ព័ត៌មានជាតិ
សហជីព និងកម្មករនិយោជិត ៖ ការដំឡើងប្រាក់ឈ្នួលអប្បបរមា ចាប់ពីខែមករា ឆ្នាំ២០២៥នេះ នឹងលើកទឹកចិត្តដល់កម្មករនិយោជិតប្រឹងប្រែងក្នុងការងារបន្ថែមទៀត
ភ្នំពេញ ៖ ការអនុវត្តប្រាក់ឈ្នួលអប្បបរមា ២០៨ដុល្លារ សម្រាប់កម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ និងកាបូប គឺបានអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥នេះហើយ ខណៈដែលកម្មករនិយោជិតសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាល ហើយចាត់ទុកថា គោលនយោបាយដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កម្មករនិយោជិតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី ខាន់ នារតី ជាកម្មករនិយោជិតនៅរោងចក្រ ស៊ីដស៍ ហ្កាមែន (ខេមបូឌា) បានគូសបញ្ជាក់នូវការអរគុណសម្រាប់ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងនិយោជក ជាពិសេសក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមា ២០៨ដុល្លារ នៅឆ្នាំ២០២៥នេះ ធ្វើឱ្យរូបគាត់សប្បាយចិត្តជាខ្លាំង ដោយសារប្រាក់ឈ្នួលអប្បបរមាថ្មីនេះ សំខាន់ណាស់សម្រាប់ជីវភាពរបស់កម្មករនិយោជិត ត្បិតឡើងមិនច្រើនពេក តែតួលេខនេះអាចទទួលយកបាន ហើយវានឹងក្លាយជាចំណូលប្រចាំខែថ្មីបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ខ្លួន បន្ថែមពីលើអត្ថប្រយោជន៍ផ្សេងៗទៀត ដែលកំពុងទទួលបានស្រាប់។

លោក ចាន់ ចំរើន ប្រធានសហជីពអភិវឌ្ឍន៍កម្មករកម្ពុជា បានលើកឡើងដែរថា ក្នុងនាមលោកជាតំណាងឱ្យកម្មករនិយោជិតក្នុងរោងចក្រទាំងអស់ លោកមានសេចក្ដីត្រេកអរជាខ្លាំង និងរំភើបជំនួសបងប្អូនកម្មករនិយោជិត ដែលទទួលបានកាដូឆ្នាំថ្មី២០២៥ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រួលដល់ទុក្ខលំបាករបស់បងប្អូនកម្មករនិយោជិត តាមរយៈការអនុវត្តនូវប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ចាប់ពីខែមករានេះតទៅ។

លោកប្រាប់ថា ប្រាក់ឈ្នួលថ្មីនេះជួយលើកទឹកចិត្តរបស់កម្មករនិយោជិតកាន់តែខិតខំប្រឹងប្រែងបន្តទៀត ហើយវានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងជីវភាពរបស់បងប្អូនកម្មករនិយោជិតនៅកម្ពុជា។ លោកថា មានកត្តាសន្តិភាពទើបធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជាអាចដំឡើងប្រាក់ឈ្នួលបានយ៉ាងទៀតទាត់ជារៀងរាល់ឆ្នាំ ហើយកម្មករនឹងកាន់តែសប្បាយចិត្ត។

ជាមួយគ្នានេះដែរ សហជីព និងកម្មករនិយោជិត បានសំណូមពរ និងអំពាវនាវដល់ម្ចាស់ផ្ទះជួល និងអ្នកលក់ដូរទំនិញគ្រប់ប្រភេទ កុំដំឡើងថ្លៃតាមការដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីនេះ សម្រាប់កម្មករនិយោជិត ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់ពួកគាត់មួយកម្រិតផងដែរ ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃរាជរដ្ឋភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញ នូវគោលនយោបាយច្បាស់លាស់ក្នុងការដំឡើងប្រាក់ឈ្នួលអប្បរមា និងផ្តល់អត្ថប្រយោជន៍ផ្សេងៗយ៉ាងសមរម្យ និងទៀងទាត់ដល់បងប្អូនកម្មករនិយោជិតនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នៅកម្ពុជា៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២២ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២២ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


