ព័ត៌មានជាតិ
រដ្ឋបាលក្រុងបាត់ដំបង ត្រៀមដាក់ធុងសំរាមជាង ២០០ សងខាងស្ទឹងសង្កែ នាពិធីបុណ្យអុំទូក
រដ្ឋបាលក្រុងបាត់ដំបង ត្រៀមដាក់ពង្រាយធុងសំរាមចល័តចំនួនជាង ២០០ ទីតាំង សម្រួលដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្តនាឱកាសបុណ្យអុំទូក បណ្តែតប្រទីប នាពេលខាងមុខ ដើម្បីឱ្យពួកគាត់ទុកដាក់សំរាមមានរបៀបរៀបរយ និងរក្សាបរិស្ថានល្អ។

លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានលើកឡើងថា ធុងសំរាមចល័តទាំងនេះ នឹងត្រូវដាក់សងខាងស្ទឹងសង្កែ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋទុកដាក់សំរាម ជៀសវាងបោះចោលពាសវាលពាសកាល ឬ បោះចូលស្ទឹង ធ្វើឱ្យប៉ះពាល់បរិស្ថាន។
លោកបន្ថែមថា នៅថ្ងៃបុណ្យអុំទូក ថ្ងៃទី ១ មានក្រុមអនាម័យបោសសម្អាតបរិស្ថានសងខាងស្ទឹងសង្កែ តាំងពីស្ពានថ្មថ្មី ដល់ស្ពានសម្តេចក្រឡាហោម នៅពេលយប់ និងយប់ នៃការបញ្ចប់ពិធីប្រណាំងទូក ថ្ងៃទី ២ ត្រូវនឹងថ្ងៃទី ១៦ និង ១៧ តុលា នឹងធ្វើការសម្អាតដូចគ្នា ដើម្បីធ្វើយ៉ាងណាឱ្យបរិវេណតាមបណ្ដោយស្ទឹងសង្កែ ក៏ដូចជាក្នុងក្រុងបាត់ដំបង គ្មានសំរាម និងមានបរិស្ថានល្អ។

លោកអភិបាលក្រុង បញ្ជាក់ថា ក្រៅពីរដ្ឋបាលក្រុងបាត់ដំបងពង្រាយធុងសំរាមរាប់រយ អ្នកគ្រប់គ្រង ស្តង់ ក៏មានរៀបចំបង្គន់ចល័តចំនួន ៤ កន្លែង ផងដែរ បន្ថែមលើបង្គន់សាធារណៈ ២ ទីតាំង មួយនៅមាត់ស្ទឹងត្រើយខាងលិចក្បែរសួនសម្តេចក្រឡាហោម ស ខេង និងមួយកន្លែងទៀត នៅក្បែរវេទិកាអុំទូក ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្ត។
លោក កត បូរាណ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានបញ្ជាក់ថា ខាងមន្ទីរបរិស្ថាន នឹងរៀបចំបដាធំៗ ចងផ្សព្វផ្សាយនៅតាមទីសាធារណៈ និងចាត់មន្ត្រីបរិស្ថានចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអ្នកលក់ដូរ និងអ្នកដើរលេងកម្សាន្តក្នុងពិធីបុណ្យអុំទូក ឱ្យវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងដាក់ចូលទៅក្នុងធុងសំរាម ដើម្បីចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា។

លោកប្រធានមន្ទីរបន្ថែមថា មន្ទីរបរិស្ថាន ក៏មានទូកសង្គ្រោះចំនួន ៦ ដើម្បីត្រៀមអន្តរាគមន៍ សង្គ្រោះដល់ក្រុមកីឡាករ កីឡាការិនី នៅពេលប្រណាំងទូកផងដែរ ព្រមទាំងត្រៀមសហការក្នុងការរក្សាបរិស្ថានអនាម័យជាមួយរដ្ឋបាលក្រុង ក្រុមហ៊ុនស៊ីនទ្រី និងស្ថាប័នពាក់ព័ន្ធតាមការណែនាំរបស់ថ្នាក់ដឹកនាំខេត្ត។
លោកប្រធានមន្ទីរបរិស្ថាន ក៏ដូចជាលោកអភិបាលក្រុងបាត់ដំបង ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកលក់ដូរ សូមធ្វើការវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងដាក់ចូលក្នុងធុងសំរាម ជៀសវាង បោះពាសវាលពាសកាល និងបោះចូលស្ទឹងសង្កែ ធ្វើឱ្យប៉ះពាល់បរិស្ថានផង និងបង្ហាញជាគំរូមិនល្អផង។

ទាក់ទងការចូលរួមសម្អាតបរិស្ថានក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីបខេត្តបាត់ដំបង រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ ១៧ ខែតុលា ឆ្នាំ ២០២៤ នេះ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានអំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ដែលរៀបចំកន្ទោង ប្រទីបធ្វើអំពីជ័រ ឬស្នោ ក្នុងរយៈពេលកន្លងមក ត្រូវរៀបចំជំនួសដោយការរៀបចំពីដើមចេក ស្លឹកចេក ស្លឹកត្នោត ឬប្រភេទស្លឹកឈើធម្មជាតិផ្សេងៗ វិញ។
ការប្ដូរទម្លាប់ដូច្នេះ ដើម្បីបង្ហាញពីការចូលរួមចំណែកលើកតម្លៃជាតិ តម្លៃវប្បធម៌ដូនតា និងបរិស្ថានសង្គម ជាពិសេសថែរក្សាអនាម័យបរិស្ថានប្រព័ន្ធអេកូឡូស៊ីឱ្យបានល្អប្រសើរ ដើម្បីប្រែក្លាយក្រុងបាត់ដំបងទៅជាទីក្រុងវៃឆ្លាត Smart City និងជាក្រុងដែលស្អាតបៃតង។
ពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងឆ្នាំនេះ មានប្រភេទទូកចម្រុះចូលរួមប្រកួតរួមមាន ទូកង ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមង ទូកផ្កាចារ និងនៅពេលរាត្រី ក៏មានការរៀបចំបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួច និងបណ្តែតប្រទីបនៅយប់ថ្ងៃបង្ហើយជាដើម៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


