Connect with us

ព័ត៌មានជាតិ

លោក ប្រាក់ សុខុន ក្លាយជារដ្ឋមន្ត្រីការបរទេស ជំនួសលោក សុខ ចិន្តាសោភា

បានផុស

នៅ

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ជំនួសលោក សុខ ចិន្តាសោភា ដោយសំឡេងគាំទ្រ ១១២សំឡេងនៃសមាជិករដ្ឋសភាទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ បានធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា ដឹកនាំដោយសម្ដេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួនពីររូប តាមសំណើរបស់រាជរដ្ឋាភិបាល គឺលោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី។

នេះជាការត្រឡប់មកកាន់តំណែងចាស់របស់លោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេស ដែលលោក បានកាន់តំណែងនេះតាំងពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣។ ជាថ្មីម្ដងទៀត លោក ប្រាក់ សុខុន ដែលបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគរាជធានីភ្នំពេញ និងមានតួនាទីជាអនុប្រធានទី១ ព្រឹទ្ធសភា បានត្រឡប់មកកាន់តំណែងចាស់របស់លោកវិញ ជំនួសលោក សុខ ចិន្ដាសោភា ដែលបានកាន់តំណែងនេះរយៈពេល១ឆ្នាំ៣ខែ នៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧។ ដោយឡែក លោក សុខ ចិន្តាសោភា នៅរក្សាតំណែងជាឧបនាយករដ្ឋមន្ត្រី។

ថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការស្នើកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលខាងលើ គឺដើម្បីប្រសិទ្ធភាពការងារកាន់តែខ្លាំងថែមទៀត ពោលគឺនឹងបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្តនយោបាយការបរទេស និងពាណិជ្ជកម្មកម្ពុជាលើឆាកអន្តរជាតិប្រកបដោយភាពបត់បែន និងអាចប្រែក្លាយបញ្ហាប្រឈមនានាទៅជាកាលានុវត្តភាពសម្រាប់លើកកម្ពស់ផលប្រយោជន៍ជាតិ។

ជាការកត់សម្គាល់ នេះជាលើកទី២ហើយ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ បានស្នើរដ្ឋសភា ដើម្បីកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ខណៈកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្លាស់ប្តូររដ្ឋមន្ត្រីចំនួន ២រូប គឺលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ត្រូវមកកាន់ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំនួសលោក សុខ សូកេន ដែលត្រូវកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ៕ អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម