Connect with us

ព័ត៌មានជាតិ

ពលរដ្ឋតាម​ផ្លូវ​ទៅ​ភ្នំសំពៅ ស្នើ​​មគ្គុទេសជួយ​នាំទេសចរបរទេស​ បានស្គាល់អំពីតម្លៃផ្លែត្នោតនិងគ្រាប់ត្នោតរបស់ខ្មែរ

បានផុស

នៅ

ពលរដ្ឋ​មួយ​ចំនួន ដែល​មានមុខរបរកែច្នៃ​ផ្លែត្នោត​បាន​ស្នើ​ដល់មគ្គុទេសទេសចរណ៍ទាំងឡាយ ដែលនាំភ្ញៀវអន្តរជាតិ​ទៅកម្សាន្ត​នៅ​ភ្នំសំពៅ អាច​នាំភ្ញៀវបរទេសបានស្គាល់អំពីតម្លៃផ្លែត្នោតនិងគ្រាប់ត្នោតរបស់ខ្មែរ ព្រោះដើមត្នោតគឺជាអត្តសញ្ញាណរបស់ជាតិខ្មែរតាំងពីយូរលង់ណាស់មកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

   

ក្នុង​វ័យ ៣៧ឆ្នាំ លោក ពេជ្រ សុមល រស់នៅភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានរៀបរាប់ថា លោក​បានប្រកបមុខរបរកាប់គ្រាប់ត្នោតលក់ជាយូរឆ្នាំមកហើយ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥៧ មាន​ចម្ងាយ​ប្រមាណ ១៤ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបងហួសភ្នំក្រពើបន្តិច។

ពាក់ព័ន្ធ​មុខរបរប្រចាំថ្ងៃ លោក ពេជ្រ សុមល បាន​បញ្ជាក់ថា សព្វថ្ងៃនៅទីតាំង​ដែលលោកលក់គ្រាប់ត្នោត ក៏មានលក់ផលិតផលផ្សេងៗទៀត ប៉ុន្តែតូបនីមួយៗគឺយកគ្រាប់ត្នោតនិងផ្លែត្នោតជាស្នូល ដោយដាក់តាំងនៅពីមុខតូបទាំងធ្លាយៗ ព្រោះភ្ញៀវដែលធ្វើដំណើរតាមផ្លូវជាតិ ៥៧ ទៅកាន់ខេត្តប៉ៃលិន គឺអាចចូលទិញតូបណាមួយក៏ដោយសារតែឃើញផ្លែត្នោតនេះផងដែរ តែបើតូបណាគ្មានតាំងផ្លែត្នោតពីមុខទេ ក៏ភ្ញៀវមិនសូវចាប់អារម្មណ៍និងចូលទិញនោះដែរ។

ជាមួយគ្នានេះ លោកក៏សំណូមពរ​ដល់មគ្គុទេសទេសចរណ៍ទាំងឡាយ ដែលនាំភ្ញៀវអន្តរជាតិ​ទៅទស្សនា​សត្វប្រចៀវ​នៅភ្នំសំពៅ អាច​នាំភ្ញៀវ​ហួស​ទៅមុខប្រហែលមួយគីឡូម៉ែត្រ ដើម្បី​ឲ្យភ្ញៀវបរទេសបានស្គាល់អំពីតម្លៃផ្លែត្នោតនិងគ្រាប់ត្នោតរបស់ខ្មែរ ព្រោះដើមត្នោតគឺជាអត្តសញ្ញាណរបស់ជាតិខ្មែរតាំងពីយូរលង់ណាស់មកហើយ និងដើម្បីឲ្យមុខរបរកាប់គ្រាប់ត្នោតលក់មានទីផ្សារល្អផង ព្រោះគ្រាប់ត្នោតមានលក់តែចន្លោះខែធ្នូដល់ខែមិថុនាប៉ុណ្ណោះ បើ​ឈាន​ចូលដល់រដូវវស្សាគឺមិនសូវមានអ្នកឡើងត្នោតប៉ុន្មានឡើយ។

ដើមត្នោតគឺជាអត្តសញ្ញាណជាតិរបស់ខ្មែរ ហើយដើមត្នោតក៏អាចហុចផលឱ្យពលរដ្ឋខ្មែរយកមកកែច្នៃបានគ្រប់យ៉ាង។ ឧទាហរណ៍ត្រួយត្នោតយកមកដេរមួកពាក់ ស្លឹកត្នោតយកមកធ្វើជាកន្ទេលឬធ្វើជាដំបូលប្រក់ផ្ទះ ផ្កាត្នោតគាបធ្វើជាទឹកត្នោតនិងរំងាស់ជាស្ករ ផ្លែត្នោតកាប់យកគ្រាប់បរិភោគ ធាងត្នោតឬគាវត្នោត យកដំវេញធ្វើជាខ្សែ និងដើមត្នោតយកធ្វើជាទូក​ជាដើម។

គ្រាប់ត្នោតខ្ចីគឺជាមុខបង្អែមម្យ៉ាង ដែលពលរដ្ឋ​មួយ​ចំនួន​និយមយកទៅបរិភោគភ្លាមៗ ឬក៏យកទៅកែច្នៃជាបង្អែមផ្សេងៗទៅតាមតម្រូវការរៀងៗខ្លួន។ ដោយឡែក​អ្នកប្រកបមុខរបរឡើងកាប់ផ្លែត្នោតពីលើដើមចុះមក ក៏ជាមុខជំនាញច្បាស់លាស់​ផងដែរ ព្រោះបើមិនដូច្នោះទេអាចកាត់ប៉ះចំផ្លែខ្ចីឬផ្លែចាស់ជ្រុល ក៏មិនអាចយកមកទទួលទានបានដែរ។

បើតាម លោក ពេជ្រ សុមល ផ្លែត្នោតដែល​លោក​យកមក​លក់​គឺ​​លើកយកពីគេ​មកកាប់លក់ ដោយការទិញចូលក្នុងមួយផ្លូនទៅតាមរដូវដែលសំបូរឬខ្សត់ខ្សោយ បើសម្បូរមួយផ្លូន ២ ម៉ឺនរៀល (១ ផ្លែ មានគ្រាប់ ៣) តែបើខែដែលមិនសូវមានគឺមួយផ្លូវតម្លៃ ៤ ម៉ឺនរៀល

ការ​លក់​វិញ លោក ពេជ្រ សុមល ​ប្រាប់​ថា កាប់យកគ្រាប់ត្នោតច្រកថង់លក់ក្នុងមួយថង់ ១ ម៉ឺនរៀលដែលក្នុងនោះមានគ្រាប់ត្នោត ចាប់ពី ១៣ ដល់ ២០ គ្រាប់ ក៏ទៅតាមរដូវកាលដែលសម្បូរឬខ្សត់ខ្សោយយ៉ាងដូច្នេះដែរ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម