Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ព្រះ​ពុទ្ធសាសនា​គឺ​ជា​មាគ៌ា​មួយ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​សាមគ្គីភាព ភាតរភាព និង​រក្សា​សន្តិភាព

បានផុស

នៅ

​ឧបនាយករដ្ឋមន្ត្រី​ ហង់ជួន ណារ៉ុន មាន​ប្រសាសន៍​ថា​ បញ្ហា​ក្នុង​ពិភព​លោក​បច្ចុប្បន្ន​នេះ​ ធ្វើ​ឱ្យ​មនុស្ស​រស់​នៅ​មិន​ចុះ​សម្រុង​ គ្មាន​ការ​យោគយល់​ បង្កើត​ជា​បញ្ហា​សង្គម​ សេដ្ឋកិច្ច និង​សាសនា​ទៀត​ផង​។ លោក​ថា​ការ​កសាង​បាន​នូវ​សាមគ្គី​ភាព ភាតរភាព និង​សន្តិភាព​ គឺ​ជា​រឿង​ដែល​សំខាន់​សម្រាប់​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​ ដែល​នេះ​គឺ​ជា​មាគ៌ា​ដ៏​សំខាន់​របស់​ព្រះពុទ្ធសាសនា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​ក្នុង​ទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ ឆ្នាំ​២០២៦ ព្រឹក​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២៦​នេះ នៅ​សាល​សន្និសីទ​ចតុម្មុខ លោក​ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន មាន​ប្រសាសន៍​ថា ទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ នា​ពេល​នេះ សមស្រប​ទៅ​នឹង​បរិបទ​នៃ​ពិភពលោក​បច្ចុប្បន្ន កំពុង​ប្រឈម​នឹង​វិបត្តិ​ជា​ច្រើន​ដូចជា​ ជម្លោះ​ប្រដាប់​អាវុធ សង្គ្រាម​សេដ្ឋកិច្ច ការ​បម្រែបម្រួល​អាកាសធាតុ​ ភាព​ឡើង​កំដៅ​នៃ​ភូមិ​សាស្ត្រ​នយោបាយ​ ភាព​ផុយ​ស្រួយ​នៃ​ជម្លោះ​សាសនា ការ​បំពុល​បរិស្ថាន​ ជំងឺឆ្លង និង​គម្លាត​សង្គម ធ្វើ​ឱ្យ​មនុស្ស​រស់នៅ​មិន​មាន​ភាព​ចុះ​សម្រុង​ និង​មិន​យោគយល់​គ្នា ព្រមទាំង​បង្ក​ភាព​រាំង​ស្ទះ​ដល់​ការ​រីកចម្រើន​របស់​សង្គម ហើយ​វិបត្តិ​ទាំង​នោះ ​បាន​ក្លាយ​ជា​បញ្ហា​រួមនៅក្នុងសង្គម ក្នុងតំបន់ ក៏ដូចជាពិភពលោក ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់​សង្គម សេដ្ឋកិច្ច និងវិស័យសាសនាទៀតផង។


លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ ព្រះពុទ្ធសាសនា គឺជា​មាគ៌ា​មួយ​ដ៏​សំខាន់​ក្នុងការ​បង្កើត​នូវ​សាមគ្គីភាព ​ភាតរភាព និង​រក្សាសន្តិភាព​ តាមរយៈ​ការ​ផ្តល់​ឱវាទ​ដោយ​ផ្អែក​លើ​ព្រហ្មវិហារធម៌ ​សង្គហធម៌ និង​មាគ៌ាកណ្តាល ដែលអាចជួយឱ្យបុគ្គល គ្រួសារ សង្គម និង​ពិភពលោក​ប្រកាន់​យក​នូវ​វប្បធម៌​អហិង្សា ការ​គោរព​អធ្យាស្រ័យ​យោគយល់​គ្នា​ខ្ពស់​ ការ​ប្រកាន់​យក​នូវ​សីលធម៌​រស់នៅ​ល្អ សុខដុមរមនា ដែល​ជា​ឧបករណ៍​ចាំ​បាច់​សម្រាប់​សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុង​ឱកាស​នោះ​លោក​ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បាន​ផ្ដល់​នូវ​ទស្សនាទាន​មួយ​ចំនួន​ដែល​មាន​ដូច​ជា​ ការ​ជំរុញ​បំផុស​ប្រធាន​បទ​​នៃ​ទិវា​ពុទ្ធសាសនា​ពិភព​លោក​នា​ថ្ងៃ​នេះ​ឱ្យ​បាន​ទូលំទូលាយ​ប្រែ​ក្លាយ​ជា​សកម្មភាព​ជាក់​ស្ដែង​ដើម្បីធានា​សុខដុម​រមនា​នៅ​ក្នុង​សង្គម និង​សន្ដិភាព​សម្រាប់​ពិភព​លោក។ ការ​ចូលរួម​អភិវឌ្ឍ​ព្រះ​ពុទ្ធសាសនា​ឱ្យ​កាន់​តែ​រីក​ចម្រើន ដោយ​លើក​កម្ពស់​តួនាទី​ព្រះពុទ្អ​សាសនា​ក្នុង​សង្គម​តាម​រយៈ​ការ​អប់រំ​លើក​កម្ពស់​សីលធម៌​សង្គម និង​សុខភាព​ផ្លូវ​ចិត្ត​របស់​ប្រជាជន​​។ ជំរុញ​ការ​យល់​ដឹង​របស់​ពលរដ្ឋ​ចំពោះ​ព្រះ​ពុទ្ធសាសនា​ឱ្យ​បាន​ស៊ីជម្រៅ និង​គោរព​ប្រតិបត្តិ​ត្រឹមត្រូវ និង​ការ​បន្ត​រក្សា​សាមគ្គីភាព​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​រក្សា​នូវ​ឧត្តម​ប្រយោជន៍​ជាតិ​។


​គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ ទិវា​ព្រះ​ពុទ្ធសាសនា​អន្តរជាតិ​ ក្នុង​ឆ្នាំ​២០២៦​នេះ ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធាន​បទ​ «ពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាព តាមរយៈមាគ៌ាព្រះពុទ្ធសាសនា»។ ទិវា​នេះ​ត្រូវ​បាន​រៀប​ចំ​នៅ​សាល​សន្និសីទ​ចតុម្មុខ​ ដោយ​មាន​ការ​យាន​និមន្ត្ត និង​អញ្ជើញ​ចូលរួម​ពី​ សម្ដេច​ព្រះអភិសិរីសុគន្ធា​មហាសង្ឃ​រាជា​ធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា, សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេច​ព្រះសង្ឃ​នាយក គណៈមហានិកាយ សម្តេចសង្ឃ​ព្រះសង្ឃនាយករង សម្ដេច​ព្រះរាជាគណៈ​ ព្រះមន្រ្តីសង្ឃ,មន្ត្រី​រដ្ឋាភិបាល តំណាង​អង្គទូត និង​ តំណាង​សាសនិក​គ្រប់​សាសនា ព្រម​ទាំង​និស្សិត​សរុបចំនួនជាង៩០០អង្គ/នាក់។

ពិធី​នេះ​ក៏​មាន​ការ​ឡើង​អាន​ព្រះរាជសារ​ថ្វាយ​ព្រះពរ​ព្រះ​មហាក្សត្រ​ដោយ​សម្ដេច​សង្ឃ​ទាំង​ពីរ​គណៈ និង​ការ​ឡើង​អាន​ព្រះ​រាជសារ​ព្រះមហាក្សត្រ​ និង​សុន្ទរកថា​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​លោក ចាយ បូរិន ផង​ដែរ៕






អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​

​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម