ព័ត៌មានជាតិ
ប្រជាកសិករជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី តែងតែសង់ជម្រុកទុកដាក់ស្រូវ ដាច់ដោយឡែកពីផ្ទះស្នាក់នៅ
នៅខេត្តរតនគិរី ជនជាតិដើមភាគតិច តែងតែសង់ជម្រុកទុកដាក់ស្រូវដាច់ដោយឡែកពីផ្ទះសម្បែង នៅគ្រប់ភូមិ និងគ្រប់អំបូរ ដើម្បីសម្រាប់ទុកដាក់ស្រូវដែលប្រមូលផលបាន។ នៅតាមផ្លូវ ឬភូមិស្រុកនានា គេតែងប្រទះឃើញផ្ទះតូចមួយនៅជិតផ្ទះធំ ដែលជាលំនៅដ្ឋាន ដែលសន្មត់បានថា វា គឺជាជម្រុកស្រូវសម្រាប់ត្រៀមដាក់ស្រូវទុំដែលជិតដល់ថ្ងៃប្រមូលផលហើយ។ ការធ្វើជម្រុកស្រូវនេះ គឺមានមកតាំងពីបុព្វបុរសតពីដូនតានិយមធ្វើតៗគ្នាដរាបរៀងមក។

លោក ចំពូ តឹង ដែលជាប្រជាកសិករមួយរូបនៅក្នុងខេត្តរតនគិរី បានរៀបរាប់ថា ជម្រុកស្រូវ គឺសាងសង់ឡើងដោយមានបណ្តោយ៣ម៉ែត្រ ទទឹង២ម៉ែត្រ កម្ពស់១ម៉ែត្រកន្លះពីដី។ ជម្រុកទុកដាក់ស្រូវរបស់ប្រជាកសិករជនជាតិដើមភាគតិច សង់ជញ្ជាំងដោយដើមត្រែង។ ដើមត្រែងនេះ វា គឺជាស្មៅមានដើមរឹងមួយប្រភេទ ជាពួកបបុស មានកម្ពស់១ម៉ែត្រកន្លះ ស្លឹករបស់វាប្រហាក់ប្រហែលដូចស្បូវភ្លាំងដែរ។ តាមពិត រុក្ខជាតិនេះ មានអត្ថប្រយោជន៍សម្រាប់កែច្នៃសម្រាប់ធ្វើជាជញ្ជាំងជម្រុកស្រូវដោយយកវាទៅត្បាញបញ្ចូលគ្នា។

ដើមត្រែងនេះ វាដុះនៅតាមបឹងធម្មជាតិដែលនៅឆ្ងាយពីភូមិឋានប្រជាពលរដ្ឋ។ លោក ចំពូ តឹង និងសមាជិកគ្រួសាររបស់គាត់ ត្រូវដើររកបឹងដែលមានដុះដើមត្រែងនេះ ហើយកាប់វាដោយកាំបិត ចងជាបាច់ចំនួន៥បាច់ធំៗ ជញ្ជូនយកមកផ្ទះ។ បន្ទាប់មក ដាក់វាហាលថ្ងៃឱ្យស្ងួត៣ថ្ងៃ ហើយយកវាទៅត្បាញបញ្ចូលគ្នា។ ត្បាញរួចទុកមួយឡែកសិន ហើយទៅរកអាចម៍គោ៥ធុង និងរកអង្កាម និងភក់លៃឱ្យស្មើគ្នា រួចហើយជាន់ច្របល់លាយគ្នាឱ្យស្អិតល្មួតល្អ ទុកចោលរយៈពេលមួយសប្តាហ៍។ ក្រោយមក រកកាប់ដើមឫស្សី២ដើម ហើយជ្រៀកវាឱ្យប៉ុន២ធ្នាប់ដៃ ប្រវែង៥ ទៅ ៩ ម៉ែត្រ រៀបព័ន្ធឱ្យប៉ុនទំហំជម្រុកស្រូវ រួចយកល្បាយភក់ទុកចោលរយៈពេល មួយសប្តាហ៍នោះ ទៅបិទលើដើមត្រែងដែលត្បាញ និងក្រងរួច។ រួចហើយ ទុកឱ្យស្ងួត ហើយយកទៅដាក់ព័ទ្ធជុំវិញជម្រុកស្រូវ យកលួសសរសៃរតូចចង់ភ្ជាប់ ឬដុំដែកគោលសសរសម្រាប់សង់ជម្រុកស្រូវ ប្រវែង៣ម៉ែត្រ និងទៅរកអារក្តាបន្ទះ១០សន្លឹក សម្រាប់ក្រាលផ្ទៃខាងក្រោមជម្រុកស្រូវ និងរកស័ង្គសីមកប្រក់ដំបូល៩សន្លឹក។

ការធ្វើជម្រុកស្រូវនេះ មិនមែនជារឿងងាយស្រួលឡើយ ពោល គឺត្រូវធ្វើដោយយកចិត្តទុកដាក់ផ្ចិតផ្ចង់ ធ្វើឱ្យជាប់មាំល្អ ដែលជម្រុកស្រូវដែលធ្វើរួច អាចប្រើប្រាស់បានរយៈពេល១០ឆ្នាំទើបខូចខាត។ នេះបើតាមការរៀបរាប់ឱ្យដឹងរបស់លោក ចំពូ តឹង។ បើតាមចាស់ទុំនៅភូមិរបស់ជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី គឺវប្បធម៌ដូនតាមានជំនឿថា ស្រូវជាស្បៀងអាហារ មានព្រលឹង កាលណាស្រូតកាត់បោកបែនរួច ត្រូវដឹកជញ្ជូន ដោយគោយន្តមកដល់ផ្ទះ។ បន្ទាប់មក ត្រូវរៀបចំសែនសែនមាន់ ច្រូចស្រាពាង បួងសួងឱ្យស្រូវហូបទៅមិនងាយអស់ពីជម្រុក។ ទម្លាប់នេះ ក៏នៅតែបន្តនៅឡើយ ដោយនៅតាមភូមិនីមួយៗ តាមជនបទចុងកាត់មាត់ញក គ្រប់អំបូររបស់ជនជាតិភាគតិច នៅតែប្រកាន់យកតាមរបៀបនេះ ឥតកែប្រែនោះទេ៕


ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


