ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌជ្រោយចង្វារ បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំអាជីវករលក់ដូរលើចិញ្ចើមផ្លូវ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍
កាលពីព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ នេះ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌជ្រោយចង្វារ បានចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំដល់អាជីវករលក់ដូរតាមបណ្ដោយផ្លូវ កែវ ចិន្តា មុខផ្សារកសិផល ផ្លូវមហាវិថីវិមានឈ្នះឈ្នះ មិនឲ្យដាក់តាំងលក់ទំនិញ របស់របរ តាមផ្លូវបេតុង លើចិញ្ចើមផ្លូវ ត្រូវរក្សាចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងសោភ័ណភាព សណ្ដាប់ធ្នាប់តាមដងផ្លូវនៅតំបន់នោះផងដែរ។

ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ដោយអនុវត្តតាមបញ្ជាពី លោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ បានចាត់ឲ្យកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ចុះណែនាំដល់អាជីវករលក់ដូរដែលរំលោភលើចិញ្ចើមផ្លូវនៅបណ្ដោយផ្លូវ កែវ ចិន្តា និងមុខផ្សារកសិផល ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ និងចុះណែនាំអាជីវករប្រកបរបរលក់ដូរតាមម៉ូតូរ៉ឺម៉ក លក់ភេសជ្ជៈ បាយឆា មីឆា តាមបណ្ដោយផ្លូវមហាវិថីវិមានឈ្នះឈ្នះ មិនអនុញ្ញាតឲ្យដាក់តុ កៅអី លើ ការ៉ឺឡា ដែលជាផ្លូវសម្រាប់អ្នកថ្មើរជើង ដើម្បីសណ្ដាប់ធ្នាប់ឲ្យមានរបៀបរៀបរយ។

លោក ឈួន សុថាត អនុប្រធានកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពី លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ បានណែនាំជាប់ជាប្រចាំឲ្យចុះមើលសណ្ដាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ។

ជាក់ស្ដែងព្រឹកមិញនេះដែរ កម្លាំងបានចុះណែនាំដល់អាជីវករចំនួន ២ ទីតាំងផ្សេងគ្នា ដោយទី១.នៅតាមបណ្ដោយផ្លូវ កែវ ចិន្តា ផ្សារកសិផល និងទី២.ផ្លូវមហាវិថីវិមានឈ្នះឈ្នះ ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្ត្រខាងលើនេះ ក្នុងការជួយសម្រួលដល់ការធ្វើការ ធ្វើដំណើរ សម្រាប់អ្នកថ្មើរជើង និងបង្កភាពងាយស្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋតាមដងផ្លូវ និងលើកកម្ពស់សោភណភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់ស្អាត។

លោកក៏បានបញ្ជាក់ថា បើប្រជាពលរដ្ឋ និងអាជីវករ មិនអនុវត្ត អាជ្ញាធរ នឹងចាត់វិធានការរដ្ឋបាល ដកហូតសម្ភារៈ និងមិនអនុញ្ញាតឲ្យប្រកបរបរនៅទីនោះបន្តទៀតទេ។ ក្នុងនោះដែរ កម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយអនុវត្តទន់ភ្លន់ តែម៉ឺងម៉ាត់លើការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីបម្រើផលប្រយោជន៍ប្រជាជនភាគច្រើន មិនអាចឲ្យអ្នករកស៊ីមករំខាន ឬ រំលោភបំពានយកផ្លូវ និងចិញ្ចើមផ្លូវនោះទេ៕
អត្ថបទ ៖ សំណាង







-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


