Connect with us

ព័ត៌មានជាតិ

«ដងជ័រទឹក» ទោះជារបរមិនធំដុំ តែផ្តល់ចំណូល​សមរម្យដល់ជនជាតិដើមភាគតិចនៅមណ្ឌលគិរី ដើម្បីចិញ្ចឹមជីវភាពគ្រួសារ

បានផុស

នៅ

សម្រាប់ប្រជាពលរដ្ឋទូទៅ ជាពិសេស អ្នកនៅរាជធានីភ្នំពេញ ឬទីប្រជុំជននានា ប្រហែលជាមិនដែលលឺ ឬមិនដែលស្គាល់ទេនូវរបរមួយ​ប្រភេទហៅថា «ការដងជ័រទឹក»។ ប៉ុន្តែ សម្រាប់អ្នករស់នៅក្នុងខេត្តមណ្ឌលគិរី និយាយជារួម និងនិយាយដោយឡែកចំពោះជនជាតិដើមភាគតិចតែម្តង ប្រាកដជាស្គាល់ច្បាស់ណាស់នូវរបរមួយនេះ។ មិនត្រឹមតែស្គាល់ទេ សម្រាប់ប្រជាពលរដ្ឋជនជាតិដើមភាគតិចមួយចំនួន គឺរបរមួយនេះជារបរបន្ទាប់បន្សំ ដែលអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារថែមទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ដែម ញ៉ែវ មានអាយុ៤៦ឆ្នាំ រស់នៅភូមិទួល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាជនជាតិដើមភាគតិចព្នង បានឱ្យដឹងថា សព្វថ្ងៃនេះ លោកមានមុខរបរធ្វើស្រែចម្ការ ហើយពេលទំនេរពីស្រែចម្ការលោកតែងឆ្លៀតទៅដងជ័រទឹកនៅក្នុងព្រៃសហគមន៍របស់ខ្លួន។ ប៉ុន្តែ ទោះបីពេលខ្លះ មិនទាន់ប្រមូលផលស្រែចម្ការរួចទេ ក៏លោកអាចឆ្លៀតពេលទៅដងជ័រទឹកនៅពេលយប់ផងដែរដើម្បីបានប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារ។ លោកបន្តថា លោកតែងទៅប្រមូលអនុផលព្រៃឈើជ័រទឹកក្នុងព្រៃសហគមន៍របស់ខ្លួនក្នុងមួយសប្ដាហ៍ម្ដង ហើយត្រូវធ្វើដំណើដោយម៉ូតូចេញពីផ្ទះទៅព្រៃដើមជ័រនោះដែលមានចម្ងាយជាង២០គីឡូម៉ែត្រឯណោះ។

ពេលទៅដល់ព្រៃដើមជ័រនោះ លោកចាប់ផ្តើមដើដុតយកជ័រដូចសព្វដង ហើយដើមជ័រដែលដុតដូចនោះ សុទ្ធសឹងតែប្រភេទដើមឈើទាល។ ការដើរដុតដើមជ័រទម្រាំបានគ្រប់ចំនួនត្រឡប់មកផ្ទះវិញនោះ គឺខ្ទង់ប្រហែល៧០ដើមឯណោះទើបបានជ័រទឹកចំនួន២ទៅ៣កាន ហើយអាចយកទៅលក់ឲ្យឈ្មួញបាន។ កម្រៃដែលលោកទទួលបានពីកាប្រមូលផលដងជ័រទឹកនោះបានច្រើនគួរគួរសមចន្លោះ១៥ ដល់១៨ ម៉ឺនរៀល។ លោកបញ្ជាក់ថា ការចូលព្រៃដងជ័រទឹក មិនមែនជាកាងាយស្រួលប៉ុន្មាននោះទេ ប៉ុន្តែ មុខរបរដងជ័រមួយនេះ អាចជួយឱ្យកូនរបស់គាត់សិក្សាចប់ថ្នាក់ទី១២ចំនួន៣នាក់កន្លងមកហើយ។ ចំណែក ម្នាក់ទៀតបន្ទាប់ដែលជាកូនពៅកំពុងតែសិក្សាថ្នាក់ទី១២ និងប្រឡងបាក់ឌុបនៅឆ្នាំក្រោយ។ សម្រាប់លោក ដែម ញ៉ែវ ត្បិតថា ការងារជាកសិករមិនងាយស្រួល ប៉ុន្តែ លោកទៅដល់កសិករក៏ដូចជាអាជីវករផ្សេងទៀត ព្យាយាមតស៊ូក្នុងអាជីវកម្មបច្ចុប្បន្ន ព្រោះថាគ្មានការងារអ្វីងាយស្រួលនោះទេ៕

ដោយ ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម