ព័ត៌មានជាតិ
ប្រឡាយផ្លូវភ្លោះទៅប្រាសាទឯកភ្នំ ដុះព្រៃស៊ុបទ្រុប កំប្លោកកើតពេញណែន មិនទទួលការខ្វាយខ្វល់ពីអាជ្ញាធរ
ផ្លូវភ្លោះមួយខ្សែដែលមានប្រឡាយនៅចំកណ្ដាល ហើយក៏ជាផ្លូវដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរធ្វើដំណើរទៅកម្សាន្តនៅតំបន់រមណីយដ្ឋានប្រាសាទឯកភ្នំ ខណៈនៅសងខាងប្រឡាយហាក់ត្រូវបានគេបោះបង់ចោល ពោរពេញដោយព្រៃស៊ុបទ្រុប ឯក្នុងបាតប្រឡាយវិញមានតែត្រឹបនិងដើមកំប្លោកពេញណែនតែប៉ុណ្ណោះ។
ផ្លូវភ្លោះមួយខ្សែនេះ គឺកាត់ចេញពីរង្វង់មូលពោធិ៍ម៉ស្រី ឆ្ពោះទៅដល់ប្រាសាទឯកភ្នំ ដែលមានចម្ងាយប្រមាណ ៣.៥០០ ម៉ែត្រ និងឆ្លងកាត់សង្កាត់ស្លាកែត សង្កាត់ក្តុលដូនទាវ នឹងភ្ជាប់ជាមួយស្រុកឯកភ្នំតែម្ដង ហើយក៏ជាផ្លូវដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទៅកម្សាន្តនៅតំបន់រមណីយដ្ឋានប្រាសាទឯកភ្នំ។


រហូតមកទល់ពេលនេះ គេសង្កេតឃើញថា មិនមានការកាប់ឆ្ការព្រៃនៅសងខាងប្រឡាយ និងស្ដារកំប្លោកចេញពីបាតប្រឡាយសោះឡើយ ដែលបានប្រែក្លាយពីតំបន់ទាក់ទាញភ្ញៀវទេសចរទៅជាតំបន់ព្រៃទៅវិញ។
ជុំវិញបញ្ហានេះដែរ លោក ទួត រ៉ើន ចៅសង្កាត់ស្លាកែតបានលើកឡើងថា ប្រឡាយផ្លូវភ្លោះនេះគឺស្ថិតនៅក្នុងទឹកដីសង្កាត់របស់លោកតិចតួចតែប៉ុណ្ណោះ ប៉ុន្តែលោកក៏បានធ្វើសំណើទៅខាងមន្ទីរពាក់ព័ន្ធរួចហើយ ដើម្បីស្នើសុំឲ្យជួយស្ដារនិងសម្អាតព្រៃសងខាងប្រឡាយ ប៉ុន្តែនៅមិនទាន់មានចម្លើយឆ្លើយតបនៅឡើយទេ ដោយលោកយល់ថាវាពិតជាមានភាពស្ដុកពិតប្រាកដមែន ព្រោះវាជាផ្លូវដ៏សំខាន់មួយសម្រាប់ភ្ញៀវទេសចរទៅកម្សាន្តប្រាសាទឯកភ្នំ។
ដោយឡែក លោក ឯម ស៊ីនឿន ចៅសង្កាត់ក្តុលដូនទាវបានអះអាងយ៉ាងខ្លីថា៖ «ពាក្យថាគម្រោងស្ដារនិងសំអាត វាតែងតែប្រើប្រាស់លុយជាធំ ដោយឡែកមូលនិធិឃុំគឺទុកសម្រាប់ធ្វើផ្លូវតែប៉ុណ្ណោះ ដោយគ្មានគម្រោងទៅស្ដារកំប្លោកនិងឆ្ការព្រៃសងខាងប្រឡាយនោះឡើយ»។

ប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវភ្លោះបានលើកឡើងដែរថា នៅពេលបុណ្យទានម្ដងៗគឺមានភ្ញៀវទៅកម្សាន្តប្រាសាទឯកភ្នំស្ទើរតែស្ទះផ្លូវទៅហើយ ប៉ុន្តែសម្រាប់សោភ័ណភាពដងផ្លូវគឺគ្មានទាល់តែសោះ ដោយសារតែព្រៃទ្រុបទ្រុល និងបាតប្រឡាយសុទ្ធតែកំប្លោក ហើយក៏គ្មានអាជ្ញាធរយកចិត្តទុកដាក់ចុះពិនិត្យលើបញ្ហានេះឡើយ។
ពាក់ព័ន្ធនឹងរឿងនេះ កម្ពុជាថ្មីបានធ្វើការទំនាក់ទំនងតាមទូរសព្ទទៅលោក លាង វាសនា អភិបាលក្រុងបាត់ដំបង កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៤ ដើម្បីចង់ដឹងថាតើរដ្ឋបាលក្រុងមានផែនការឬគម្រោងណាមួយដើម្បីសំអាតបាតប្រឡាយ និងកាប់ឆ្កាព្រៃតាមមាត់ប្រឡាយដែរឬយ៉ាងណា ប៉ុន្តែលោកមិនទទួលទូរសព្ទឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


