ព័ត៌មានជាតិ
ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ គឺផ្ដោតលើការផ្ដល់សេវាសាធារណៈល្អ រាស្ត្រស្រលាញ់គាំទ្រ
នៅថ្ងៃទី០៩ ខែធ្នូនេះ ជាទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតលើការផ្តល់សេវាសាធារណៈល្អ ពោលគឺកំណត់យកប្រធានបទ «សេវាសាធារណៈល្អ រាស្ត្រស្រលាញ់គាំទ្រ»។ សម្ដចធិបតី ហ៊ុន ម៉ាណែត ថា ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីលើកកម្ពស់ស្មារតីប្រយុទ្ធប្រឆាំងអំពើពុករលួយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា ស្របពេលព្រះរាជាណាចក្រកម្ពុជាដែលជារដ្ឋភាគី នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ កម្ពុជា បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ជារៀងរាល់ឆ្នាំ។ ក្នុងឱកាសអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២៤នេះ សម្ដេចធិបតី សម្តែងក្តីរីករាយ និងសូមចូលរួមជាមួយជនរួមជាតិ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល បណ្ដាគណបក្សនយោបាយ ជាពិសេសគ្រប់ស្ថាប័នជាតិ អបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីលើកកម្ពស់នូវស្មារតីប្រយុទ្ធប្រឆាំងអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់ សំដៅចូលរួមពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ក្រោមម្លប់សន្តិភាព និងកេរដំណែលដ៏មានតម្លៃបំផុតនៃស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ៦អាណត្តិកន្លងមក ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ននេះ ជាប្រធានព្រឹទ្ធសភា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានបន្តជ្រោងទង់ ថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាមួយនឹងឆន្ទៈសម្រេចឱ្យបានចក្ខុវិស័យ ជំរុញកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ។ ក្នុងនោះ រាជរដ្ឋាភិបាលបានលើកកម្ពស់ការអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ ពោលគឺការអភិវឌ្ឍស្ថាប័ន ការពង្រឹង អភិបាលកិច្ចល្អ និងការពង្រីកប្រសិទ្ធភាពការងារក្នុងវិស័យសាធារណៈ។ នេះជាការលើកឡើងរបស់សម្ដេចធិបតី នៅក្នុងសារលិខិតអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ។
សារលិខិតដដែលនេះ ក៏បានលើកឡើងបន្ថែមថា នៅដើមអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានលទ្ធផលធំៗ ដូចជាការរក្សាបាននូវកំណើនសេដ្ឋកិច្ច ការជំរុញ និងកៀរគរធុរជន និងការវិនិយោគ ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ព្រមទាំងការធ្វើកំណែទម្រង់គ្រប់វិស័យ រួមមាន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ យុត្តិធម៌ និងតុលាការ និងការគ្រប់គ្រងរដ្ឋបាលសាធារណៈ ដែលផ្តោតសំខាន់លើការចាក់គ្រឹះឱ្យកាន់តែរឹងមាំនៃគុណភាព ប្រសិទ្ធភាព ទំនើបកម្ម និងការអភិវឌ្ឍដោយចីរភាពយូរអង្វែង។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានពង្រឹងការអនុវត្ត និងពង្រីកក្របខ័ណ្ឌច្បាប់ រួមមានការពង្រឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយឆន្ទៈមុតស្រួច និងប្តេជ្ញាខ្ពស់តាមរយៈវិធានការស្នូលទាំង ៣ គឺការអប់រំ បង្ការទប់ស្កាត់ និងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ ការលើកកម្ពស់អភិបាលកិច្ចល្អ និងការត្រួតពិនិត្យផ្ទៃក្នុង។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងបរិការណ៍នៃការលំបាក និងដុនដាបសេដ្ឋកិច្ចរបស់ពិភពលោក និងស្ថានភាពមិននឹងនរនៃស្ថិរភាព និងសន្តិភាពពិភពលោកដែលកំពុងមាន សព្វថ្ងៃនេះ សម្ដេចធិបតី ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច ដឹងច្បាស់ថា នៅមានការងារច្រើនមុខ ច្រើនរឿង ច្រើនវិស័យទៀត ដែលត្រូវបន្តប្រឹងប្រែងជម្នះនូវរាល់ឧបសគ្គ ការលំបាក ការប្រជែង និងបញ្ហាជាច្រើនទៀត ដែលត្រូវតែប្រឈម និងសម្រេចឱ្យបាន ដើម្បីនាំនាវាកម្ពុជាដើរឆ្ពោះទៅកាន់ការអភិវឌ្ឍបន្ថែម និងការកសាងថ្មីៗ ដែលបម្រើជាពិសេសដល់ជីវភាពរស់នៅរបស់ពលរដ្ឋគ្រប់ជាន់ថ្នាក់ និងគ្រប់មជ្ឈដ្ឋានឱ្យកាន់តែល្អ ងាយស្រួល និងប្រសើរឡើងជាលំដាប់។
ក្នុងន័យនេះ សម្ដេចធិបតី មានជំនឿយ៉ាងមុតមាំថា ដរាបណាយើងទាំងអស់គ្នា ទាំងរដ្ឋ ទាំងឯកជន និងមហាជនទូទៅ រួបរួមគ្នាប្រឹងប្រែងក្រោមម្លប់តែមួយនៃ ជាតិ សាសនា ព្រះមហាក្សត្រនៃយើង នោះនឹងសម្រេចបាននូវគោលដៅរួម ដែលយើងទាំងអស់គ្នា ប៉ងប្រាថ្នាចង់បាននាពេលអនាគត។

សម្ដេចធិបតី បានយកទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ឆ្នាំនេះ ផ្តោតលើការផ្តល់សេវាសាធារណៈល្អ ដោយមាន ប្រធានបទ សេវាសាធារណៈល្អ រាស្ត្រស្រលាញ់គាំទ្រ ត្រូវបានជ្រើសរើសសំដៅលើកកម្ពស់ស្មារតី ពង្រឹងយន្តការគ្រប់គ្រង និង ផ្តល់សេវាសាធារណៈ ប្រកបដោយលក្ខណៈទំនើប និងតម្លាភាព ចៀសវាងនូវអំពើពុករលួយ ការបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬបំពានអំណាចក្នុងការអនុវត្តតួនាទី និងភារកិច្ច៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


