ព័ត៌មានជាតិ
សម្ដេចធិបតី លើកទឹកចិត្ដសិស្សដែលប្រឡងធ្លាក់ ៖សូមកុំគិតថា«ជីវិតចប់ត្រឹមនេះ» និងមិនត្រូវសម្លាប់ខ្លួនឡើយ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តទៅដល់សិស្សានុសិស្សដែលប្រឡងធ្លាក់ កុំឱ្យគិតអវិជ្ជមានថា «ជីវិតចប់ត្រឹមនេះ» និងដាច់ខាតមិនត្រូវធ្វើសម្លាប់ខ្លួនឯងឡើយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈកម្រិត៣ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។

សម្ដេចធិបតី ថ្លែងលើកទឹកចិត្តសិស្សប្រឡងធ្លាក់ដូច្នេះ៖« ខ្ញុំសូមឱ្យប្អូនៗ ក្មួយៗទាំងអស់ ទាំងអ្នកនិទ្ទេសA អ្នកនិទ្ទេសB, C, D,E ឬមួយអ្នកមិនទាន់ជាប់ សូមប្រកាន់នូវផ្នត់ជីវិតវិជ្ជមានគ្រប់គ្នា។ សូមកុំគិតថាខ្ញុំប្រឡងមិនជាប់ ខ្ញុំអស់ហើយជីវិតនេះ មានតែស្ពានជ្រោយចង្វារ(ទៅសម្លាប់ខ្លួន)ទេ កុំ កុំឱ្យសោះ! ជីវិតការងារមានឡើង មានចុះ ថ្ងៃនេះយើងហេង មិនប្រាកដថាស្អែកយើងហេងទៀតទេ ត្រូវតែខំប្រឹង មូលដ្ឋានជាប់ដោយសារតែយើងខំប្រឹង»។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យសិស្សដែលប្រឡងជាប់បាននិទ្ទេសA ត្រូវតែបន្តខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត មិនត្រូវភ្លេចខ្លួន មិនត្រូវមានមោទនភាពនឹងនិទ្ទេសA រហូតលែងប្រឹងរៀនសូត្របន្ថែមឡើយ។ សម្ដេចធិបតី អះអាងថា បើបាននិទ្ទេសA ហើយមិនខំរៀនបន្តទៀត នោះបេក្ខជនជ័យលាភីនិទ្ទេសA អាចនឹងមិនទទួលបានលទ្ធផលមិនល្អ ឬធ្លាក់ជាដើម។ សម្ដេចបានលើកយកហេតុការណ៍ដែលបានកើតឡើងជាក់ស្ដែងមកពន្យល់បេក្ខជននិទ្ទេសA ថា កន្លងមក គឺមានបេក្ខជនប្រឡងបាក់ឌុបជាប់និទ្ទេសA ប៉ុន្តែប្រឡងចូលសិក្សានៅសាលាតិចណូ បែជាធ្លាក់ ទទួលបានលទ្ធផលមិនល្អ ចាញ់បេក្ខជនដែលបាននិទ្ទេសB ឬC ជាដើម។

តាមរយៈជំនួបជាមួយបេក្ខជនជ័យលាភីនិទ្ទេសA នៅព្រឹកនេះ សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បានណែនាំទៅកាន់សិស្សដែលប្រឡងបាក់ឌុបបាននិទ្ទេសB និទ្ទេសC និទ្ទេសD និទ្ទេសE ក៏មិនត្រូវមានផ្នត់គំនិតអវិជ្ជមាន គិតថាប្រឡងបាននិទ្ទេសប៉ុណ្ណឹង មិនបាននិទ្ទេស A ដូចគេ ខ្លួនមិនជោគជ័យ ឬចាញ់គេ ហើយទៅសម្លាប់ខ្លួន។ សម្ដេចបានលើកទឹកចិត្តឱ្យសិស្សដែលប្រឡងបាក់ឌុបបាននិទ្ទេសB និទ្ទេសC និទ្ទេសD និទ្ទេសE ត្រូវបន្តប្រឹងប្រែងរៀនសូត្របន្ថែមនៅថ្នាក់ឧត្ដមសិក្សាបន្តទៀត ដើម្បីទទួលបានជោគជ័យទៅថ្ងៃក្រោយ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គ្រាន់តែជាការប្រឡងដើម្បីវាស់ស្ទង់សមត្ថភាពសិស្សានុសិស្សមួយជំហានប៉ុណ្ណោះ មិនមែនជាការប្រឡងដើម្បីកំណត់ពីភាពជោគជ័យនៃជីវិតឡើយ។ សម្ដេចអះអាងថា ប្រឡងធ្លាក់ថ្ងៃនេះ ជីវិតមិនទាន់ចប់ត្រឹមហ្នឹងទេ ពោលគឺនៅមានជម្រើសជាច្រើនទៀត និងមានផ្លូវជាច្រើនទៀតត្រូវដើរឆ្ពោះទៅរកភាពជោគជ័យ។

សម្ដេច ហ៊ុន ម៉ាណែត បន្តលើកទឹកចិត្តសិស្សដែលប្រឡងធ្លាក់ដូច្នេះ៖« កុំយករឿង(ប្រឡង)មិនជាប់អីតិចតួច មិនបាននិទ្ទេស A ទៅជាអ្វីដែលទម្លាក់(បំបាក់ទឹកចិត្ត) ព្រោះគ្មានអ្នកណាទម្លាក់ផ្ដួលខ្លួនយើង ក្រៅពីខ្លួនយើងនោះទេ! ហើយក្មួយៗដែលមិនទាន់ជាប់ កុំអស់សង្ឃឹម នេះការវាស់ស្ទង់មួយទេ តែជីវិតយើងនៅវែងឆ្ងាយណាស់ មានជម្រើសផ្សេងៗទៀត យើងអាចទៅខិតខំប្រឹងប្រែង ដើម្បីប្រឡងតទៀត ក្មួយខ្លះត្រូវរៀនបរិញ្ញាបត្ររង ឬមួយទៅបណ្ដុះបណ្ដាលអីផ្សេងៗ ប៉ុន្តែជីវិតនៅមានច្រើនតទៅទៀត សូមកុំឱ្យលទ្ធផលមួយនេះ ក្លាយទៅជាឧបសគ្គរារាំងនូវការខិតខំប្រឹងប្រែងនៅខាងមុុខ។ នេះគឺជាអ្វីដែលពូសូមផ្ដាំក្មួយទាំងអស់»។
គួរជម្រាបជូនបន្តិចថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសដាក់ប្រើប្រាស់ជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលមានគោលដៅបណ្តុះបណ្តាលចំនួន១លាន៥សែននាក់។ កម្មវិធីនេះ បើកឱ្យយុវជនចូលរៀនជំនាញ ដោយមិនកំណត់ពីកម្រិតវប្បធម៌ ឬនិទ្ទេសឡើយ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


