ-និយោជិតជួបគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសជាង៣៤០០ករណីដោយមានជនរងគ្រោះជាង៣៨០០នាក់ បានស្លាប់ និងរបួសធ្ងន់ស្រាលក្នុងនោះមានអ្នកស្លាប់ជាង៦០នាក់មានការកើនឡើងបើធៀបទៅនឹងរយៈពេល៦ខែដូចគ្នាឆ្នាំ២០២៥ដែលមានត្រឹមតែជាង២៣០០ករណីប៉ុណ្ណោះ។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៤កក្កដានេះថា នៅឆមាសទី ១ ឆ្នាំ ២០២៦នេះ មានករណីកម្មករនិយោជិកជួបករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមានចំនួន ៣ ៤១១ករណីដោយមានជនរងគ្រោះសរុបចំនួន ៣ ៨៤៧នាក់ (ស្រី ២ ៥៧៣នាក់) ស្លាប់ចំនួន៦៣នាក់ របួសធ្ងន់ចំនួន ៩៧៨នាក់ និងរបួសស្រាលចំនួន ២ ៨០៦នាក់។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ
លោកបណ្ឌិតបានបញ្ជាក់ថាវក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ខាងលើ ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករនិយោជិត មានចំនួន ១០ករណីដោយមានជនរងគ្រោះសរុបចំនួន ២២៧នាក់ (ស្រី១៨៥នាក់) ស្លាប់ចំនួន ១៤នាក់ របួសធ្ងន់ចំនួន ៣៤នាក់ និងរបួសស្រាលចំនួន ១៧៩នាក់។
លោកបណ្ឌិតបានបន្តថា ចំនួននេះបើធៀបទៅនឹងរយៈពេល៦ខែដូចគ្នាឆ្នាំ២០២៥ កន្លងទៅឃើញថាមានការកើនឡើងតែចំនួនអ្នកស្លាប់ថយចុះ ដោយ៦ខែឆ្នាំមុនមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើកម្មករ-និយោជិតចំនួន ២ ៣០៩ ករណី ជនរងគ្រោះសរុប ២៩៧៧ នាក់ ស្រី ១៦៩១ នាក់ ក្នុងនោះ ស្លាប់ ៩០ នាក់ រងរបួសធ្ងន់ ៩១២ នាក់ និងរងរបួសស្រាល ១៩៧៥ នាក់។ក្នុងចំណោមករណីគ្រោះថ្នាក់លើរថយន្តដឹកទំនិញគ្រោះថ្នាក់ចំនួន ៤ ករណី ជនរងគ្រោះសរុប ៩៤នាក់ ស្រី៨៦នាក់ ក្នុងនោះ ស្លាប់១នាក់ រងរបួសធ្ងន់ ១១នាក់ និងរងរបួសស្រាល ៨២នាក់។

លោកបណ្ឌិត បានបន្តទៀតថា មានកត្តាសំខាន់មួយចំនួនដែលជំរុញឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក្នុងនោះ រួមមាន បើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ (បញ្ច្រាសទិស) កត្តាមិនគោរពសិទ្ធិអាទិភាព ការបត់មិនត្រឹមត្រូវ និងកត្តាយានយន្ត។
លោកបណ្ឌិត បានធ្វើការអំពាវនាវដល់កម្មករ-និយោជិត ទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងទាំងអ្នកធ្វើដំណើរដោយរថយន្តដឹកកម្មករ-និយោជិត ត្រូវគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុ និងក្រើនរំលឹកទៅកាន់អ្នកបើកបររថយន្តដឹកកម្មករ-និយោជិត ទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរផងដែរ

ដើម្បីកាត់បន្ថយការរងហានិភ័យដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវសម្រាប់កម្មករ-និយោជិតនេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធបានបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គមបាននិងកំពុង បន្តចុះអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករ-និយោជិត ជាពិសេសកម្មករ-និយោជិត ដែលធ្វើដំណើរតាមម៉ូតូ ជំរុញឱ្យពាក់មួកសុវត្ថិភាពឱ្យបានគ្រប់ៗ គ្នា។ ចុះអង្កេតសិក្សាស្រាវជ្រាវរកមូលហេតុចម្បងដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍មកលើកម្មករ-និយោជិត ឱ្យបានច្បាស់លាស់។

រៀបចំបទបង្ហាញជាមេរៀន វីដេអូណែនាំ ស្ពត និងជាសារសំឡេងសម្រាប់អប់រំផ្សព្វផ្សាយនៅតាមបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន និងតាមរយៈបណ្ដាញសង្គមនានា ដល់អ្នកបើកបរយានយន្តដឹកកម្មករ និង កម្មករ-និយោជិត ជាពិសេសកម្មករ-និយោជិត ដែលប្រើប្រាស់ម៉ូតូ កង់ និង ថ្មើរជើង ឱ្យបានយល់ដឹងច្បាស់ពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងជំរុញរថយន្តប្រភេទដឹកទំនិញ និងម៉ូតូសណ្តោងរ៉ឺម៉កដែលដឹកកម្មករ-និយោជិត ប្តូរមកប្រើប្រាស់រថយន្តប្រភេទដឹកអ្នកដំណើរ និងជំរុញរថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករ-និយោជិត ឈរ ឱ្យផ្លាស់ប្ដូរមកជារថយន្តប្រភេទដឹកអ្នកដំណើរ ឬ កែច្នៃឱ្យមានកៅអីអង្គុយ៕អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៤ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


