ព័ត៌មានជាតិ
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
ប្រធានសមាគមទេវ សក្ខី ភគវន្ត ដែលតាំងខ្លួនឯងជាសាស្តានោះបានចាត់ទុកអ្នកដែលប្រតិកម្មលើការលើកឡើងរបស់ខ្លួនដែលថាបួសជាសង្ឃទម្ងន់ដល់អ្នកស្រុក និងព្រះត្រៃបិដកមិនគ្រប់ទឹកគឺជាមនុស្សល្ងង់ និងអគតិ ហើយឱ្យទៅស្ដាប់ការការនិយាយរបស់ខ្លួនឡើងវិញ។

ទោះបីជាមានប្រតិកម្មពីព្រះសង្ឃចំពោះការលើកឡើងប្រមាថដល់ព្រះសង្ឃយ៉ាងណាក្ដីក៏បុគ្គលដែលមិនដែលបញ្ចេញឈ្មោះពិតរបស់ខ្លួននេះ មិនសុំទោសដែរដោយនៅប្រកាន់ថាការលើកឡើងរបស់ខ្លួនគឺត្រឹមត្រូវ។
ក្នុងវីដេអូដែលបានបង្ហោះលើហ្វេសបុកឈ្មោះ សន្ដិអមតៈ នៅព្រឹកថ្ងៃទី២៨ ខែមករា បុគ្គលខាងលើបាននិយាយថា៖ «ដឹងហើយថាមនុស្សមួយចំនួនគឺមានសតិបញ្ញាខ្សោយ។ ខ្ញុំក៏មិនបន្ទោសដែរ តែអ្នកគួរតែរក្សានូវសេចក្ដីថ្លៃថ្នូរ និងសណ្ឋាប់ធ្នាប់ក្នុងសង្គមដោយជៀសវាងអំពីជម្លោះព្រោះសេចក្ដីល្ងង់របស់ខ្លួន»។
ការលើកឡើងរបស់ជនខាងលើនេះគឺបន្ទាប់ពីព្រះសង្ឃមានប្រតិកម្មជាបន្តបន្ទាប់លើការលើកឡើងរបស់គាត់ដែលបាននិយាយថា ព្រះសង្ឃបួសក្លាយជាទម្ងន់ អំពល់ទុក្ឋដល់ពុទ្ធបរិស័ទ និងត្រូវបានបង្ហោះកាលពីថ្ងៃទី២៣ ខែមករា កន្លងទៅ។

ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានបង្ហោះលើហ្វេសបុកផេករបស់ព្រះអង្គដោយមានសង្ឃដីកាថារឿងបួសមិនកើតជារឿងរបស់ខ្លួនឯងមិនគួរយករឿងនេះមកបង្អាប់បង្អោនព្រះសង្ឃទេ ខណៈព្រះធម្មវិជ្ជា ជួន កក្កដា គង់នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ ការលើកឡើងរបស់បុគ្គលខាងលើគឺខុសធ្ងន់ណាស់ ហើយថែមទាំងមើលងាយដល់សុទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ជាន់ឈ្លីពុទ្ធវចនមើលងាយអ្នកប្រាជ្ញរបស់ខ្មែរក្រុមជំនុំព្រះត្រៃបិដក ដែលលោកខិតខំប្រឹងដើម្បីព្រះត្រៃបិដកនេះឡើងទៀត។
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ពុទ្ធិកសមាគមកម្ពុជរដ្ឋបានសេចក្ដីថ្លែងការណ៍មួយដោយបង្ហាញនូវក្ដីបារម្ភចំពោះបុគ្គលដែលហៅខ្លួនឯងថាជា សាស្តា សក្ខី ភគវន្ត តាំងខ្លួនជាអ្នកពន្យល់ធម៌ដោយប្រាសចាកខ្លឹមសារដើមនៃព្រះពុទ្ធវចនៈ និងបានព្យាយាមនិយាយបំភាន់ជំនឿ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះរតនត្រ័យ។
ក្នុងសេចក្ដីថ្លែងការណ៍នោះបានលើកឡើងបន្ថែមថា៖ «បុគ្គលរូបនេះ បានហៅខ្លួនឯងថា សាស្តា សក្ខី ភគវន្ត មានគំនិត ទុច្ចរិតអាក្រក់ និយាយបកស្រាយបំភាន់ បានប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះព្រះពុទ្ធវចនៈ ព្រះត្រៃបិដកខ្មែរ ចង់បំបែកបំបាក់ ជំនឿ របស់ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរ ដែលកំពុងស្ថិតនៅក្នុងសុខដុមនីយកម្មសាសនា ក្រោមម្លប់សន្តិភាពដ៏សុខសាន្តក្នុងព្រះរាជាណាចក្រកម្ពុជា ដែលព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងគោរពប្រតិបត្តិ លើកស្ទួយនិងយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ជាទីបំផុត»។

ពុទ្ធិកសមាគមកម្ពុជរដ្ឋអំពាវនាវដល់ក្រសួងធម្មការ និងសាសនា រួមទាំងគណៈសង្ឃនាយកទាំងពីរគណៈ ធ្វើការកោះហៅបុគ្គលរូបនេះមកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក ឆាត សុឆេត ប្រាប់កម្ពុជាថ្មីកាលពីថ្ងៃទី២៧ ខែមករាថា ក្រសូងកំពុងពិនិត្យវិធានការលើបុគ្គលនេះហើយ។
រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៤៣ កថាខណ្ឌទី៣បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ បន្ថែមលើនេះក្រមព្រហ្មទណ្ឌកម្ពុជាក៏បានការពារដល់សាសនារបស់រដ្ឋនេះផងដែរ។ ក្នុងមាត្រា ៥១៦ នៃក្រមព្រហ្មទណ្ឌ ការប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី អាចប្រឈមនឹងដាក់ទោសពន្ធនាគារពី ១ថ្ងៃទៅ៦ថ្ងៃ និងពិន័យជាប្រាក់ពី ១ពាន់រៀល ដល់១សែនរៀល៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C